ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤​  ព្រះតេជៈគុណ សាំង រិទ្ធី ត្រូវបានចៅ​អធិការវត្ត​ដំរីស ព្រះនាម ផុន សុខគា បណ្តេញចេញទាំងយប់ក្រោយពេលព្រះអង្គបានចូលរួមដើរធម្មយាត្រា​ផ្សព្វផ្សាយ​សីល៌ប្រាំ ក្នុងថ្ងៃរំលឹកខួបលោក បណ្ឌិត កែម ឡី។ ព្រះចៅ​អធិការវត្ត​ទុក​រយៈពេល​៣ថ្ងៃ​ដើម្បី​ឲ្យ ព្រះតេជៈគុណ សាំង រិទ្ធីរើអ៊ីវ៉ាន់​ចាកចេញ​ និងកំណត់ថាព្រះតេជៈគុណ សាំង រិទ្ធី​ដាច់ខាត​ត្រូវតែ​ចាកចេញ​ពី​វត្តត្រឹមយប់ម្សិលមិញ។

ព្រះតេជៈគុណ សាំង រិទ្ធី មានសង្ឃដីកាប្រាប់ Newsroom Cambodia  ក្នុងថៃ្ងទី១៦ ខែកក្កដា​ ឆ្នាំ​២០២៤ ថា ព្រះចៅអធិការវត្តយល់​ឃើញ​ថាសកម្មភាពធ្វើធម្មយាត្រា​របស់ព្រះអង្គ​គឺជាសកម្មភាព​បម្រើឱ្យគណបក្ស។

ព្រះតេជៈគុណបានលើកឡើងថា៖​​​​​​​​​​​​​​​​​​​​​​​​«ព្រះសង្ឃលោកបានបណ្តេញចេញ ឃើញអាត្មាបានដង្ហែរ​ធម្ម​យាត្រា​នឹង លោកគិតថាបម្រើជាបក្សទៅវិញពរ ហើយលោកមិនបានគិតវែងឆ្ងាយទេ លោកគិត​ផល​អវិជ្ជមានសម្រាប់អាត្មា ហើយក៏បានបណ្តេញអាត្មាចេញ»។

ព្រះតេជៈគុណបន្តទៀតថា ខ្លួននឹងនៅតែបន្តទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពរបស់ព្រះអង្គមកវិញ ខណៈពេលដែលព្រះតេជៈគុណថាព្រះចៅអធិការបានរំលោភសិទ្ធិរបស់ព្រះអង្គ។

ព្រះអង្គបានលើកឡើងថា៖«អាត្មានៅបន្តវិធានការទាមទារយុត្តិធម៌ សិទ្ធិសេរីភាពសម្រាប់អាត្មា លោក​បានរំលោភសិទ្ធិលើអាត្មាជាច្រើន ហើយបានចោទប្រកាន់អាត្មាថាធ្វើទៅខុសច្បាប់នេះ ខុសច្បាប់នោះ ទាំងអត់មានច្បាប់ជាសំអាងពរ អាត្មាត្រូវទាមទាររកសិទ្ធិសេរីភាពអាត្មាមកវិញ»។

ព្រះតេជៈគុណ សាំង រិទ្ធី ចូលរួមធ្វើធម្មយាត្រា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបង្សុកុលឧទ្ទិសកុសលជូនលោក បណ្ឌិត កែម ឡី និងវីរជនស្នេហាជាតិគ្រប់រូប ព្រមទាំងទាមទារឱ្យដោះលែងសកម្មជន (រូបភាព៖ហ្វេសប៊ុក)

Newsroom Cambodia  មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីចៅអធិការ វត្តដំរីស ព្រះតេជៈគុណ ផុន សុខគា បានទេនៅថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ យល់ឃើញ​ថា​ជា​រំលោភសិទ្ធិ​របស់ព្រះសង្ឃ ព្រោះព្រះសង្ឃក៏មានសិទ្ធិដូចប្រជាពលរដ្ឋដទៃ ព្រមទាំងដើរ​តួនាទីយ៉ាង​សំខាន់​ក្នុងការអប់រំទូន្មានប្រជាពលរដ្ឋតាមបែបព្រះពុទ្ធសាសនា។

លោកបានលើកឡើងថា៖«យើងមើលទៅគឺជាបំពានរឺ​រំលោភសិទ្ធិសេរីភាពរបស់ព្រះសង្ឃ ជាការ​ចូល​រួម​នៅក្នុងសង្គម ពីព្រោះព្រះសង្ឃដើរតួនាទីសំខាន់នៅក្នុងសង្គម ព្រះសង្ឃអាច​អប់រំប្រជា​ពលរដ្ឋ​ឱ្យ​ដើរ​តាមផ្លូវល្អតាមបែបព្រះពុទ្ធសាសនា ព្រះសង្ឃដើរតួនាទីជាគំរូសម្រាប់​ប្រជាពលរដ្ឋហើយ​ព្រះសង្ឃ​​ក៏មានសិទ្ធិ មានសេរីភាពដូចប្រជាពលរដ្ឋដទៃ មានសិទ្ធិនៅក្នុងការគោរព ការស្រលាញ់​ហើយ និងចូលរួមសកម្មផ្សេងៗនៅក្នុងសង្គម»។

លោក យង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិឌ្ឍន៍ និងសន្តិភាព​យល់ឃើញ​ថាការ​ធ្វើធម្មយាត្រា ការផ្សព្វផ្សាយសីល៌ប្រាំគឺជារឿងដែលព្រះសង្ឃមានសេរីភាពក្នុងការធ្វើ និងគួរតែ​ទទួល​បាន​ការ​​លើកទឹកចិត្ត ។

លោកបានលើកឡើងថា៖«ការធ្វើធម្មយាត្រាការផ្សាយលីស៌ប្រាំ រឿងអស់នឹងគឺជារឿង អឺជារឿង​ដែល​ព្រះសង្ឃ​លោកគួរតែមានសេរីភាពធ្វើ ហើយមួយវិញទៀតអ្នកដែល​ស្វែងរកយុត្តិធម៌សម្រាប់​សង្គម អ្នក​ដែលទាមទារសេរីភាពសម្រាប់សង្គមអីនឹងក៏មិនមែនជារឿងខុសឆ្គងអីដែរបាទ ខ្ញុំថានេះ​គឺជា​រឿង​មួយ​សំ​ខាន់ដែលព្រះសង្ឃឬក៏អាជ្ញាធរគួរតែផ្តល់ការការពារ។ លោកថា លើសពីនេះទៅទៀត​គួរតែ​មាន​ការ​លើកទឹកចិត្តចំពោះព្រះសង្ឃដែលស្រលាញ់យុត្តិធម៌ មានការផ្សព្វផ្សាយពីមេត្តាធម៌ សីល៌ប្រាំ​អី​នឹង គឺថាត្រូវទទួលបានការស្វាគមន៍ និងការសាទរបាទ»។

ព្រះតេជៈគុណ សំ ដារ៉ូ អតីតសមណៈសិស្សពុទ្ធិកៈសកលវិទ្យាល័យសីហនុរាជ យល់ឃើញថា ការ​បណ្តេញ​ព្រះសង្ឃចេញពីវត្តបែបនេះជារឿងមិនត្រឹមត្រូវ ហើយព្រះចៅអធិការបានក្បត់​នូវ​ទោស​៣ប្រការ ពោលគឺទោសទី១ បំបែកសង្ឃ ទោសទី២ ក្បត់សាសនា និងទោសទី៣គឺ ទោសក្បត់​រដ្ឋធម្មនុញ្ញ។

ព្រះអង្គបានលើកឡើងថា៖«អាត្មាភាពយល់ឃើញថា ការបណ្តេញចេញរបស់ព្រះសង្ឃនៅវត្តដំរីស វាជាការមិនត្រឹមត្រូវ ទីមួយដោយ​ហេតុជាការបំបែកសង្ឃធ្វើឱ្យសង្ឃភ័យ ធ្វើឱ្យសង្ឃខ្លាច ធ្វើឱ្យសង្ឃ​មិនហ៊ាន​ហាស្តី​ដោយខ្លាចអំណាចនៃព្រះគ្រូចៅអធិការពរ ទីពីរដោយ​ហេតុក្បត់នឹង​ព្រះពុទ្ធសាសនា​ព្រោះ​​ថាសាសនាមិនដែលបានហាមទេ ប៉ុន្តែគ្រូចៅអធិការមកហាម   ទីបីទោសក្បត់នឹងរដ្ឋធម្មនុញ្ញ ទង្វើបែបនេះមិនសាកសមនឹងគ្រងចីវររបស់ព្រះសម្មាសម្ពុទ្ធទេណា មិនសាកសមទេអាត្មា​ភាពយល់​ឃើញ​បែបនឹង»។

កញ្ញា ញាម មុនីរស្មី ជាយុវជននៅខេត្តបាត់ដំបង បានសម្តែងនូវការសោកស្តាយចំពោះ​ការសម្រេចចិត្ត​របស់​ព្រះចៅអធិការវត្តដែលបានបណ្តេញព្រះសង្ឃឱ្យចាកចេញពីវត្តទាំងយប់។​ កញ្ញាបានបន្ត​ទៀត​ថា ការចូលរួមរបស់ព្រះសង្ឃគឺមិនបានខុសនឹងច្បាប់ទេ ពោលគឺធ្វើឡើង​ស្រប​ទៅ​នឹង​​ច្បាប់ ។

កញ្ញាបានលើកឡើងថា៖ «ខ្ញុំយល់ឃើញថាការដែរព្រះចៅអធិការបានបណ្តេញ​ព្រះសង្ឃចេញពី​វត្ត​ទាំង​យប់បែបនឹងគឺជារឿងមួយដែលមិនគួរឱ្យកើតឡើង ខ្ញុំគ្មានអ្វីច្រើនទេក្រៅពីពាក្យថា​ខ្ញុំមានការ​សោក​សៅ ខ្ញុំមានការសោកសង្រែកចំពោះទឹកព្រះទ័យនឹងការសម្រេចចិត្តរបស់ព្រះចៅអធិការ លោក​មិនគួរណាមានទឹកប្រទ័យបែបនឹងនោះទេ ដោយសារតែសកម្មភាពនៃការចូលរួម១០ កក្កដា ២០២៤ នឹងគឺមិនបានខុសជាមួយនឹងច្បាប់ទេគឺព្រះអង្គ រឹទ្ធី បានចូលរួមធ្វើធម្មយាត្រានឹង​ដោយវាស្របនឹង​ច្បាប់​ជាតិ និងច្បាប់អន្តរជាតិ»។

កញ្ញាបានសំណូមពរទៅកាន់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងធម្មការ និងសាសនា ឱ្យមានការយកចិត្ត​ទុកដាក់​ចំពោះករណីដែលបានកើតឡើង។ កញ្ញាក៏មិនភ្លេចរំលឹកដែរថាប្រពៃណីចូលវស្សា​របស់​ព្រះសង្ឃ​​ក៏នឹងខិតចូលមកដល់ឆាប់ៗ ដូច្នេះកញ្ញាបានការព្រួយបារម្ភ​ចំពោះព្រះសង្ឃថានឹងអាច​ពិបាក​​រកកន្លែងស្នាក់នៅ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់លោកផងដែរ។

កញ្ញាបានលើកឡើងថា៖«ការសំណូមពររបស់ខ្ញុំទៅកាន់ភាគីពាក់ពន្ធក៏ដូចជាក្រសួងធម្មការ និង​សាសនា ឱ្យលោកយកចិត្តទុកដាក់ចំពោះរឿងគុណម្ចាស់ សាំង រឹទ្ធី ដែលត្រូវបានព្រះចៅះធិការ​បណ្តេញ​​ចេញពីវត្តបែបនេះ ដោយសារតែណាមួយពេលខាងមុខនៅក្នុងខែ៧​របស់​យើងនឹង​គឺជិត​ចូល​ទៅដល់​ព្រះវស្សាហើយចឹងព្រះសង្ឃគឺពិបាករកវត្តនៅក្នុងក្រុងសម្រាប់គង់នៅណាស់ ហើយ​មួយទៀត​គឺវាប៉ះពាល់ទៅដល់ការសិក្សារបស់លោកខ្លាំងណាស់»។

បច្ចុប្បន្នព្រះតេជៈគុណ សាំង រិទ្ធី កំពុងគង់អាស្រ័យនៅក្នុង វត្តបច្ឆា ជាបណ្តោះអាសន្ន និងមិនទាន់​អាច​រកកន្លែង​សម្រាប់គង់នៅថ្មីបាននៅឡើយទេ។

Newsroom Cambodia  ក៏មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីអ្នកនាំពាក្យ និងរដ្ឋលេខាធិការ​ក្រសួង​ធម្មការនិងសាសនា លោកសេង សុមុនីនៅឡើយទេត្រឹមរសៀលថ្ងៃអង្គារ៍នេះ ដោយលោក​ថា​ជាប់រវល់ប្រជុំ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ យុវជន និងព្រះសង្ឃប្រមាណជា ៤០នាក់ បានរួមគ្នាធ្វើធម្មយាត្រា ចេញពីសួនសម្តេច ក្រឡាហោម ស ខេង ឆ្ពោះទៅកាន់វិមានឯករាជ្យ ក្នុង​គោល​​បំណង ផ្សព្វផ្សាយសីលប្រាំ លើកកម្ពស់សីល៌ធម៌សង្គម បណ្តុះបណ្តាលស្មារតីប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ ឱ្យចូលរួមកិច្ចការងារសង្គម និងដើម្បីបង្សុកុលឧទ្ទិសកុសលជូនលោក បណ្ឌិត កែម ឡី និងវីរជនស្នេហាជាតិគ្រប់រូប ព្រមទាំងទាមទារឱ្យដោះលែងសកម្មជនផងដែរ៕