ភ្នំពេញ៖ ក្រសួងព័ត៌មាន​នឹងប្រកាសឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តធម្មនុញ្ញវិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ជា​មូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីរៀបចំសណ្តាប់ធ្លាប់ក្នុងវិស័យ​ព័ត៌មាន និង​ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ។ នេះបើយោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​​ព័ត៌មា​ន​ចុះថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៤​។​

សេចក្តីជូនដំណឹងសរសេរ៖«ដើម្បីបន្តពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទប់ស្កាត់និងលុបបំបាត់ក្រុមជនខិលខូចមួយចំនួន ដែល​យក​អាជ្ញាបណ្ណ​ពី​ក្រសួង​ព័ត៌មាន​បាន​ផ្តល់ជូន​ទៅស្វែង​រក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ផ្ទុយពី​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មាន​ និងផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន[…]»។

ក្រសួងព័ត៌មាន ក៏បានអំពាវនាវអោយអ្នកសារព័ត៌មាន​ អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​អ្នក​រក​ប្រាក់​តាម​អនឡាញទាំងអស់អោយមានស្មារតីទទួលខុសត្រូវ​ដោយ​ចែក​ចាយ​ព័ត៌មានពិត និង​គោរព​តាម​ក្រមសីលធម៌វិជ្ជាជីវៈដែលមានចែង​ក្នុងច្បាប់ស្តីពី​របប​សារព័ត៌មានផងដែរ។

ក្រៅពីនេះ ក្រសួងព័ត៌មាន​បានជូនដំណឹងដល់សាធារណជន​អោយជូនដំណឹងមកកាន់ក្រសួង​ព័ត៌មាន​ប្រសិនបើមានការ​គំរាមកំហែងពីអ្នកសារព័ត៌មាន។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន​បាន​ប្រាប់​ Newsroom Cambodia តាមរយៈ​តេឡាក្រាម​ថា​​ក្រសួងព័ត៌មាន​យក​ចិត្ត​ទុក​ដាក់​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន និងការបញ្ជេញមតិ ព្រមទាំង​លើក​ទឹក​ចិត្ត​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​ក្នុងការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។

ក្រៅពីគ្រោងដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានហើយនោះ ក្រសួងព័ត៌មានក៏នឹងដឹកនាំ​យុទ្ធនាការ​ប្រឆាំង​ព័ត៌មានក្លែងក្លាយក្នុងពេលឆាប់ៗ​ខាង​មុខ ​​​ដើម្បី​ទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយនៅក្នុងសង្គម ​លើក​កម្ពស់​ការ​​យល់​ដឹង​​របស់​​​សាធារណៈជន។​ នេះបើតាមបញ្ជាក់របស់លោក លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោកអស្នារិទ្ធបញ្ជាក់ថា៖«[…] បញ្ជ្រាប​អំពី​ អ្វី​ជាព័ត៌មាន​ក្លែងក្លាយ​ ប្រភេទ​ព័ត៌មាន​ក្លែងក្លាយ​ អំពីគ្រោះថ្នា​ក់​ និង​ផលវិបាក​ដែល​កើត​ចេញ​ពីព័ត៌មាន​ក្លែងក្លាយ​ ក៏ដូចជា​វិធាន​ការ​ទប់ស្កាត់​និង​ការពារ​ពីគ្រោះថ្នាក់​ព័ត៌មាន​ក្លែងក្លាយ​នេះ។ គោលដៅ​នៃយុទ្ធនាការ​នេះផ្តោត​លើការ​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ប្រជាជន​ ដែល​ជា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ និងប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីកសាយ​ភាយ​នូវព័ត៌មាន​ក្លែងក្លាយ​ក្នុងស​ង្គម​កម្ពុជា»​។​

លោកអស្នារិទ្ធក៏បន្ថែមផងដែរថាប្រទេសនៅក្នុងតំបន់អាស៊ានបាន​ និង​កំពុង​អនុវត្ត​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយយ៉ាងសកម្មផងដែរ ជាពិសេសក្នុងយុគសម័យនៃបច្ចេកវិទ្យា រាប់បញ្ចូលទាំងបច្ចេកវិទ្យាAi ផងដែរ។​

លោក ណុប វី នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា​​ឲ្យ​ដឹង​ថា​ការរៀបចំបង្កើតធម្មនុញ្ញសារព័ត៌មានជារឿងល្អ ប៉ុន្តែខ្លឹមសារនៃធម្មនុញ្ញគួរតែត្រូវបាន​រៀបចំ​ឡើង​ដោយ​​អ្នកសារព័ត៌មានជាជាងក្រសួងព័ត៌មាន ព្រោះអ្នកសារព័ត៌មានជាអ្នកអនុវត្តផ្ទាល់។

លោក ណុប វី បង្ហាញក្តីបារម្ភថា ខ្លឹមសារនៃធម្មនុញ្ញដែល​​រៀបចំដោយ​ក្រសួងព័ត៌មាន​ អាច​ជា​សម្ពាធ​ដល់អ្នកសារព័ត៌មាន។

លោក ណុប វីថ្លែងថា៖ «ប៉ុន្តែ​​ចំណុច​សំខាន់​យើង​ធ្វើ​ម៉េច​អោយ​ខ្លឹមសារ​នៃ​ធម្មនុញ្ញ​សម្រាប់​ព័ត៌មាន​គឺជា​ចំណែកមួយដែល​ឆ្លុះ​បញ្ចាំង​អំពី​តម្រូវ​ការ​ជាក់ស្តែង​របស់​អ្នកសារព័ត៌មាន​ហើយ​គួរ​តែមាន​ការ​រៀបចំ​ឡើងដោយ​អ្នកសារព័ត៌មានជាជាង​ការរៀបចំឡើងដោយ​ក្រសួង ឬ​ក៏​មន្ត្រី​របស់​ក្រសួង​។ បើ​សិន​​ជាខាង​ក្រសួង​លោក​រៀបចំ​ធម្មនុញ្ញ​សារព័ត៌មាន​នេះដែល​យើងមាន​ការ​ព្រួយ​បារម្ភ​ថា​ក្រសួង​អាច​នឹង​ដាក់​នូវ​ខ្លឹមសារ​ដែល​វា​អាច​នឹង​មាន​សម្ពាធ​ ឬក៏គាប់ស​ង្កត់​ទៅដល់​ការ​អនុវត្ត​ការងារ​របស់​អ្នក​សារ​ព័ត៌មាន»។

ទាក់ទងនឹងប្រកាសអោយសាធារណជនរាយការណ៍មកកាន់ប្រសួងព័ត៌មានពីការគាប់សង្កត់របស់​អ្នកសារព័ត៌មានលើសារធារណជន លោក ណុប វី​មាន​ប្រសាសន៍​ថា​គួរ​តែ​ជាតួនាទី​របស់​ស្ថាប័ន​ឯករាជ្យដូចជាក្រុមប្រឹក្សាសារព័ត៌មានជាអ្នកទទួលពាក្យបណ្តឹងពី​សារធារណជនធ្វើអោយមានភាពប្រសើរឡើង ជាជាង​ដាក់​បន្ទុក​ការងារ​ទៅកាន់​ក្រសួងព័ត៌មាន​ដែល​អាច​ធ្វើអោយ​អ្នក​សារព័ត៌មាន​ភាព​​ភ័យខ្លាច។​

លោក ណុប វី​បញ្ជាក់​៖​ «ការ​ដាក់​បន្ទុក​ទៅ​លើ​ក្រសួង​ព័ត៌មាន​ដើម្បី​អោយ​ចាត់​​វិធាន​ការ​​លើ​អ្នក​សារព័ត៌មាន​​​​វា​​អាច​នឹង​ធ្វើ​អោយ​អ្នកសារព័ត៌មាន​គាត់​មាន​ការ​ភ័យ​ក្លាច គាត់​ព្រួយ​​បារម្ភ​ចំពោះ​ការ​អនុវត្ត​សេរីភាព​របស់​ពួក​គាត់។ យើង​ទទួល​ស្គាល់ថា​ក្នុង​ពេល​បច្ចុប្បន្ន​នេះការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​នៅ​មាន​ចំណុច​​​ខ្វះខាត​ច្រើន​ ចឹង​​ហើយ​​យើង​​គិត​​ថា​វា​គួរ​តែ​​ជា​​ផ្នែក​មួយ​​ដែល​​ស្ថាប័ន​​​ឯករាជ្យ​ ឧទាហរណ៍​​ដូចជា​ក្រុមប្រឹក្សា​សារព័ត៌មាន​យើង​ហៅថា​ Pres​s council គួរ​​តែ​មាន​​ភារ​កិច្ច​​នៅ​​ក្នុង​​ការ​​​ធ្វើ​​កិច្ច​​ការងារ​​នេះ​​រួម​​ទាំង​​ការ​​ទទួល​​បាន​​ពាក្យ​​បណ្តឹង​​ពី​​សាធារណ​ជន​​ទូទៅ ​​ហើយ​​ធ្វើ​​កិច្ច​​​ការងារ​ដើម្បីមាន​ភាព​​ប្រសើរ​ឡើង​»។

អ្នកស្រី ឆន សុគន្ធា ជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)​ បានប្រាប់ Newsroom Cambodia ថាក្រសួងគួរតែពិនិត្យមើលច្បាប់ស្តីពីរបបសារព័ត៌មាន​ឡើងវិញ មិនគួរណាបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបន្ថែមនោះទេ។

អ្នកស្រី សុគន្ធាថ្លែងថា៖«ក្រសួងគួរផ្តោតអាទិភាពទៅការកែសម្រួលច្បាប់ស្តីពីរបបសារព័ត៌មាន ដែល​អនុវត្តតាំងពីឆ្នាំ១៩៩៥ មិនគួរបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារពត័មានបន្ថែមទៀត»។

អ្នកស្រីបញ្ជាក់ថា អ្នកស្រីមិនទាន់បានដឹងអំពីចំពោះខ្លឹមសារនៃធម្មនុញ្ញសារព័ត៌មាននៅឡើយទេ ដោយអ្នកស្រីរង់ចាំពិនិត្យមើលខ្លឹមសារមើលថ្ងៃសិក្ខាសាលាប្រឹក្សាយោបល់របស់ក្រសួងនាសប្តាហ៍ក្រោយ។

លោកស្រីបញ្ជាក់ថា៖«ចំពោះខ្លឹមសារក៏មិនទាន់ដឹងយ៉ាងម៉េចដែរ ចាំមើ់លរួមគ្នានៅថ្ងៃសិក្ខាសាលា តើខាងអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានមានឱកាសក្នុងការផ្តល់ធាតុចូលបានប៉ុណ្ណា និងមាន​ពេល​វេលាគ្រប់គ្រាន់ក្នុងការផ្តល់ធាតុចូលដែរទេ ពិសេសធាតុចូ​លទាំងអស់​នោះនឹង​ទទួលយក​ឬ​អត់?»។

កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៨ ក្នុងពិធីបញ្ចុះបឋមសិសា កសាងសារមន្ទីរតម្កល់វត្ថុបុរាណ នៅវត្តរាជបូណ៍ ខេត្តសៀមរាប លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ​​បាន​ចាត់អោយ​លោក នេត្រ ភក្រ្តា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ត្រួត​ពិនិត្យ​តាមដានមើល​ ដកអាជ្ញាបណ្ណ និងដាក់ក្នុងបញ្ជីខ្មៅចំពោះ​ក្រុម​អ្នក​សារព័ត៌មាន​ដែល​ប្រព្រឹត្តិ​ខុស​ក្រមសីលធម៌វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​។

ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលា​ពិគ្រោះ​យោបល់លើសេចក្តីព្រាង«ធម្មនុញ្ញវិជ្ជា​ជីវៈ​សារ​ព័ត៌មាន» ​ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៕