ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសប្រធានគណបក្សភ្លើងទៀនពីបទបរិហារកេរ្តិ៍ ជាសាធារណៈដោយពិន័យជាប្រាក់ជាច្រើនលានដុល្លារអាមេរិក ខណៈដែលភាគីចុងបណ្តឹងនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ជំទាស់នឹងសាលក្រមដោយចាត់ទុកថា ជាការផ្តល់ភាពអយុត្តិធម៌ និងជាការបង្កើតការឈឺចាប់សម្រាប់ជនរងគ្រោះ។
នៅក្នុងអង្គសវនាការ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ហុក ពៅ ជាក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោស ប្រឆាំងលោក ទាវ វណ្ណុល ដោយពិន័យជាប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ » ។
តាមរយៈការប្រកាសសាលក្រមនេះ លោក ហុក ពៅ បានលើកឡើងពីបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ដោយបង្គាប់ឱ្យប្រធានគណបក្សជំទាស់រូបនេះបង់សងជំងឺចិត្តទៅរដ្ឋាភិបាលចំនួន ៦,០០០,០០០,០០០ លានរៀល ឬស្មើនឹង១,៥ លានដុល្លារអាមេរិក និងពិន័យចំនួន ១០,០០០,០០០០ លានរៀល ឬស្មើនឹង ២,៥០០ ដុល្លារអាមេរិក បង់ចូលថវិការដ្ឋ។
មេធាវីរបស់ប្រធានគណបក្សភ្លើងទៀន លោក ជូង ជូងី ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២៥ កក្កដានេះថា ការដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសលោក ទាវ វណ្ណុល នេះជារឿងអយុត្តិធម៌ ព្រោះក្នុងច្បាប់ការលើកឡើងពីការពិត និងការបង្ហាញទស្សនៈមិនមានពិរុទ្ធឡើយ ហើយលោកថាលោកនឹងរៀបចំបែបបទប្តឹងបន្តរទៅសាលាឧទ្ធរណ៍ភ្នំពេញទៀត ប្រឆាំងសាលក្រមនេះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់ឯកឧត្ដម ទាវ វណ្ណុល ពីព្រោះអ្វីដែលឯកឧត្ដម ទាវ វណ្ណុល បានលើកកន្លងមក គឺជាការពិត មានកាមេរ៉ាសុវត្ថិភាពដាក់នៅមុខផ្ទះគាត់មែន ហើយពាក់ព័ន្ធទៅនឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហ្នឹង គឺគាត់និយាយអំពីទស្សនៈយល់ឃើញរបស់គាត់ ដូច្នេះតាមស្មារតីច្បាប់កាលណាអ្វីដែលគាត់លើកឡើងជាការពិត ហើយ និងអ្វីជាការសម្ដែងទស្សនៈ អត់មានអត់មានកំហុសទៅតាមផ្លូវច្បាប់ទេ ហើយខ្ញុំនឹងរៀបចំបែបបទប្តឹងឧទ្ធរណ៍ជូនគាត់» ។
ចំណែកឯអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ក៏យល់ដូចគ្នានឹងមេធាវីការពារក្ដីរបស់លោក ទាវ វណ្ណុល ដែរដោយថាការសម្រេចនេះអយុត្តិធម៌សម្រាប់ប្រធានគណបក្សភ្លើងទៀនដោយសារលោក ទាវ វណ្ណុល បានប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមច្បាប់ ក្នុងការបញ្ចេញមតិដើម្បីស្ថាបនា វាមិនមែនជាបទល្មើសទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាការពិន័យបែបនេះគឺជាការពិន័យដ៏ធ្ងន់ធ្ងរហើយវាអយុត្តិធម៌សម្រាប់លោកប្រធាន ទាវ វណ្ណុល ដែលគ្រាន់តែការបញ្ចេញមតិក្នុងន័យស្ថាបនា ផ្ទុយទៅវិញត្រូវបានពិន័យយ៉ាងចាស់ដៃ យ៉ាងធ្ងន់ធ្ងរលើគាត់។ ការបញ្ចេញមតិរបស់គាត់ ការបញ្ចេញយោបល់របស់គាត់គឺគ្មានចេតនាណាមួយធ្វើឱ្យមានហ្វឹកវរក្នុងសង្គម ឬក៏គ្មានចេតនាធ្វើឱ្យនរណាម្នាក់ទទួលនូវភាពអាម៉ាស់ ឬក៏គ្មានចេតនាបង្កឱ្យមានការខូចខាតដល់នរណាម្នាក់ទេ ការបញ្ចេញមតិរបស់កាត់គឺក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ហើយការបញ្ចេញមតិបង្ហាញការសង្កេត ការយល់ឃើញរបស់គាត់ក្នុងនាមជាអ្នកនយោបាយម្នាក់ ជាប្រធានគណបក្សជំទាស់បែបប្រជាធិបតេយ្យម្នាក់» ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការសម្រេចដាក់ទោសលោក ទាវ វណ្ណុល នេះបានធ្វើឱ្យអ្នកនយោបាយឯទៀត និងសកម្មជននានាមានការភ័យខ្លាចក្នុងការបញ្ចេញមតិដើម្បីស្ថាបនា ដែលការនេះធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។
លោកបន្តថា៖ «ការពិន័យដ៏ធ្ងន់ធ្ងរនេះមិនត្រឹមតែអយុត្តិធម៌សម្រាប់គាត់ ក៏ប៉ុន្តែវាធ្វើឱ្យមានការរួញរអារ ភ័យរអារដល់អ្នកនយោបាយផ្សេងៗទៀត ឬក៏សកម្មជនសង្គមផ្សេងៗទៀតដែលគាត់ចង់បញ្ចេញមតិក្នុងន័យស្ថាបនាលើបញ្ហាណាមួយ។អាហ្នឹងវាប៉ះពាល់ដល់ដំណើរការក្នុងការពង្រឹងប្រជាធិបតេយ្យជាពិសេសសេរីភាពក្នុងការបញ្ចេញមតិដែលជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះទាំងឡាយនៃគោលការប្រជាធិបតេយ្យ» ។
ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និយាយថា ការការលើកឡើងថាការសម្រេចរបស់តុលាការមានភាពអយុត្តិធម៌នោះគឺជាការយល់ឃើញរបស់ពួកគេ។លើសពីនេះទៀត ប្រសិនបើសាមីខ្លួន ឬមេធាវីតំណាងដោយអាណត្តិយល់ឃើញថា នីតិវិធីនៅតុលាការដំបូងមិនអស់ចិត្ត ភាគីនៅក្នុងសំណុំរឿងអាចប្តឹងបន្តទៅតុលាការជាន់ទីពីរទៀតបាន។
លោកបន្តថា៖ «ចំពោះអ្នកលើកឡើងអាហ្នឹងជាការយល់ឃើញរបស់គាត់ ប៉ុន្តែការសម្រេចរបស់ចៅក្រមជំនុំជម្រះគឺបានសម្រេចហើយ បានសម្រេចផ្តន្ទាទោសពិន័យជាប្រាក់ចំពោះគាត់១០លានរៀល ហើយនិងបង្គាប់ឱ្យសងទៅដល់រាជរដ្ឋាភិបាល៦០ពាន់លានរៀលនេះជាសេចក្ដីសម្រេចរបស់តុលាការជាន់ទាបរបស់យើង ហើយបើសិនជាគាត់មិនសុខចិត្តយ៉ាងណានោះគឺគាត់អាចដាក់ពាក្យបណ្ដឹង គាត់មានសិទ្ធិទៅសាលាជម្រះក្ដីជាន់ខ្ពស់»។
ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លើកឡើងថា សាលក្រមនេះ គឺជាសាលក្រមចុងក្រោយបង្អស់ នៃទោសទណ្ឌប្រឆាំងមេដឹកនាំគណបក្សជំទាស់ ដែលបានបញ្ចេញមតិរិះគន់មួយចំនួនក្នុងនាមជាអ្នកនយោបាយដល់អ្នកសារព័ត៌មាន។
លោកបន្តថា៖ «តើវាអាចបទល្មើសដែរឬទេ នៅពេលដែលអ្នកនយោបាយប្រើវោហាសព្ទដើម្បីទាក់ទាញការគាំទ្រ? តាមរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលប្រទេសកម្ពជាបានទទួលស្គាល់ និងផ្តល់សច្ចាប័នដូចជាកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ គឺធានាថាប្រជាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការបញ្ចេញមតិដោយសេរីនូវកង្វល់ និងការរិះគន់គោលនយោបាយរបស់រដ្ឋនាៗដើម្បីកែលំអ»។
លោកបានបន្ថែមទៀតថា គ្រប់អ្នកនយោបាយទាំងគួរតម្កល់ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ពលរដ្ឋជាធំ និងបន្តវប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី ដើម្បីរួមគ្នាកែលំអ អភិវឌ្ឍន៍ប្រទេសជាតិ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ តុលាការ បានបើកសវនាការលើសំណុំរឿងរបស់លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍ជាសាធារណៈ» ក្រោមបណ្តឹងរបស់មេធាវីតំណាងរដ្ឋាភិបាលដែលបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចោទលោក ទាវ វណ្ណុល ថាបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំងអន្តរជាតិ RFI ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែចុះខ្សោយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន ម៉ាណែត ដែលការលើកឡើងនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមុខមាត់រដ្ឋាភិបាល។
តាមរយៈបទសម្ភាសន៍កាលពីខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែងថា រដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត បានរឹតត្បិត គ្រប់គ្រងលើគូប្រជែង និងចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំង ហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងដើរថយក្រោយនៅពេលលោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រី។ជាងនេះទៀត លោកបានបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន ដោយនិយាយថាលោកត្រូវបាន«ឃ្លាំមើលដោយកាមេរ៉ា ២៤ម៉ោង»។
នៅក្នុងបញ្ញត្តិមាត្រា៤១ នៃរដ្ឋធម្មនុញ្ញកំណត់ថាប្រជាពលរដ្ឋខ្មែរមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយស របស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ»៕