អ្នកប្រើប្រាស់​បណ្តាញ​សង្គម​​បង្ហោះ​សារ​បង្ហាញពីក្តីបារម្ភរបស់ពួកគេចំពោះការបង្កើត​តំបន់ត្រីកោណអភិវឌ្ឍន៍ (CVL) ថាអាចនឹងធ្វើឱ្យកម្ពុជាបាត់បង់ខេត្តចំនួន៤ នៅភូមិភាគឦសាន ទៅប្រទេស​វៀតណាម​​ ប៉ុន្តែលោក ហ៊ុន សែន​ ​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើនជាងគេ។

តំបន់អភិវឌ្ឍន៍ត្រីកោណ ហៅកាត់ថា(CLV) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយមា​ន​ការចូលរួម​សហប្រតិបត្តិការ​ពីភាគី​កម្ពុជា វៀតណាម និងឡាវ។ ក្នុងនោះមានចំនួន១៣ខេត្តដែលដាក់បញ្ចូលគ្នារួមមាន កម្ពុជាចំនួន ៤ខេត្តមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី មានប្រជាជនប្រមាណជា​៥សែននាក់។ ប្រទេសវៀតណាម ៥ខេត្ត មានប្រជាជនប្រមាណជា ៧លាននាក់។ ប្រទេសឡាវ ៤ខេត្ត មាន​ប្រជាជន​ប្រមាណជា៥សែននាក់។ នេះ​បើ​តាម​ប្រធានព្រឹទ្ធសភា​កម្ពុជា។​

ថ្មីៗនេះ ​មាន​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ដោយ​​សរសេរ​ថា តំបន់អភិវឌ្ឍន៍ត្រីកោណ អាចធ្វើ​​កម្ពុជា​បាត់បង់​ខេត្ត​ចំនួន​បួន​ទៅ​ប្រទេស​វៀតណាម។ សារ​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ចែក​ចាយ​​​ជាបន្ត​បន្ទាប់។

សារ​ខ្លះ​មានខ្លឹមសារថា៖ «ខ្ញុំមិនគាំទ្រឱ្យមានការដាក់បញ្ជូលខេត្ត៤របស់កម្ពុជា មានស្ទឹងត្រែង ក្រចេះ​មណ្ឌល​គិរី និងរតនៈគិរី ជាតំបន់រួមជាមួយ វៀតណាម និងឡាវទេ»។ អ្នកប្រើបណ្តាញ​សង្គម​ខ្លះ​លើកឡើងថា គម្រោង​នេះ​អាចធ្វើ​​ឱ្យ​កម្ពុជា​​បាត់បង់ខេត្តទាំង៤​ទៅឱ្យប្រទេសវៀតណាម ដូចករណីទឹកដីកម្ពុជាក្រោម និង​កោះត្រល់​។

ក្រោយសារទាំងនោះ​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក ប្រធានព្រឹទ្ធសភាកម្ពុជា​ លោក ហ៊ុន សែន បាន​ផ្សាយ​ផ្ទាល់​​ជាវីដេអូ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់លោក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ថា គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) គឺជាគំនិត​ផ្តួច​ផ្តើម​របស់​លោក តាំង​ពី​ឆ្នាំ​១៩៩៩​មក។ លោក​ថា តំបន់នៅភូមិភាគឦសាន វៀតណាម​មួយផ្នែក និងឡាវមួយផ្នែក នៅជាប់ព្រំប្រទល់មុំ៣ គឺជាតំបន់ក្រីក្រ និងលំបាកជាងគេ ហេតុនេះ​ចាំបាច់​ត្រូវ​អភិវឌ្ឍន៍។

បើតាមលោក ហ៊ុន សែន អត្ថប្រយោជន៍ដែលកម្ពុជា​នឹង​ទទួល​បាន​ពី​គម្រោងនេះ គឺ​នឹង​ជួយដល់កិច្ចសន្តិសុខជាតិ រួមមាន​ការទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ ​ទប់ស្កាត់ក្រុមចលនាប្រដាប់អារវុធ មាន​កិច្ចសហការ​ផ្នែក​អប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល  ព្រមទាំងមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវអគ្គិសនីទេសចរណ៍ និងការធ្វើពាណិជ្ជកម្មជាដើម។​

លោកបន្ថែម​ថា៖ «វាបានផ្តល់ផលប្រយោជន៍សម្រាប់កម្ពុជាយ៉ាងច្រើន បើប្រៀបធៀប​ជាមួយ​នឹង​​​ភាគី​វៀតណាម​ទទួល​បាន​ផល​ប្រយោជន៍ គឺកម្ពុជា​ជាអ្នក​ទទួលបាន​ផល​ប្រយោជន៍​ច្រើន​ជាង​គេ​នៅ​ក្នុង​ការអភិវឌ្ឍនេះ»។

​ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជិត​២​ម៉ោង​នោះ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​​​ដាក់ទោស​ដោយ​គ្មាន​ការ​បន្ធូរបន្ថយ​ចំពោះអ្នករិះគន់​គម្រោង​អភិវឌ្ឍន៍នេះ។​

ពាក់ព័ន្ធនឹង​​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គមពាក់ព័ន្ធនឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ មនុស្ស​យ៉ាង​ហោ​ច​ណាស់​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ក្នុងនោះ​មាន​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ដែល​ជា​​អ្នកផ្សព្វផ្សាយ​អំពី​សន្ធិសញ្ញា​​ទីក្រុង​ប៉ារីស ២៣ តុលា។​

លោក សេង វណ្ណលី អ្នកតាមដានភូមិស្រ្តនយោបាយអន្តរជាតិ យល់ស្របចំពោះការលើកឡើងរបស់លោក អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ទាក់ទងជាមួយផលប្រយោជន៍ដែលប្រជាជន ក៏ដូចជា​ប្រទេស​កម្ពុជា​ទទួល​បាន។

លោក ធឿន សុវណ្ណា និស្សិតនៅសាកលវិទ្យាល័យបានប្រាប់ Newsroom Cambodai ថា លោក​ពិត​ជា​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ចំពោះគម្រោង CLV   ព្រោះថាអាចមាន ការរីករាល​ដាល​អំពី​ជន​អន្តោប្រវេសន៍​មក​លើ​ទឹកដី​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា អា​ចទទួលបានផលប្រយោជន៍តិចជាងប្រជាជនវៀតណាម។

លោកបាន​បញ្ជាក់ថា៖ «ខ្ញុំនឹងមានការព្រួយបារម្ភបែបនឹងថា ​វាអាចនឹងមានការ ​រីករាល​ដាល​អំពី​ជន​អន្តោប្ររេសន៍​របស់​ជនជាតិ​វៀតណាម​មករស់នៅជាច្រើន ពិសេសយើងសង្កត់ធ្ងន់មួយទៀតថានៅក្នុងខេត្ត១៣ ដែលកម្ពុជា មាន​៤ ឡាវមាន ៤​ ហើយវៀតណាមមាន ៥ ឡាវហើយនិងខ្មែរ៤ខេត្តដូចគ្នា ហើយមានប្រជាពលរដ្ឋ មាន​តែ​កន្លះ​លាន​ដូចគ្នា​ទេ ហើយក៏ប៉ុន្តែវៀតណាម ៥ខេត្ត មានប្រជាពលរដ្ឋជិត ៧លាននាក់ អាហ្នឹង​យើង​សប​ញ្ជាក់​ថា បើ​ទោះបីជា​ទាក់ទង​នឹង​​សេដ្ឋកិច្ចក្តី ក៏ខ្មែរយើងបានប្រយោជន៍ហ្នឹងតិចមែនទែន យើង​មើល​តែចំ​នួន​ប្រជាពលរដ្ឋ​ទៅ​ដឹង​ហើយ»។

ទាក់ទិននឹងកង្វល់​របស់ប្រជាពលរដ្ឋ​​​ ​លោក សេង វណ្ណលី យល់​​ថា កង្វល់របស់​ប្រជាជន​មិនមែន​គ្មានសំអាង ឬ​មូលដ្ឋាន​ទាល់តែ​សោះនោះ​ទេ ដោយសារ​​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​បាត់ទឹក​ដី​ទៅប្រទេស​វៀតណាម។

លោកបញ្ជាក់​ថា​៖ «តាមពិតទៅមិនមែនគ្មានមូលដ្ឋាន ឬក៏​សំអាងទាល់តែសោះនោះទេ មូលហេតុ​ដែល​ប្រជា​ពលរដ្ឋ​​ភាគច្រើន ឬក៏ប្រតិកម្មនៅលើបណ្តាញសង្គមស៊ីវិល ខ្ញុំគិតថាអាចដោយសារតែទី១ វៀតណាម​ធ្លាប់​លេប​ត្របាក់​ទឹក​ដីខ្មែរច្រើនដងមកហើយ ទី២ នោះគឺកង្វះទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការអនុវត្តច្បាប់ស្តីពី​អន្តោ​ប្រវេសន៍​»។

សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណរ៉ា យល់ឃើញថា មិនមាន​បញ្ហា​ប្រឈម​អ្វី​ខ្លាំង​រហូត​ដល់​បាត់បង់​ទឹកដី​នោះទេ គ្រាន់តែជាការទាញយកផលប្រយោជន៍រវាងប្រទេសនីមួយៗតែប៉ុណ្ណោះ ។

លោកបានលើកឡើងថា៖ «ខ្ញុំគិតថាវាមិនប្រឈមហានិភ័យអីខ្លាំងក្លា​រហូតដល់ ​បាត់បង់​ទឹក​ដី​ ដូចជា​ការលើក​ឡើង​ពេក​ទេ គ្រាន់ថាជាការទាញអត្ថប្រយោជន៍នាពេលបច្ចុប្បន្ន និងពលរដ្ឋកម្ពុជា នៅខេត្ត៤ ហ្នឹង​វា​តិច​ជាង​គេ​ដូច​ឡាវ ចឹង។ អី​ចឹងអ្នកដែលមានពលរដ្ឋច្រើននឹងទទួលបានអត្ថប្រយោជន៍ច្រើន»។

លោកបន្ថែមទៀតថា វាជារឿង​ល្អ​ ប្រសិនបើ រដ្ឋនីមួយៗមាន​កិច្ចព្រមព្រៀង​ដើម្បីចែ​ក​​អត្ថប្រយោជន៍​​ក្នុងតំបន់។

លោកលើកឡើងថា៖ «ប្រសិនបើរដ្ឋមួយៗហ្នឹង គាត់​មាន​កិច្ចព្រមព្រៀង​ដើម្បី​ចែក​បាន​នូវ​អត្ថប្រយោជន៍​នៃ​ការអភិវឌ្ឍ​នៅ​ក្នុង​តំបន់ ធ្វើឱ្យពលរដ្ឋគាត់អាចរក្សាលំនឹងការងារបាន ឬក៏​មាន​ឱកាស​ទាញ​យក​អត្ថប្រយោជន៍ពី​កា​រអភិវឌ្ឍ​នឹង ខ្ញុំគិ​តថា​ល្អទេ»។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញនៅថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២៤ បាន​បញ្ជាក់​ជូន​ពាក់ព័ន្ធនឹ​ង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ​នេះថា ទី១ គ្មានការកាត់ទឹកដី​៤ខេត្ត ជូន​ប្រទេស​វៀតណាម​ដូចការ​ចោទ​ប្រកាន់ ទី២ គ្មានការយកខេត្តទាំង៤​របស់កម្ពុជាទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង​ ដើម្បី​បញ្ជូល​ដែនដី​តែមួយនោះ​ទេ ទី៣ គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដើម្បីវិនិយោគរួមគ្នាទេ និងទី៤ គ្មាន​ការអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​នីមួយៗ​ចេញ​ចូល​ដោយ​សេរី​ ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណឡើយ។

លោក ហ៊ុន សែន បានអះអាងថា ប្រទេស​ទាំង​បី​បាន​រៀប​​ចំ​កិច្ច​ប្រជុំ​ពាក់ព័ន្ធនឹង​តំបន់​​អភិវឌ្ឍន៍​ត្រីកោណ​នេះ​​ ​ចំនួន​ ១១លើករួច​ទៅហើយ។ លោក​ថា សម្រាប់កិច្ចប្រជុំកំពូលលើកទី១២ គ្រោងធ្វើឡើងនៅប្រទេសកម្ពុជា តែ​​មិនទាន់​កំណត់ពេលវេលាជាក់លាក់នៅឡើយ ដោយ​ត្រូវ​រង់ចាំការផ្ដល់ចម្លើយពីប្រទេសឡាវ និងវៀតណាម៕​