សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនសកម្មជន​សង្គម​បួន​នាក់ដោ​យ​ចោទពីបទ​ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹង​ការ​ធ្វើ​អត្ថាធិប្បាយ​ពី​តំបន់​អភិវឌ្ឍន៍​ត្រីកោ​ណ (CLV)។​

សេចក្ដីប្រកាសព័ត៌មាន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ស្ដីពី​ចំណាត់ការ​លើ​សំណុំរឿង​ញុះញង់​បង្ក​ឱ្យមា​នភា​ព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គមរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បង្ហាញថា​ តុលាការសម្រេចឃុំខ្លួនមនុស្ស ៤នាក់ គឺ លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា លោក ចក់ ប៊ាមុន្នី លោក សាន សិទ្ធ។​​

សេចក្ដីប្រកាសព័ត៌មាន​ដដែល​បញ្ជាក់ថា៖ «បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និង​ពិនិត្យ​ភស្ដុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទទាំង ៤នាក់ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់»។

យុវជន​ទាំង​បួន​រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួណ គឺជាសកម្ម​ជន​​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​​ទីក្រុង​ប៉ារីស។ ពួកគេ​តែង​ចែក​រំលែក និង​បង្រៀន​ប្រជាពលរដ្ឋ​មូលដ្ឋាន​អំពី​សិទ្ធិ និង​ច្បាប់​ផ្សេងៗ។​​

ការ​ចាប់​ខ្លួន​ពួកគេ​ធ្វើ​ឡើង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៣ ​ខែកក្កដា ​ឆ្នាំ២០២៤ ស្រុក​វ៉ារិន្ទ​ ខេត្ត​សៀមរាប បន្ទាប់​ពីពួកគេ​អត្ថាធិប្បាយ​អំពី​​​គុណសម្បត្តិ គុណវិបត្តិ និង​ដំណោះស្រាយ​​​ពាក់ព័ន្ធនឹ​ង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​ លោក​ អំ​ សំអាត​ លើក​ថា​ មិន​​គួរ​មាន​ការ​ចាប់​ខ្លួន​​​សកម្មជន​ទាំង​​នោះ​ទេ​ ព្រោះ​ការ​​ថ្លែង​របស់​ពួកគេ​គឺ​ជា​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ហើយ​ប្រទេស​កម្ពុជា​ក៏​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​។

លោក​លើក​ឡើង​ថា​៖ ​«​ខ្ញុំ​គ្រាន់​តែ​យល់​ថា​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ប្រកាន់​លទ្ធិប្រ​ជាធិ​បតេយ្យ ​សេរី​ពហុបក្ស​ អញ្ចឹង​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​​មតិ​ វា​ជា​មូ​​លដ្ឋាន​គ្រិះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ចឹ​ង​​ការ​​ចូលរួម​​សម្តែង​មតិ​ប្រជាពលរដ្ឋ​ពី​កង្វល់​ អា​ហ្នឹង​គឺជា​សិទ្ធិ​ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​មិន​គួរ​ចាត់​ទុក​ជា​បទ​ល្មើសទេ​»។

លោក​បន្ថែម​ទៀត​ថា​ រដ្ឋ​គួរ​តែ​មាន​ការ​ពន្យល់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់​ទៅ​កាន់​ប្រជាពលរដ្ឋ​ ដើម្បី​ជៀ​ស​វាង​ការ​យល់​ច្រឡំ​។

លោក​បាន​បញ្ជាក់​ថា​៖ «ទាក់​ទង​នឹង​ ព័ត៌មាន​មួយ​ចំនួន​ដែល​ព​​លរដ្ឋ​មិនដឹង​ មិន​បាន​យល់​ អាហ្នឹង​រដ្ឋ​គួរ​តែ​ពន្យល់​ ឬ​ក៏​ប្រាប់​អំពី​ព័ត៌មាន​ជាក់លាក់​សម្រាប់​ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​គាត់​មាន​ការយល់ដឹង​ ក្នុង​ការ​បញ្ជេញ​មតិ​ទៅ​វា​មាន​ការ​ត្រឹមត្រូវ​»។​

ស្រដៀង​គ្នា​នេះ​​លោក​ សេង​ វ៉ាន់​លី ​អ្នក​តាម​ភូមិ​សាស្ដ្រ​ន​​យោបាយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​ លើក​ឡើង​ថា​ ការ​បញ្ចេញម​តិ​របស់​លោក​ ស៊្រុន​ ស៊្រន​ គឺគិត​ពី​ប្រយោជន៍​ជាតិ​ជាធំ ​មិន​ចង់​ឃើញ​ប្រទេស​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បរទេស​ ហើយ​រដ្ឋាភិបាល​គួរពន្យល់​បកស្រាយ​ បំភ្លឺ​ឱ្យ​ពលរដ្ឋ​យល់​មិន​គួរ​ប្រើ​អំណាច​ក្នុង​ការ​ទប់ស្កាត់​ និង​បំបិទ​មាត់​ការ​រិះគន់​របស់​ប្រជា​ពលរដ្ឋ​ទេ។​

លោក​បញ្ជាក់​ថា​៖​ «រដ្ឋាភិបាល​មិន​គួរ​ប្រើប្រាស់​អំណាច​ ឬ​​ក៏​ប្រព័ន្ធ​យុត្តិធម៌​ជា​ចំណាត់​ការ​សំដៅទប់ស្កាត់​​ការ​រិះគន់​ ​និង​បំបិទ​មាត់​ពលរដ្ឋ​ជុំវិញ​បញ្ហា​អភិវឌ្ឍន៍​ត្រី​កោណ​នោះទេ​»។​

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​គួររឹត​បន្តឹងច្បាប់​ស្ដីពី​​អន្តោ​ប្រវេសន៍​ ស្ដារ​ទំនុក​ចិត្ដ​ប្រជាពលរដ្ឋ​ដោយ​បើក​ចំហរ​សេរីភាព​នយោបាយ​ គោរព​សិទ្ធិ​មនុស្ស​ និង​ប្រកាន់​ខ្ជាប់​ស្មារតី​នៃ​កិ​​ច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដែល​នាំ​សន្តិភាព​មក​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​រឹត​បន្តឹង​ច្បាប់​ស្ដី​ពី​អន្តោប្រវេសន៍​ ទី២ ​ធ្វើ​យ៉ាង​ណាស្ដា​រ​ទំនុក​ចិត្ត​ប្រជាពលរដ្ឋ​លើ​ការ​គ្រប់​គ្រង​របស់​ខ្លួន​តា​ម​រយៈ​ការ​បើក​ចំហរ​សេរីភាព​នយោបាយ​វិញ ​ទី២​ ប្រកាន់​ភ្ជាប់​នៅ​​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ស្ដី​​អំពី​ការ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ និង​ទី៣ ​នោះ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​ប្រកាន់​ខ្ជាប់​នៅ​ស្មារតី​នៃកិ​ច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​នាំ​សន្តិភាព​មក​កម្ពុជា​ និង​នាំ​ការ​ឯកភាព​ជាតិ​ការ​បង្រួប​បង្រួម​ជាតិ​ស្មារតី​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​នេះ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​ធានា​បាន​នូវ​អធិបតេយ្យភាព​»។

តំបន់អភិវឌ្ឍន៍ត្រីកោណ ហៅកាត់ថា(CLV) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយមា​ន​ការចូលរួម​សហប្រតិបត្តិការ​ពីភាគី​កម្ពុជា វៀតណាម និងឡាវ។ ក្នុងនោះមាន​ចំនួ​ន១៣​ខេត្ត​ដែល​ដាក់​បញ្ចូលគ្នារួមមាន កម្ពុជាចំនួន ៤ខេត្តមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី មានប្រជាជនប្រមាណជា​៥សែននាក់។ ប្រទេសវៀតណាម ៥ខេត្ត មាន​ប្រជាជន​ប្រមាណជា ៧លាននាក់។ ប្រទេសឡាវ ៤ខេត្ត មាន​ប្រជាជន​ប្រមាណជា៥សែននាក់។ នេះ​បើ​តាម​ប្រធានព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន៕