គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា ការលើក​ឡើង​របស់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ លោក​ វីធិត ម៉ាន់តាផន (Vitit​ Muntarbhorn)​ ​កាលពី​​សប្ដាហ៍មុន​ដែល​​​​​ថា​​លំហ​ប្រជាធិបតេយ្យ​នៅកម្ពុជា​បាន​នឹង​កំពុង​រួម​តូច​ ជាការ​លើកឡើង​ដែល​​ខ្វះមូលដ្ឋាន​ និង​ខ្វះ​ការផ្ទៀងផ្ទាត់​ព័ត៌មាន​។

ការ​លើកឡើង​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា​កើត​មានបន្ទាប់​ពី​ លោក​​​ វីធិត ម៉ាន់តាផន ក្នុង​ដំណើរទស្សនកិច្ច​លើកទី​២​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ បាន​​លើក​ឡើងថា លំហ​ប្រជាធិបតេយ្យ​នៅកម្ពុជា​បាន​នឹង​កំពុង​រួម​តូច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ដោយមាន​ការ​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន​ ការ​រឹត​បន្តឹ​ង​ច្បាប់ ​គោលនយោបាយ និង​​​គណបក្ស​នយោបាយ។

ក្នុង​សេចក្ដីបំភ្លឺ​របស់​អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញ​កាលពីថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤​ បញ្ជាក់ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ វិធាន​ការ​លើ​សកម្មជន​បរិស្ថាន​ថ្មីៗ​នេះ ​មិនមែន​ដោយ​សារ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​នោះ​ទេ​ ប៉ុន្តែ​គឺជា​ការ​ប្រព្រឹត្តបទល្មើស​តាមរយៈ​ការ​ផ្សព្វផ្សាយ​ ប្រតិដ្ឋ​ព័ត៌មាន​ និង​ទម្លាក់​កំហុស​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ ចំពោះ​ព្រះមហាក្សត្រ​។

សេចក្ដីបំភ្លឺ​ដដែល​បន្ថែម​ថា​ ការ​ការពារ​សិទ្ធិមនុស្ស​​មិន​អាច​ផ្ដាច់​ចេញ​ពី​នីតិរដ្ឋ​បាន​ឡើយ​ ដូច្នេះ​មាន​តែ​ការ​ចូល​ក្នុង​ដំណើរ​ការ​នីតិ​វិធី​ជា​ធរមាន​ប៉ុណ្ណោះ​ ទើប​ជា​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ មិនមែន​ការ​ធ្វើ​បុរេវិនិច្ឆ័យ​ ឬ​សន្និដ្ឋាន​ណាមួយ​ ដោយ​មិន​បាន​ផ្ទៀងផ្ទាត់​អង្គហេតុ​ អង្គច្បាប់​ ភស្តុតាង​ និង​សាក្សី​នោះ​ទេ​។ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្ដីពី​ការ​​ចុះ​បញ្ជី​ដី​ និង​សិទ្ធិ​ប្រើប្រាស់​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ និង​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគ​តិច​ ដោយ​សហការ​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ បាន​ធ្វើ​ឱ្យស្ថានភាព​សេដ្ឋកិច្ច​សង្គម​វប្បធម៌​ ប្រពៃណី​ និង​ភាសា​កំណើត​មាន​ការរីក​ចម្រើន​​ជា​បន្ត​បន្ទាប់​។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បន្ថែម​ក្នុង​​សេចក្ដី​បំភ្លឺ​នោះ​តាមន័យ​ដើម​ថា៖ «អ្នកនាំពាក្យ​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្បុជា​ (គ.ស.ម.ក.) បាន​ធ្វើការ​កត់​សម្កាល់​ជាមួយនឹង​ការ​សោកស្តាយ​ជា​ខ្លាំង​​ចំពោះ​ក្តីបារម្ភ​មួយចំនួន​ដែល​ខ្វះ​មូលដ្ឋាន​ និងការ​ផ្ទៀង​ផ្ទាត់ព័ត៌មានឱ្យបាន​​ត្រឹម​ត្រូវ​របស់​​លោក​សាស្រ្តាចារ្យ Vitit​ Muntarbhorn អ្នករាយការណ៍​ពិសសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​លើកឡើង​កាលពី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្ណាំ​២០២៤»។​

យោងតាម​សេចក្ដីថ្លែងការណ៍​បញ្ចប់បេសកកម្ម​របស់​លោក​សាស្រ្តាចារ្យ​ វីធិត ម៉ាន់តាផន  ចេញ​កាល​ពី​ថ្ងៃទី២៦ ខែកក្កដា ក្នុងន័យ​ដើម​ជា​​ភាសា​អង់គ្លេស​​និង​ត្រូវ​បាន​ប្រែសម្រួលជាភាសាខ្មែរ​​ថា​ លំហ​ប្រជាធិបតេយ្យ​នៅកម្ពុជា​បាន​នឹង​កំពុង​រួម​តូច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ដូចជា​ ការ​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន​ ការ​រឹត​បន្តឹ​ង​ច្បាប់ ​និង​គោល​នយោបាយ​​ដែល​រារាំង​ដល់​ការ​ចុះ​ឈ្មោះ​ និង​ការ​ចូលរួម​របស់​គណបក្ស​នយោបាយ​។ គណបក្ស​ប្រឆាំង​ សហជីព​ អង្គការ​ក្រៅរដ្ឋាភិបាល​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ ត្រូវ​បាន​ប្រើ​ដំណើរ​ការ​ព្រហ្ម​ទណ្ឌ​ និង​ច្បាប់​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ការ​គំរាម​កំហែង​។

សេចក្ដីថ្លែងការណ៍​​​បន្ថែម​ថា​ គួរ​ឲ្យ​សោកស្ដាយ​ដែល​អ្នក​ជាប់​ឃុំ​នយោបាយ​នៅ​តែ​បន្ត​ត្រូវ​ឃុំ​ខ្លួន​ ហើយ​អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​ និង​អ្នក​ការពារ​បរិស្ថាន​ បន្ត​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ញុះញង់​ និង​បទ​លើ្មស​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​ ។

សេចក្ដីថ្លែងការណ៍​ដដែល​បាន​លើក​ឡើង​ថា​ ជនជាតិ​ដើម​ភាគតិច​ត្រូវ​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​សម្បទានដី​សេដ្ឋកិច្ច​ និង​ការ​ទន្រ្ទាន​យក​ដី​របស់​ពួកគេ​ពី​សំណាក់​ក្រុមហ៊ុន​ និង​ជន​បរទេស​ ជួន​កាល​មាន​ការ​ឃុបឃិត​ជាមួយ​មន្ត្រីរាជការ​។ សហគមន៍​ជនជាតិដើមភាគតិច​ជា​ច្រើន​រង​ទុក្ខ​ដោយ​សារ​បំណុល​ដែល​មួយផ្នែក​បណ្ដាល​មក​ពី​ការ​ខ្ចី​ប្រាក់​ និង​ការ​បោក​ប្រាស់​ទៅ​លើ​ពួកគេ​។

លោក​ អំ​ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​ ​ប្រាប់​ Newsroom Cambodia ថា​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ បាន​ប្រមូល​ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ​រួច​ហើយ​មុន​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​។

លោក​ថ្លែង​ថា៖ ​«​មុន​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ ឬ​រាល់​របាយការណ៍​ទាំង​ឡើយ ​ខ្ញុំ​យល់​ឃើញ​ថា​អ្នករាយការណ៍​ពិសេស​បាន​លើក​ឡើង​គឺ​មាន​ការ​ប្រមូលព័ត៌មាន​រួច​ទៅ​ហើយ​ ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​​​ទៅ​ហើយ​ទាក់ទង​ទៅ​នឹង​បញ្ហា​ដី​ធ្លី​ បញ្ហា​ការ​ចាប់​ខ្លួន​សកម្មជនបរិស្ថាន​ សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជនសង្គមជាដើម។ ហើយ​មួយ​ទៀត​ទាក់ទង​នឹង​រឿង​ជនជាតិដើមភាគតិច​ អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទៀត​ដែល​បាន​លើក​ឡើង​»។

លោក​បន្ត​ថា​៖ «ជា​រឿង​ធម្មតា​ទេ​ គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រាជ​រដ្ឋាភិបាល​ អ៊ីចឹង​ត្រូវ​ការពារ​ផល​ប្រយោជន៍​របស់​រាជរដ្ឋាភិបាល​។ វា​ជា​រឿង​ធម្មតា​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​គ្មាន​អ្វី​ចម្លែក​ទេ​ ប៉ុន្តែ​អ្វី​ដែលខ្ញុំ​ចាប់​អារម្មណ៍​ចុង​ក្រោយ​នោះ​គឺ​ គណៈកម្មាធិការ​សិទ្ធិ​​មនុស្ស​កម្ពុជា​ គួរ​តែ​ពិនិត្យ​លើ​របាយការណ៍​ ឬ​សេចក្ដីថ្លែងការណ៍​ដែល​បាន​លើក​ឡើង​ ដោយ​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ ឬ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ និង​អនុសាសន៍​របស់​គេ ​ប្រសិន​ជា​យើង​នៅ​មាន​ការ​ខ្វះ​ចន្លោះ​ប្រហោង​ យើង​ធ្វើ​ការ​កែ​លម្អ​ យើង​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន ​ជា​ជាង​ការ​ច្រាន​ចោល​ ការ​បដិសេធ​របាយការណ៍​ទាំង​អស់​នោះ​»។

លោក​ កន​ សាវង្ស​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​ នៃ​អង្គការខុមហ្រ្វែល​យល់​ឃើញ​ថាការ​ លើក​ឡើង​ត្រូវ​មើល​លើ​មូលដ្ឋាន​ណា​មួយ​ហើយ​ត្រូវ​ពឹង​ផ្អែក​លើការ​ពិនិត្យ​លើ​តថភាព​ជាក់​ស្ដែង​។

លោក​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​នៅ​ក្នុង​ការ​វិនិច្ឆ័យ​ យើង​ត្រូវ​មើល​ទៅ​លើ​មូលដ្ឋាន​ជា​គោល​ណា​មួយ​ដែល​អាច​យក​មក​ពិនិត្យ​នៅ​ក្នុង​ខ្លឹមសារ​គ្នា ​ថា​តើ​ខ្លឹមសារ​នៃ​ការ​វិនិច្ឆ័យ​នឹង​វា​ស៊ី​សង្វាក់​គ្នា​ដែរ​អត់​ ហើយ​បើ​អត់​តែ​តើ​គួរ​កែ​ប្រែ ​ឬ​ក៏​ពិនិត្យ​យ៉ាង​ម៉េច ​[…] សំខាន់​មួយៗ​មាន​អ្វី​ជា​ការ​យោង​ជា​គោលការណ៍​ នេះ​ជា​គោលការណ៍​សំខាន់​នៅ​ក្នុង​ការ​វិនិច្ឆ័យ​»។

លោក​បន្ថែម​ថា​៖ «ខាង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​មាន​អ្វី​នៅ​ក្នុង​ការ​វិនិច្ឆ័យ​ ដោយ​សំអាង​ទៅ​លើ​អ្វី​ រដ្ឋធម្មនុញ្ញ​ ច្បាប់​ ឬ​មួយ​ក៏​គោលការណ៍​ជាសកល​ឬ​ក៏​ជា​អ្វី​ផ្សេង​ ហើយ​អ្នក​រាយ​ការណ៍​ពិសេស​សិទ្ធិ​មនុស្ស​ មាន​អ្វី​ជា​សំអាង​នៅ​ក្នុង​ការ​ឆ្លើយតប​ ព្រោះ​អ្វី​ដែល​សំខាន់​នៅ​ក្នុង​គោល​ការណ៍​នៃ​របាយការណ៍​ វា​ពឹង​ផ្អែក​ទៅ​លើ​សំអាង​ ថា​តើ​សំអាង​លើ​អ្វី​។​ហើយ​សំអាង​ហ្នឹង​ វា​ជា​គោល​ការណ៍​រួម​ ឬ​ស្ថាប័ន​មួយ​យក​សំអាង​មួយផ្សេង​គ្នា​ ហើយ​យក​ទៅ​និយាយ​ថា​ខុស​ ក៏​អត់​ត្រូវ​ដែរ​។

របាយការណ៍អង្គការ Freedom House ដែលជាស្ថានប័នឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​នៅទូទាំងសាកលលោក​ក្នុង​ឆ្នាំ​២០២៤បានវាយតម្លៃថា ប្រទេសកម្ពុជាមិនសេរី ដោយសារ​ក្រុម​នយោបាយ​ជំទាស់ និងសេរីភាពសារព័ត៌មានប្រទេសកម្ពុជាទទួលបានតែ ៤ពិន្ទុ​នៃ​ពិន្ទុ​ខ្ពស់​បំផុត​៤០ សម្រាប់​ការចាត់ថ្នាក់លើ​កម្រិតសិទ្ធិនយោបាយ ហើយទទួលបានតែ១៩ពិន្ទុនៃពិន្ទុខ្ពស់បំផុត៦០​ សម្រាប់​ការចាត់ថ្នាក់​លើសេរីភាពសិទ្ធិស៊ីវិល និងទទួលបានពិន្ទុសរុប២៣នៃពិន្ទុខ្ពស់បំផុត១០០៕