សហគមន៍កសិកម្មទំនើប​ជាប្រភេទ​សហគមន៍​កសិកម្ម​ប៉ុន្តែ​មាន​លក្ខណៈ​ពិសេស​លើស​ពី​សហគមន៍​កសិកម្ម​ទូទៅ ​ដោយ​សហគមន៍​កសិកម្ម​ទំនើប​​ផ្តោត​សំខាន់​ទៅ​ផលិតកម្ម​រួម​ដែល​មានលក្ខណៈទ្រង់ទ្រាយ​ធំ ​​ដោយ​ប្រជាកសិករ​ដែលជា​សមាជិក​មាន​ផលិត​កម្មរួម​គ្នា​។​ សហគមន៍​កសិកម្ម​ទំនើប​ដែល​ជាផ្នែក​មួយ​នៃ​កម្មវិធី​គោលនយោបាយ​​​អាទិភាព​ទី៦​របស់​រដ្ឋាភិបាលនីតិកាលទី៧​ ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ក្នុង​ឆ្នាំ​២០២៣​។​

ខាង​ក្រោម​​នេះ​គឺ​ជា​កិច្ច​សម្ភាស​រវាង​លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​កញ្ញា ភួង សុធីនី ​​សិក្ខាកាម​​ញូវសន៍​រូម​ខេម​បូឌា​​ (Newsroom Cambodia)​​៖

Q: ជម្រាប​សួរ​លោក ឃឹម ហ្វីណង់!

A: បាទ ជម្រាប​សួរ!

Q: ជាដំបូង​នាង​ខ្ញុំ​​ចង់​ដឹង​ថា តើអ្វីជាសហគមន៍កសិកម្មទំនើប?

A: បាទ​ជារួម​សហគមន៍​កសិក​ម្ម​​ទំនើប​​ជា​​សហគមន៍​​កសិកម្ម​​គ្រាន់​តែ​​មាន​​ការ​​ខុស​ប្លែក​​ពី​​សហគមន៍​កសិកម្ម​ទូទៅ​ត្រង់​ថា សហគមន៍​កសិកម្ម​ទំនើប​ធ្វើ​ផលិតកម្ម​រួម​គ្នាក្នុងទ្រង់ទ្រាយ ដែលមានសេដ្ឋកិច្ចមាត្រដ្ឋាន មានប្រព័ន្ធគ្រប់គ្រងរួមច្បាស់លាស់ និង​មាន​ការ​បែក​ចែក​ភាគ​លាភ​​​ត្រឡប់​ទៅ​វិញ​ប្រកប​ដោយ​សមធម៌។​ ចំណុចនេះគឺចង់ Hightlight (បញ្ជាក់)​​ បន្តិច​ដែរថា​កន្លង​មក​យើងមានច្បាប់ស្តីពីសហគមន៍កសិកម្មក្នុងប្រទេសក​ម្ពុជា​មាន​អាយុកាល​១១ឆ្នាំ​​​រួច​ទៅ​ហើយ តាំងពីឆ្នាំ២០១៣មក ហើយរហូត​មក​ដល់​ពេល​នេះ​យើង​មាន​សហគមន៍​កសិកម្ម​​​ចន្លោះ​ពី​១២០០​ ទៅ​១៣០០​សហគមន៍​​​នៅទូទាំងប្រទេសរួចមកហើយ។​ ដោយ​ឡែក​នៅ​ក្នុង​​រដ្ឋា​ភិបាល​​អាណត្តិទី៧នេះ យើង​បាន​រៀបចំ​ឱ្យ​​មាន​កម្មវិធី​គោល​នយោ​បាយ​​អាទិភាព​ថ្មីមួយ​​​​ឈ្មោះ​ថា​ សហគមន៍​កសិកម្ម​ទំនើប​ដែល​ស្ថិត​នៅ​ក្នុង​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៦​របស់​រដ្ឋាភិបាល​អាណត្តិថ្មី​​នេះ ហើយ​ដែល​ជា​ប្រភេទ​សហគមន៍​កសិកម្ម​មួយ​បែប​ដែល​មាន​កម្រិត​ស្មើ​ដើម​ខ្ពស់​ជាង​សហគមន៍​កសិកម្ម​ពីមុន​​ ជា​ពិសេស​លើការធ្វើ​សមាហរណកម្ម​លើ​ផ្នែក​ផលិត​នេះតែម្តង​ បើ​ធៀប​នឹង​សហគមន៍​ចាស់​ គឺ​គាត់​ផលិត​រៀងៗ​ខ្លួន ​ដែល​គាត់​ធ្វើ​បែប​នេះ​ពិបា​ក​ស​ម្រប​សម្រួល​ ថ្លៃ​ដើម​ខ្ពស់ គុណភាព​មិនមាន​ស្តង់ដា​តែមួយ​ ហើយ​បរិមាណ​ផ្គត់ផ្គង់​ពិបាក​មែនទែន​។

Q: មូលហេតុអ្វីបានជារដ្ឋាភិបាលសម្រេចបង្កើតគោលនយោបាយនេះឡើង?

A: ដោយ​សារ​យើង​ឃើញ​​ថាការធ្វើ​កសិកម្ម​នៅ​ប្រទេសកម្ពុជា​មិនទាន់​មាន​ឧត្តមផាពក្នុងការប្រកួតប្រជែង​​នៅឡើយ ជាពិសេសខាងផ្នែកតម្លៃ គុណភាព និងបរិមាណ។ ថ្លៃ​ដើម​​ខ្ពស់ អ៊ី​ចឹង​យើង​លក់​ចេញ​​ថ្លៃ យើង​ប្រកួតប្រជែង​ជាមួយ​គេអត់ឈ្នះ​។ គុណភាព ​គឺ​ដោយ​សារ​តែ​កសិករ​យើង​ផលិត​​ផ្សេង​​គ្នា អ៊ី​​ចឹង​​ហើយ​ធ្វើ​ឱ្យ​​ស្តង់ដាគុណភាព​មិន​ដូចគ្នា ​​​​ស្រូវមានខ្លះសុទ្ធ ខ្លះ​មិន​សុទ្ធ​ ក្រូចមានក្រូចធំក្រូចតូច ស្តង់ដាច្រើន ហើយ​បញ្ហាធំ​គឺបរិមាណ​ផ្គត់ផ្គង់​យើង​អត់​មាន​ការ​សម្រប​សម្រួល​ រដូវខ្លះសំបូរ សំបូរជ្រុល​​ លើសពីអ្វីដែលទីផ្សារអាចទទួលយកបាន ហើយ​អ្វី​ដែល​ជាផលវិបាកយើងតែងឃើញថាកសិផលតែងតែធ្លាក់ថ្លៃនៅរៀងរាល់ប្រមូលផល ដោយ​សារយើងអត់មានការរៀបជាកាលវិភាគផលិតកម្មទេ។ អ៊ីចឹងខែនេះអ្នកនេះធ្វើ អ្នកនោះធ្វើ​ ហើយ​ផ្គត់ផ្គង់វិលជុំ កុំឱ្យដាច់។ ​

ក្នុងប្រទេសដទៃគេធ្វើបែបនោះ អ៊ីចឹង​បាន​ជា​បរិមាណ​ផ្គត់ផ្គង់​​គេ​គឺ​មាន​​​ស្ថិរភាព នៅ​ពេល​ដែល​យើងគឺអត់មាន អ៊ីចឹងទៅបានជាយើងចង់ដោះស្រាយ​បញ្ហា​​ហ្នឹង​ ហើយ​យើង​ដោះ​តាមរយៈ​សហគមន៍​​កសិកម្មទំនើប ពីព្រោះសហគមន៍​កសិក​ម្ម​​ទំនើប​​យើង​ប្រើប្រាស់ប្រព័ន្ធតែមួយ អ៊ីចឹង​យើង​មិន​បារម្ភ​ទេ​រឿង​គុណភាព ហើយ​​យើង​​ក៏​​មិន​​បារម្ភ​រឿ​ង​ស្ថិរភាព​​នៃការផ្គត់ផ្គង់ដែរ ដោយសារយើងអាចរៀបផែនការជាមុនបាន។

Q: តើសហគមន៍កសិកម្មទំនើបមានគោលការណ៍សំខាន់អ្វីខ្លះ ហើយ​គោលការណ៍​ទាំង​នេះ​មានន័យដូចម្តេច?

A: ដើម្បី​ឱ្យ​ទៅ​​ជា​សហគមន៍​កសិកម្មទំនើប​គោលការណ៍​​ធំៗ​មាន​៤​សំខាន់ៗ​ដែល​យើង​យក​ពិចារណា​៖​

១. ការធ្វើផលិតកម្មរួមគ្នា៖ បើចូលរួមជាសហគមន៍​កសិកម្មទំនើប​ហើយ​ផលិតរៀង​ខ្លួន​ដដែល​ យើង​អត់ហៅថាជាសហគមន៍កសិកម្មទំនើបទេ គោលដៅដោយសារតែយើង​ចង់បាន ធ្វើយ៉ាងណាឱ្យ​មានប្រព័ន្ធគ្រប់គ្រងរួមគ្នា​ ស្តង់ដា ​និង​គុណភាព​តែ​មួយ អ៊ី​​ចឹង​ទៅ​​​ ​​ផលិតកម្ម​​រួ​មគ្នា​​ជា​គោលការណ៍​មួយ​សំខាន់​សម្រាប់​សហគមន៍​កសិកម្ម​ទំនើប​។​

២. ការគ្រប់គ្រងរួម៖ មែនទែនទៅទាក់ទងនឹងរឿងផលិតកម្មរួមហ្នឹង បើយើងផលិតរួមគ្នា​ហើយយើងអត់មានប្រព័ន្ធគ្រប់គ្រងតែមួយទេ គ្រប់គ្រងដោយ CEO (ប្រធាន) អាជីពរួម​ទេ គឺយើងពិបាកណាស់​​ យើងមិនអាចថាគ្នា១០០នាក់ មក​ដល់​ជួយ​គ្នា​ផលិតរួមគ្នា១០០នាក់ធ្វើទាំង១០០ហ្នឹង ទៅអត់រួចទេ។​​ អ៊ីចឹង​យើង​ត្រូវ​មាន​ប្រព័ន្ធ​គ្រ​ប់​​គ្រង ហើយដឹកនាំដោយនាយកប្រតិបត្តិតែម្តង។​

៣. សេដ្ឋកិច្ចមាត្រដ្ឋាន៖ តូច [សហគមន៍តូច] យើងអត់ធ្វើទេ ទាល់តែធំ [សហគមន៍ធំ] ដោយ​​សារ​​គោលដៅរបស់យើងគឺយើងចង់ធ្វើឱ្យមានថ្លៃដើមផលិតទាប ​បើ​សិន​​ជា​វា​តូច​ពេក ថ្លៃដើមផលិតមិនអាចទាបបានទេ យើងធ្វើការប្រមូលផ្តុំ​នៅ​ក្នុង​ការ​ទិញ​ធាតុ​ចូល ប្រមូល​ផ្តុំ​ក្នុង​ការ​ផលិត។​ យើងព្យាយាមប្រមូលផ្តុំក្នុងការលក់ដែរ​​ ធ្វើ​យ៉ាង​ណា​ដើម្បី ឱ្យសហគមន៍ទទួលបានផលប្រយោជន៍ច្រើន បើសិនជាតូច គាត់​បង្ក​ជា​ផលវិបាក​វិញទេ ពីព្រោះ​គាត់ត្រូវចំណាយលើអ្នកគ្រប់គ្រង គាត់​ត្រូវ​ធ្វើ​ការងារ​រួមគ្នា​មួយ​ចំនួន​ដែល​វា​មាន​ចំណាយ​បន្ថែម។​

៤. សហគមន៍ជោគវាសនាតែមួយ៖ យើង​និយាយ​អំពី​ការបែងចែកភាគលាភ​​ប្រកប​ដោយ​សមធម៌​ និង​តម្លាភាព ពីព្រោះកសិករដែលជាសមាជិកនោះដូចជារកស៊ីរួមគ្នា ប្រសិន​យើង​អត់​មាន​ប្រព័ន្ធ​ណា​មួយបែងចែកប្រកបដោយតម្លាភាពទេ វាធ្វើ​ឱ្យ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ នៅពេលនោះយើងប្រហែលជាមិនជោគជ័យទេ។ អ៊ីចឹង​ដើម្បី​ឱ្យ​ក្លាយ​ជា​សហគមន៍​ទំនើប​ ទាល់​​តែ​​យើង​​​មាន​​ប្រព័ន្ធ​​​​បែង​ចែង​​ភាគ​លាភ​​​​​របស់​​សហគមន៍​​​ឱ្យ​​ស្មើ​ភាព​​ និង​មាន​​សម​ធម៌​​បំផុត​​នៅ​​ពេល​​ដែល​​គាត់​​ទទួល​​បាន​​អត្ថប្រយោជន៍​​ពី​​សហគមន៍​​នេះ​។​​

Q: តើបច្ចុប្បន្នសហគមន៍កសិកម្មទំនើបកំពុងអនុវត្ត និងគ្រោងអនុវត្តនៅខេត្តណាខ្លះ? តើ​មាន​សកម្មភាព​អ្វីខ្លះនៅក្នុងសហគមន៍កសិកម្មទំនើប?

A: បច្ចុប្បន្នសហគមន៍កសិកម្មទំនើបកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ​​។ បច្ចុប្បន្ននេះមានជាផ្លូវការតែម្តងមានមួយ [ សហគមន៍មួយ] នៅឯខេត្តសៀមរាប។ ចំណែកឯសហគមន៍ដែល​យើង​បាន​ចុះ​បញ្ជីរួចហើយ តែមិនទាន់​ដាក់​ឱ្យ​ដំណើរ​ការ ​ដោយ​សារ​យើង​រង​ចាំ​ផែន​ការ​អាជីវកម្ម​ មានចំនួន៥ទៀត ៣នៅកំពង់ធំ ១ នៅតាកែវ និង១នៅត្បូងឃ្មុំ។ ក្នុងឆ្នាំនេះ​យើង​ប្រហែល​ជាមានចំនួន​១០​សហគមន៍កសិកម្មទំនើបដែលយើងនឹងរៀបចំដំណើរការ។ ក្នុងឆ្នាំ​នេះ​​​​សហគមន៍​កសិកម្ម​ទំនើប​ផ្តោតលើ​ដំណាំ​៤​ប្រភេទ ដំណាំស្រូវ ស្វាយចន្ទី ម្រេច និង​បន្លែ។

Q: តើលក្ខណៈសហគមន៍ ឬខេត្តប្រភេទណាដែលអាចក្លាយជាសហគមន៍កសិកម្មទំនើប?

A: នៅខាងសៀមរាបមានសហគមន៍ប្រហែល៨០គ្រួសារ មាន​សហគមន៍ខ្លះប្រហែល ១០០​គ្រួសារ។​​ បច្ចុប្បន្ន​សហគមន៍​មាន​ចន្លោះ​ពី៦០​​​ ទៅ​១០០គ្រួសារ​ ជាដំណាក់​ដែល​យើង​ចាប់​ផ្តើម ​​តែ​​អនាគត​សហគមន៍ទាំងនោះ ​យើង​នឹង​ព្យាយាមបង្កើន​ចំនួនសមាជិក ជាជាង​ពង្រីក​​ចំនួន​សហគមន៍​ អ៊ី​ចឹង​មាន​ន័យ​ថា​អ្វី​ដែល​មាន​ហើយ​ជា​ការ​ចាប់​ផ្តើម​ហើយ​យើង​នឹង​ព្យាយាម​លើក​ទឹក​ចិត្ត​ឱ្យកសិករ​ដទៃ​​ចូលរួម​ជា​​​សហគមន៍​ដែល​មាន​ស្រេច​ជាជាង​បង្កើត​ចំនួន​សហគមន៍​។

Q: តើកសិកម្មទំនើបផ្តល់ផលប្រយោជន៍យ៉ាងណាខ្លះដល់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា?

A: អត្ថប្រយោជន៍របស់សហគមន៍កសិកម្មទំនើបមានចំនួន៥ធំៗ៖

១. ថ្លៃដើមផលិតទាបជាងមុន៖ ប្រសិន​បើ​កសិករ​នៅ​ខាងក្រៅ​គាត់​​នឹងទិញ​ខ្លួន​​ឯងផលិត​ខ្លួន​ឯង​ គាត់នឹងជួបការលំបាកពាក់ព័ន្ធនឹងថ្លៃដើមផលិតដែលកន្លងមកយើងគិតថា​វា​ជា​រឿង​សំខាន់​​ដែរ បើគាត់ផលិតខ្ពស់ គាត់ប្រកួតប្រជែងជាមួយគេអត់បានទេ។

២. ទុន៖ សហគមន៍កសិកម្មទំនើបកសិករជាសមាជិកមិនបារម្ភរឿងទុនទេ​ អ៊ី​​ចឹង​បើ​គាត់​​មានជា​ដី​​ មានជាចម្ការចូលរួមជាមួយសហគមន៍ហើយ គឺរាល់ការចំណាយ​នៅក្នុង​ការធ្វើ​ផលិតកម្ម​របស់គាត់​ជាបន្ទុករបស់​សហគមន៍​ អ៊ី​ចឹងគាត់អត់ខ្វះទុនទេ ហើយ​សហគមន៍​នេះអាចទទួលបានទុន​ក្នុងអត្រាការប្រាក់ទាប មានការយោគយល់ខ្ពស់ និងមិនតម្រូវ​ឱ្យ​មាន​វត្ថុបញ្ចាំទេ។ អ៊ីចឹងជា​ប្រភេទ​​កម្ចី​ឥណទាន​ដែល​កសិករ​ម្នាក់​​មិន​អា​ច​ទទួលបាន​ដោយខ្លួនឯងទេ។

៣. បច្ចេកទេស៖​ ដោយសារក្រសួងជាក្រសួងបច្ចេកទេស អ៊ីចឹង​ពាក់ព័ន្ធ​នឹង​ការងារ​ដាំដុះ​អ្វី​​​នោះមិ​នជាបញ្ហាទេ យើង[ក្រសួង]នឹងជួយគាំទ្របច្ចេកទេសគាត់។​​

៤. ទីផ្សារ៖ យើងផ្សារភ្ជាប់ទីផ្សារជូនកសិករតែម្តង និយាយ​ឱ្យ​ខ្លី​ទៅ​ពេល​ដែល​គាត់​[កសិករ] ​​ចូល​​​មក​ក្នុង​សហគមន៍​កសិកម្ម​ទំនើប​ គាត់​មិន​បារម្ភ​ពីបញ្ហា​ទីផ្សារទេ ក្រសួង​មាន​អ្នក​ទិញ អ្នក​វិនិយោគ​ និង​​ដៃគូ​ជាច្រើន​ដើម្បី​​ជួយ​​សម្រប​សម្រួល​​ឱ្យ​​ពាក់ព័ន្ធ​​នឹង​​បញ្ហា​​ទីផ្សារ​​នេះ​។​​​

៥. ការការពារខ្លួនពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ៖ គាត់នៅរៀងខ្លួនបើសិនជា​មានទឹកជំនន់គឺចប់ហើយ តែបើគាត់នៅក្នុងសហគមន៍ពេលដែលមានទឹកជំនន់យើង​មានយន្តការដោះស្រាយរបៀបសហគន៍ ពេលមានជំងឺ ពេលមានបញ្ហារាំងស្ងួត ឬ​កតា្ត​អី​ណាមួយ​នោះ គឺសមាជិក​របស់​កសិកម្ម​ទំនើប​នឹង​ទទួល​បាន​ការពារ​ពី​ហានិភ័យ​ទាំងអស់​នេះ​។​ ហើយយើងកំពុងតែពិចារណាទិញ Insurance [ការធានារ៉ាប់រង]​មួយ​ចំនួន​សម្រាប់​ជូន​ស​ហគមន៍​ដែរ ចឹង​ជា​អត្ថប្រយោជន៍​មួយ​ដែល​កសិករ​នៅដាច់ៗ​មិន​ទទួល​បាន​ទេ តែ​បើគាត់​ចូល​ជា​សហគន៍​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ទាំង​៥​នេះ។​

Q: តើការបង្កើតសហគមន៍កសិកម្មទំនើបមានបញ្ហាប្រឈមអ្វីខ្លះ?

A: វាលឿនពេកក្នុងការឆ្លើយពីបញ្ហានេះពីព្រោះយើងទើបតែចាប់ផ្តើម អ៊ីចឹង​យើង​មិន​ទាន់​ដឹង​ទេ​​។ ចំណុច​សំខាន់​ដែលយើងត្រូវមើលឥឡូវនេះធ្វើយ៉ាងណាកុំឱ្យ​ចំណាយ​ប៉ោង ពីព្រោះ​តែ​ចំណាយ​ប៉ោង​ បានន័យថាប្រាក់​ចំណេញ​ទាប ​ជាពិសេស​ប្រសិន​បើ​វា​ទាប​ជាង​ការ​ដែល​នៅ​​ខ្លួន​​ឯង​​ កសិករអត់មានហេតុផលអ្វីចង់​ចូលជាសហគម​ន៍ទេ។ សូម​បញ្ជាក់​ថា ​សហគមន៍​​កសិកម្មទំនើប​​គឺយើងបង្កើតឡើងដោយការស្ម័គ្រចិត្ត ហើយ​កសិករ​ក៏​មាន​សិទ្ធិ​ចេញ​ទៅ​វិញ​ដែរ​។​

Q: តើរាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មមានវិធានការអ្វីខ្លះដើម្បីធានានិរន្តរភាព និង​ភាព​រីក​ចម្រើននៃវិស័យកសិកម្មនៅកម្ពុជា?

A: អ៊ី​ចឹងបានយើងរៀបចំសហគមន៍កសិកម្មទំនើប គឺយើងត្រូវធានាបានថា សហគមន៍​នេះ​ដំណើរ​ការ​ទៅដូចសហគ្រាសសេដ្ឋកិច្ចអ៊ី​ចឹង មានន័យថាដូចក្រុមហ៊ុនឯកជនអ៊ី​ចឹង​ ហើយ​យើង​នឹង​ផ្តល់​ការ​គាំទ្រ​ទាំង​ទុន​ បច្ចេក​ទេស​ និង​ទីផ្សារ​ ហើយ​ធ្វើយ៉ាងណា​ឱ្យ​គាត់​មាន​ភាព​ជឿជាក់​ខ្ពស់​ ទទួល​បានប្រាក់​ចំណេញ មាននវានុវត្តន៍ មានសហគ្រិនភាពនៅក្នុងហ្នឹង​។​​​ ហើយ​ក្រសួង​គិត​ថា​​មិន​មាន​​ជម្រើស​អ្វីល្អ​ ជាង​ការ​ធ្វើ​ឱ្យ​​​សហគមន៍​​មាន​​សមត្ថភាពក្នុងការ​ប្រកួត​ប្រជែង​​ដូច​​ក្រុមហ៊ុន​​ឯកជនអ៊ី​​ចឹង​​ ហើយបើគាត់ធ្វើបានសហគមន៍នឹងមាននិរន្តរភាព ហើយ​យន្តការ​គាំទ្រ​មាន​ច្រើន​ពី​ក្របខណ្ឌ​ក្រសួង។​​

យើង​មាន​នាយក​ដ្ឋាន​បច្ចេកទេស​ចាំ​គាំទ្រ​ យើងក៏​មាន​ក្រុម​ប្រឹក្សា​គោល​នយោបាយ​អភិវឌ្ឍ​ន៍​សហគមន៍កសិកម្មដើម្បីបង្កើតជាច្បាប់ ជា​យន្តការ​ផ្សេងៗ​ដើម្បី​សម្របសម្រួល​ យើង​មាន​មូល​និធិអភិវឌ្ឍ​ន៍​សហគមន៍​ដើម្បី​ផ្តល់​ការ​គាំទ្រ​ទៅ​ដល់​សហគមន៍​​​កសិកម្ម​ដែល​យើងបង្កើតឡើង។​ យើងមានដៃគូអភិវឌ្ឍន៍​ផ្សេងៗ ក៏ដូច​ជា​ស្ថាប័ន​ដៃ​គូ​មក​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​ផ្តល់​កម្ចី ដៃគូមកពីវិស័យឯកជនដើម្បីដើរតួនាទី​ជាអ្នកទិញ អ្នក​វិនិយោគ​​ដើម្បី​ធ្វើការ​វិនិយោគ​ជាមួយ​សហគមន៍។​​​ ទាំងអស់​នេះ​សុទ្ធ​តែ​ជា Eco system [ប្រព័ន្ធ] ​ដើម្បី​​ធានា​បាន​ថា​សហគមន៍​អាច​ដំណើរ​ការ​បាន​ ដោយ​រលូន​ និង​មាននិ​រន្តរភាព​។

Q៖ អរគុណលោក ឃឹម ហ្វីណង់ សម្រាប់ការផ្តល់បទសម្ភាស!

A៖ បាទ! អរគុណ៕