ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃប្រទេស​បារាំង​ហៅកាត់ថា CFI ​បានសម្ពោធ​គម្រោង​ «ប្រព័ន្ធ​ផ្សព្វផ្សាយសុខភាព​តែមួយ»​ ​ជំរុញ​ឱ្យ​ប្រព័ន្ធផ្សាយ​យល់ដឹ​ង​​​ពី​ជំងឺ​ដែល​​មនុស្ស​​ឆ្លង​ពី​សត្វ និង​​សត្វ​ឆ្លង​​ពីមនុស្ស​​​ ដើម្បី​​ផ្សព្វផ្សាយបន្តដើម្បី​ឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​បញ្ហា​នេះ​​។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ CFI សហការជាមួយអង្គការ CIRAD បាន​រៀបចំកម្មវិធី​សម្ពោធគម្រោង «ប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់សុខភាព​តែមួយ» ដែល​មាន​ការចូលរួម​ពី​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន និង​អ្នក​ផលិតមាតិកា​លើ​ប្រព័ន្ធផ្សព្វផ្សាយ​នៅកម្ពុជា​។

នេះបើតាមលោក ជា ប៊ុនណា ជាគ្រូបង្រៀន​ជំនាញ​វេជ្ជសាស្រ្ដសត្វ និង​សមាជិក​នៃ​បណ្ដាញ​សាកលវិទ្យាល័យ​សុខភាព​តែមួយ​កម្ពុជា​(​CAMBOHUN) «សុខភាព​តែ​​មួយ» សំដៅ​លើ​ការ​ផ្សារ​ភ្ជាប់​សុខភាព​មនុស្ស សត្វ​ និង​បរិស្ថាន​។​

លោក ជា ប៊ុនណា បន្ថែម​ថា៖ «ជា​និយមន័យ​សាកល​ដែល​គេ​ប្រើប្រាស់​ទូទាំង​សាកល​លោក​មាន​ន័យ​ថា​សុខភាព​តែ​មួយ គឺ​ជា​ការ​សហការ​រួមគ្នា​មក​ពី​គ្រប់​វិស័យ​ មក​ពី​គ្រប់ជំនាញ តាំង​ពី​ថ្នាក់ជាតិ ថ្នាក់តំបន់ ឬ​ថ្នាក់​អន្តរ​ជាតិ​ធ្វើ​ការ​រួមគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សុខភាព​មនុស្ស​សត្វ​ហើយ​នឹង​បរិស្ថាន​ទទួល​បាន​នូវ​កម្រិត​មួយ​សមស្រប ​ហើយ​គ្រប់គ្នា​គឺ​ទទួល​បាន​នូវ​សុខភាព​ល្អ​»។

លោក ប៊ុនណា​ បន្ថែម​ថា​ សុខភាព​តែ​មួយ​សំខាន់​ ព្រោះ​ប្រជានជន​រស់នៅ​ជិត​ស្និទ្ធ​​គ្នា ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូពីកន្លែងមួយទៅកន្លែងមួយ និង​ការ​ចិញ្ចឹម​សត្វ​ដែល​មាន​ភាព​ស្និទ្ធ​ស្នាល​ និងដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង។​

លោក Fabrice TURRI អ្នក​សម្រប​សម្រួល​ថ្នាក់​តំបន់​​លើ​​គម្រោង «ប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់​សុខភាព​តែមួយ​» នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រព័ន្ធផ្សព្វផ្សាយ​នៃប្រទេសបារាំង​ (CFi) លើកឡើង​ថា គម្រោងនេះ​ជា​ការ​សហការគ្នារវាង CFI និង​អង្គការ​ CIRAD ​ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​សុខភាពតែមួយទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​តំបន់ ហើយ​​ផ្សព្វផ្សាយ​បន្ត​​​ដល់​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​បញ្ហា​សុខភាពតែមួយ។

លោក Fabrice TURRI ថ្លែងថា៖ «យុទ្ធសាស្ត្រ​នៃ​គម្រោង​គឺការ​រួមចំណែក​ពី​អ្នកសារព័ត៌មាន និង​ប្រព័ន្ធផ្សព្វផ្សាយ​ស្ដីពី​សុខភាព​តែមួយ​ តាមរយៈ​ការ​បង្កើន​ការយល់ដឹង​ពី​សុខភាពតែមួយ និង​ការផលិត​ខ្លឹមសារ​ផ្សាយ​តាម​កាសែត វិទ្យុ ទូរទស្សន៍ អនឡាញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម»។

កញ្ញា ទុយ អេងលី ជា​អ្នកសារព័ត៌មាន​កម្ពុជាដែល​បាន​ចូលរួម​កម្មវិធី​នេះ​លើកឡើងថា កម្មវិធីនេះ​ផ្ដល់​ចំណេះដឹងសម្រាប់អ្នកសារព័ត៌មាន​យល់ដឹង​បន្ថែម​ពីជំងឺដែលអាចឆ្លងពីសត្វ​ទៅមនុស្ស និង​ពីមនុស្សទៅសត្វ។ កញ្ញា​បន្ត​ថា វា​អាច​ធ្វើឱ្យ​អ្នក​ចូលរួម​យល់​អត្ថន័យ និង​ការប្រើប្រាស់​ពាក្យ​បច្ចេក​ទេសមួយចំនួន។

កញ្ញា ទុយ អេងលី ថ្លែងថា៖ «មួយវិញ​ទៀត​អ្នកសារព័ត៌មាន​ដែលជាប់ក្នុង Program [កម្មវិធី]ហ្នឹង​ គាត់នឹង​រៀន​បន្ថែម​កម្មវិធី Media for One Health [ប្រព័ន្ធ​ផ្សព្វផ្សាយ​សុខភាព​តែមួយ] បន្ទប់មក​អ្នកសារព័ត៌មាន​គឺ​ជា​គោលដៅ​ផ្នែក​មួយធំ​ក្នុង​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ជំងឺឆ្លង»។

កញ្ញា មាស ម៉ូលីកា ជា​អ្នក​សារព័ត៌មាន​ខ្មែរ​មួយរូប​ទៀត​ដែល​ចូលរួម​​ក្នុង​វគ្គ​សិក្សា​កម្មវិធី​នោះ​លើក​ឡើង​ថា កម្មវិធី​មាន​សារៈសំខាន់​សម្រាប់អ្នក​សារព័ត៌មាន​បន្ថែម​ទៀត​ទៅលើ​​ការ​រាយ​ការណ៍​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​សុខភាព និងការយល់​ដឹង​ពី​ប្រធាន​បទ​សុខភាព​តែមួយ ខណៈ​ការយល់​​ដឹង​ពី​បញ្ហានេះ​នៅ​កម្ពុជាមិន​ទាន់​មាន​ភាពទូលំទូលាយ​។

កញ្ញា មាស ម៉ូលីកា ថ្លែងថា៖ «បើ​តាម​បង​ដឹង​ គេ​និយាយជាសាកល [បញ្ហា​សុខភាព​តែមួយ]​​ និយាយទៅ​ប្រទេស​នៅ​ប៉ែក​អ៊ឺរ៉ុប​គេ​និយាយ​យ៉ាង​ទូលំទូលាយ​ ប៉ុន្ដែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ One Health អត់​ទាន់​យក​មក​បកស្រាយ​ឱ្យ​ច្បាស់​ស៊ីជម្រៅ​នៅឡើយ​ទេ»។

កម្មវិធី​គម្រោង​ប្រព័ន្ធផ្សព្វផ្សាយ​សុខភាពតែមួយ​រៀបចំឡើង​ដោយទទួលបានថវិកាគាំទ្រពី​ ក្រសួង​​ការបរទេស​នៃសហភាព​អ៊ឺរ៉ុប (The Ministry for Europe and Foreign Affairs) ដែល​គម្រោង​នេះបា​នជ្រើសរើសអ្នកសារព័ត៌មានប្រមាណ ៥០នាក់​ ពីស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងប្រទេស​កម្ពុជា ឡាវ វៀតណាម និង​ភីលីពីន សរុប១២ស្ថាប័ន។ គម្រោង​នេះ​មាន​រយៈពេល​២ឆ្នាំ គិតចាប់ពី​ខែមិនា ឆ្នាំ២០២៣ ដល់​ខែកុម្ភៈឆ្នាំ២០២៥៕​