ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ដូច​ជា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ជាដើម ​រកឃើញ​ថា នៅ​តែ​មាន​​ភាព​អាក្រក់ ដោយសារ​មានការរឹតត្បិតធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិ សេរីភាព​សារព័ត៌មាន សេរីភាព​តាមអ៊ីនធឺណិ និង​​ការអនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​ទាក់ទងនឹងការបរិហាកេរ្តិ៍ ដើម្បី​ រឹតត្បិតលើការបញ្ចេញមតិ​​របស់​ពលរដ្ឋ។​

ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក រស់ សារ៉ាត់ អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងកញ្ញា នឿន ស្រីណែត សិក្ខាកាមនៅញូវរូមខេមបូឌា(Newsroom Cambodai)៖

Q: នាងខ្ញុំសូ​មជម្រាបសួរ លោក រស់ សារ៉ាត់!

A: បាទជម្រាបសួរ!​

Q: ជាដំបូង​នាង​ខ្ញុំ​សូម​សួរ​ថា តើស្ថានភាពសិទ្ធិមនុស្ស​​នៅ​កម្ពុជា​មានស្ថានភាព​បែបណា​​រវាង ៥ឆ្នាំមុន និង​ពេល​បច្ចុប្បន្ន?

A: បាទ! មែនទែនទៅអាចនឹងពិបាកក្នុងការរកទិន្នន័យមកប្រៀបធៀបថាតើ៥ឆ្នាំ​មុន និង​ពេល​បច្ចុប្បន្ន​នេះ​តើ​មា​ន​​ភាព​​ខុសគ្នាយ៉ាងណា ប៉ុន្តែបើយើងមើលទៅតាមទិដ្ឋភាពជាក់ស្តែង យើងឃើញថា ការរឹតត្បិត ការរំលោភ​សិទ្ធិ រំលោភបំពានទៅលើអ្នកដែលគាត់ធ្វើការសិទ្ធិមនុស្សហ្នឹងនៅតែកើតមាន អ្នក​​ដែល​មាន​សំឡេង​ជំទាស់ សំឡេង​រិះគន់ហ្នឹ​ង គឺ​តែងតែ​រង​​ការរឹតត្បិត​ជាហូ​រហែ អីចឹងនៅតែបន្តកើតឡើង ពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់​ខ្ញុំ​ផ្ទាល់​ដូចជា​មើល​មិន​ឃើញ​​ការវិវត្ត​អី​ល្អ​ប្រសើរ​ច្រើន​ទេរយៈពេល​​៥ឆ្នាំកន្លង​ម​កនេះ។

មួយទៀត ទាក់ទង​ជាមួយ​នឹងការវិវត្ត​នៃច្បាប់ដែលមានលក្ខណៈរឹតត្បិតទៅលើ ជាសេរីភាពជាមូលដ្ឋាន អីចឹង​យើង​ឃើញ​មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអនុវត្ត មានការបង្កើតច្បាប់ បង្កើត​អនុក្រឹត្យ​អី​ជា​ហូរហែ​ដែល​ទទួល​រង​នូវ​ការរិះគន់ពីមតិជាតិ មតិអន្តរជាតិ ពីអង្គការសង្គមស៊ីវិលអីជាដើម។ ឧទាហរណ៍ដូចជា អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលអាចនឹងត្រូវប្រើប្រាស់ដើម្បីរឹតត្បិតទៅលើសេរីភាព បញ្ចេញមតិ​ជាដើម។ ប៉ុន្តែជា​ផលល្អដែលអនុក្រឹត្យនេះត្រូវបានផ្អាកការអនុវត្តជាបណ្តោះអាសន្នសិន ហើយ​ក្នុង​អំឡុ​ង​ពេល​កូវីដ យើង​ក៏​ឃើញ​មាន​​​ច្បាប់ស្តីពីវិធានការការទប់ស្កាត់ការឆ្លង​ជំងឺ​រីករាលដាលទាក់ទងនឹងកូវីដ និង​ជំងឺកាចសាហាវប្រកប​ដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយ​យើង​ឃើញ​ថា​កន្លង​មក​ច្បាប់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​ទៅ​នឹងអ្នកដែលគាត់ប្រើប្រាស់សេរីភាពបញ្ចេញមតិរបស់គាត់​ទៅលើភាពជួបប្រជុំជាដើម។

ក្រៅ​ពីនេះ​យើង​ក៏​ឃើញមា​នច្បាប់ផ្សេងៗដែលមានលក្ខណៈរឹតត្បិត ដូចជា អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​នៃ​ការប្រើប្រាស់​ដែន​ជាតិ​នៅ​ក្នុងប្រព័ន្ធអ៊ីនធឺណិត អនុក្រឹត្យស្តីពី​ការចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​​​​ប្រើ​ស៊ីម​ជាដើម តាមការវិភាគរបស់អ្នកជំនាញ គេឃើញថាបទដ្ឋាន ឬក៏​ការវិវត្ត​នៃ​អនុក្រឹត្យ​នៃ​ច្បាប់​ទាំងអស់​ហ្នឹងគឺ​មាន​លក្ខណៈរឹតត្បិតទៅ​លើ​ការប្រើប្រាស់​សេរីភាព​ជា​មូលដ្ឋាន​របស់​អ្នក​ដែល​មាន​សំឡេង​បែប​រិះគន់​អី​ជាដើម។

ហើយយើងមើលមួយទៀតទាក់ទងជាមួយនឹង សួរថាតើមានការវិវត្តន៍បែបណារយៈពេល ៥ឆ្នាំមកហ្នឹង យើង​ឃើញថាអ្នកការពារសិទ្ធិមនុស្ស អ្នកដែលគាត់ហ៊ានបញ្ចេ​ញសំឡេងប្រឆាំង គឺ​គាត់​តែងតែ​រង​នូវ​ការទទួល​បាន​នូវ​ការប្រើប្រាស់​នូវ​យន្តការ​ច្បាប់ ដើម្បីធ្វើការដាក់ទោសទណ្ឌទៅលើគាត់ ហើយ​ក៏​អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​​ហ៊ាន​អនុវ​ត្ត​​នូវសេរីភាពបញ្ចេញមតិ អ្នកខ្លះក៏រងការវាយដំ រងការចាប់ចង។

មួយទៀត បើយើងមើលរបាយការណ៍ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចងក្រងឡើងជាមួយ​សមាគម​អាដហុក និងមជ្ឈមណ្ឌល​សាមគ្គីភាព យើងបានចងក្រងរយៈពេល​៥ឆ្នាំចុងក្រោយ ឆ្នាំ២០១៩ យើង​ឃើញ​ថា​ការរឹត​ត្បិតទៅលើសេរីភាពមូលដ្ឋានមានកម្រិតខ្ពស់ ដល់ឆ្នាំ២០២០ ២០២១​រៀងថយចុះ​បន្តិច ដោយសារ​តែ​យើងដឹងហើយថាសម័យកាលនោះ គឺជាសម័យកាលដែលមានការកើតឡើងករណីកូវីដ១៩ច្រើន ហើយ​នៅ​ឆ្នាំ២០២២ ២០២៣ ការរំលោភបំពាន ការរឹតត្បិត​ទៅ​លើ​សេរីភាព​មូលដ្ឋាន​បាន​បន្ត​ការកើន​ឡើង​ជា​ថ្មី​ម្តង​ទៀត។

យើងឃើញថាទាំងអស់នឹងនៅតែ ការរំលោភបំពាន ការរឹតត្បិតទៅលើអ្នកដែលហ៊ានអនុវត្ត។​ និយាយ​ជារួម​គឺ​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែបន្តរងការរឹតត្បិតបន្តទៀត ហើយ​ក្នុង​នោះយើ​ង​ឃើញ​ដូច​ជា​ឆ្នាំ​២០២៣​កន្លង​ទៅ​មាន​ការបិទសារព័ត៌មានឯករាជ្យ ហើយ​ថ្មីៗ​នេះមាន​ការចាប់​ចង​សកម្មជន​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​ជាសាធារណៈតាមបណ្តាញសង្គម។​​

បើយើងមើលទៅលើសន្ទស្ស​ន៍ទាក់ទងជាមួយនឹងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤ យើង​មាន​ចំណាត់ថ្នាក់លេខ១៥១ ក្នុងចំណោម១៥០ នេះ​គឺជា​ចំណាត់​ថ្នាក់​ផ្តល់​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ដែល​គាត់​ចង​ក្រង​របាយការណ៍​នេះឡើង ហើយយើងមើលឆ្នាំ២០២០ សេរីភាព​សារព័ត៌មាន​របស់​យើង​នៅ​ចំណាត់​ថ្នាក់លេខ១៤៤ ក្នុង១៨០ អីចឹងឡូវឡើងដល់១៥១ មានន័យថា​ចំណាត់​ថ្នាក់​រប​ស់យើ​ង​ធ្លាក់​ដល់​ទៅ ៧លេខ​នៅ​ក្នុ​ង​ចំណោម​១៨០​ប្រទេស ដែនដី​ដែល​ខាង​អ្នកសារព័ត៌មាន​គ្មានព្រំដែន​ហ្នឹង​គាត់​បាន​ចងក្រង​ឡើង។ មួយទៀតបើយើងមើលទាក់ទងជាមួយនឹងសន្ទស្សន៍ពាក់ព័ន្ធជាមួយនឹងអំពើពុករលួយឆ្នាំ២០២៣ យើងជាប់ចំណាត់ថ្នាក់លេខ១៥៨ ក្នុង១៨០ ជាចំណាត់ថ្នាក់មួយនៅមិនទាន់ល្អប្រសើរនៅឡើយ។

Q: យោងតាមរបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅក្នុងឆ្នាំ២០២៣ ដែល​ចេញ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​កាល​ពីខែមេសា ឆ្នាំ២០២៤ បានលើកឡើងអំ​ពី​ចំណុច​ដែល​អាជ្ញាធរ​តែងតែ​ឃុំ​ខ្លួន​មនុស្ស​ហួស​រយៈពេល​កំណត់ មុននឹងធ្វើការចោទប្រកាន់  ព្រមទាំងមានការចាប់ខ្លួនតាមតែអំពើចិត្តជាដើម។ តើលោកយល់យ៉ាងណាចំពោះរបាយការណ៍នេះ?

A: ខ្ញុំគិតថាវាជាការរកឃើញត្រឹមត្រូវ ព្រោះកន្លងមកខាងពន្ធនាគារ ខាងក្រសួងមហាផ្ទៃ ក៏គាត់​ទទួល​ស្គាល់​ដែរ ទាក់ទងជាមួយនឹងការចង្អៀតណែននៅក្នុងពន្ធនាគារ ហើយខាងក្រសួងយុត្តិធម៌ គាត់ក៏មានយុទ្ធនាការ ដើម្បីរំដោះរឿងក្តីដែលជាប់គាំងឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីបន្ធូរបន្ថយស្ថានភាពក្នុងពន្ធនាគារ ឬក៏ករណីដែលមានការជាប់គាំងទាំងអស់ហ្នឹង។ ចំណាត់ការនេះខ្ញុំយល់ថា សូម្បីតែក្រសួង សូម្បីតែរដ្ឋាភិបាល ក៏គាត់ទទួលស្គាល់ថាមានការឃុំខ្លួនហួសរយៈពេលជាដើម  អ៊ីចឹង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះបាន​ខ្ញុំយល់​ថា​រដ្ឋាភិបាល​គួរ​តែ​ធ្វើម៉េច​ពិនិត្យ​មើល​ទៅ​លើ​ករណី​ទាំងអស់​ហ្នឹង​ដើម្បី​កុំ​ឱ្យ​មាន​ការឃុំខ្លួន​ហួស​រយៈពេល​កំណត់។

មួយទៀតជាគោលការណ៍រដ្ឋាភិបាលគួរតែពិចារណា ទាក់ទង​ជាមួយ​នឹង​គោលការណ៍​សិទ្ធិ​ទទួល​បាន​ការកាត់ក្តី​ដោយ​គ្មានការពន្យាពេលស្របទៅតាមក្រមនិតិវិធីព្រហ្មទណ្ឌដែលកំណត់រយៈពេល ហើយ​មួយទៀត​ទាក់ទង​ជាមួយនឹ​ងការឃុំខ្លួន ទាក់ទងជាមួយនឹងគោលការណ៍ទទួលបានការជំនុំជម្រះដោយយុត្តិធម៌ សិទ្ធិ​សន្មត​ជាមុនថាគ្មានទោស​ អីចឹងដរាបណាពួកគាត់ជាជនសង្ស័យ ជាជនជាប់ចោទជាដើម​ ​គួរតែ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់គាត់មុនពេលដែលឃុំខ្លួន។​ យើងគួរតែពិនិត្យមើលទៅ ក្រមនីតិវិធី​ដែល​ចែង​ពី​គោលការណ៍​ជនជាប់ចោទត្រូវតែមាន  សិទ្ធិសេរីភាព​ទាក់ទង​ជាមួយ​នឹង​តាម​មាត្រា២០៥​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

យើងមើលមួយទៀតទាក់ទងជាមួយនឹង សន្ទស្សន៍​នីតិរដ្ឋ​ដែល​អង្គការ​គម្រោង​យុត្តិធម៌​ពិភព​លោក គាត់​បាន​ធ្វើ​ឡើង​ដែលចេញ​នាពេលកន្លងទៅ ដូចជានៅឆ្នាំ២០២២ យើងអាចមើលតួលេខ ២ឆ្នាំ​ចុងក្រោយ នៅ​ឆ្នាំ​២០២២ ប្រទេសកម្ពុជាយើងជាប់ចំណាត់ថ្នាក់លេខ១៣៩ ក្នុងចំណោម១៤០ប្រទេស ដែល​ជា​ចំណាត់​ថ្នាក់​ដ៏​អាក្រក់​បំផុត ទាក់ទងជាមួយនឹងប្រព័ន្ធយុត្តិធម៌របស់កម្ពុជារបស់យើង ហើយក្នុងឆ្នាំ២០២៣ គឺ​កម្ពុជា​ជាប់​លេខ​រៀង​ទី១៤០ ក្នុងចំនួន​១៤១​ប្រទេស​ដែនដី​ដែល​ខាង​គម្រោង​យុត្តិធម៌ពិភពលោកគាត់បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ។​ អីចឹងបើនិយាយឱ្យល្អស្តាប់គឺយើងជាប់លេខ២ ប៉ុន្តែលេខ២ពីក្រោមទៅ។

Q: កាលពីដើមខែ កក្កដានេះឃើញថាមានការចាប់ខ្លួនសកម្មជនបរិស្ថានមាតាធម្មជាតិទាំង ៥រូប ដោយកំរោល តើការធ្វើបែបនេះលោកយល់ថាយ៉ាងណាដែរ? 

​​A: សម្រាប់ខ្ញុំយល់ថា ពួកគាត់គឺជាពលរដ្ឋសកម្ម ជាយុវជនសកម្មដែលគួរតែត្រូវទទួលបានការលើកទឹកចិត្ត ការគាំទ្រចំពោះសកម្មភាពដែលគាតើបានធ្វើកន្លងមក ហើយសកម្មភាព​ដែល​គាត់​ធ្វើ​កន្លង​មក​ហ្នឹង​គឺជា​សកម្មភាព​ដើម្បី​ការពារនូវសម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជាយើង។​ មាន​ប្រជាពលរដ្ឋ​មិន​ច្រើន​ទេដែល​ហ៊ាន​ធ្វើ​សកម្មភា​ពដូចគាត់។ មួយទៀត ការរារាំងទៅដល់សកម្មភាពរបស់ពួកគាត់គួរតែត្រូវបានហាមឃាត់ បើ​យើង​មើល​កន្លង​មកពួកគាត់គឺជា​អ្នកលះបង់ជាងប្រជាពលរដ្ឋទូទៅ គាត់​សុខចិត្ត​ធ្វើ​សកម្មភាព​ដែល​អ្នក​ដទៃ​មិន​ហ៊ាន​ធ្វើ។​ កន្លងមកពួកគាត់ទទួលបានការទទួលស្គាល់ជាអន្តរជាតិ​​ ទទួលបាន​ការផ្តល់​ជា​ពាន​រង្វាន់​សម្រាប់​សកម្មភាព​របស់​គាត់ ប៉ុន្តែអាជា្ញធរខ្មែរបែរជាចាប់ខ្លួនរបស់ពួកគាត់ បែរ​ជា​រារាំងនូវសកម្មភាពដែលគួរតែ​ទទួល​បាន​ការសាទរ​ពីមជ្ឈដ្ឋានទូទៅ។ រាល់ការបញ្ចេញមតិ រាល់ការប្រើប្រាស់សេរីភាពជាមូលដ្ឋាន សេរីភាពជួបជុំ សេរីភាពបង្កើតសមាគមអីជាដើមហ្នឹង គួរតែ​ត្រូវបានបើកទូលាយជាជាងការហាមឃាត់ អ៊ីចឹង​មិនមែន​សម្រាប់​តែ​ក្រុម​ពួកគាត់ទេដែលជាសកម្មជនបរិស្ថានទេ សម្រាប់ប្រជាពលរដ្ឋទូទៅ សម្រាប់សង្គមស៊ីវិល។

Q: តើនឹងមានបញ្ហាប្រឈមអ្វីខ្លះ ប្រសិនបើពលរដ្ឋមិនមានការយល់ពីសិទ្ធិរបស់ខ្លួន?

A: ជាទូទៅនៅពេលដែលបុគ្គលណាម្នាក់ គាត់មិនបានដឹងអ្វីមួយអ៊ីចឹង បើគាត់​មិនបាន​នូវ​ធាតុ​ចូល​អ្វី​មួយ អ៊ីចឹង​ធាតុ​ចេញរបស់គាត់ហ្នឹងក៏មិនមានច្រើនដែរ។ នៅពេលដែលប្រជាពលរដ្ឋ​គាត់​ខ្វះចំណេះដឹង​អំពី​សិទ្ធិ​របស់​គាត់ អ៊ីចឹងគាត់នឹងបាត់បង់ឱកាស ឬក៏ខ្វះឱកាសនៅក្នុងការចូលរួមអភិវឌ្ឍ​ប្រទេសជាតិរបស់គាត់​ហ្នឹង បើសិនជាគាត់មិនដឹងពីសិទ្ធិរបស់គាត់។​ ឧទាហរណ៍ដូចជាសិទ្ធិក្នុងការចូលរួមសកម្មភាពនយោបាយ​អី​ជា​ដើម។ បើសិនជាគាត់មិនដឹងថា​គាត់មានសិទ្ធិក្នុងការទៅបោះឆ្នោតទេ អ៊ីចឹង​គាត់​នឹង​បាត់បង់​ឱកាស​ក្នុង​ការ​ចូលរួម​ជ្រើស​រើស​​អ្នកតំណាងរបស់គាត់មួយ ជារួមនៅពេលដែលគាត់មិនដឹងអ្វីមួយ គាត់នឹង​បាត់បង់​ឱកាស​ក្នុង​ការធ្វើអ្វីមួយ។

នៅក្នុងសង្គមប្រជាធិបតេយ្យគេលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ​ចូលរួមឱ្យបានសកម្មក្នុងសកម្មភាពនយោបាយ។​ សកម្មភាពនយោបាយមិនមានន័យថាយើងទៅធ្វើនយោបាយដើម្បីឱ្យគេ​បោះឆ្នោតឱ្យទេ ប៉ុន្តែ​បាន​ន័យថា​យើង​ចូលរួម​ក្នុងការតាមដាន យើងចូលរួមក្នុងការជ្រើសរើសអ្នកតំណាងរបស់យើងឱ្យស្របទៅតាមឆន្ទៈរបស់យើង អ៊ីចឹងបើសិនជាយើងបាត់បង់ព័ត៌មាន យើងមិនដឹងពីសិទ្ធិរបស់យើង អ៊ីចឹងយើង​ប្រាកដ​ណាស់​ថា​យើង​បាត់បង់​ឱកាស​នៅក្នុង​ការចូលរួមអ្វីម៉្យាង។ ខ្ញុំលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគឺយុវជនជំនាន់ថ្មីនេះ ធ្វើម៉េច​ឱ្យ​ស្វះស្វែង​យល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច ករណីយកិច្ច​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​សកម្ម​ក្នុង​ការចូលរួម​អភិវឌ្ឍ​ប្រទេសជាតិយើង។

Q: តើរដ្ឋាភិបាល ជាពិសេសភាគីពាក់ព័ន្ធគួរធ្វើបែបណា​ដើម្បី​ឱ្យស្ថា​នភា​ព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង?

A: ទាក់ទងជាមួយនឹងធ្វើយ៉ាងម៉េចទើបឱ្យស្ថានភាពសិទ្ធិ​មនុស្សនៅកម្ពុជា មានភាពប្រសើរឡើង យើង​មើល​កន្លង​មក​នៅពេលដែលខាងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ឬក៏មជ្ឈដ្ឋានខាងក្រៅគាត់ចេញរបាយការណ៍ យើង​តែងតែឃើញមានការច្រានចោល ឬប្រតិកម្មពីតំណាងរដ្ឋាភិបាលអីជាដើម។

សម្រាប់ខ្ញុំចំពោះរដ្ឋាភិបាលខ្ញុំយល់ថា គួរតែយកករណីទាំងអស់ហ្នឹង យក​ការរកឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិទាំងអស់ហ្នឹងយកមកពិនិត្យ និងពិចារណាមើលថា តើយើងនៅខ្វះខាតត្រង់ណា តើ​កន្លែង​ណា​ដែល​យើង​អាច​រួមគ្នា​ធ្វើ​បាន​ដើម្បី​ធ្វើ​ឱ្យស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជារបស់​យើង​ហ្នឹង​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង។

អ៊ីចឹងទី១ រដ្ឋាភិបាលគួរតែបើកចំហរ ឬក៏ទទួលយកចំពោះ​មតិ​រិះគន់ មិនមែន​ថា​គេរិះគន់​ហ្នឹង​សុទ្ធ​តែត្រូវទាំងអស់ទេ ប៉ុន្តែយើងមើលថាកន្លែងណាដែលយើងគួរទទួលបាន និង​កន្លែងណា​ដែល​យើង​មិន​គួរ​ទទួល។ ឧទាហរណ៍ដូចជា កន្លងមកយើងឃើញមានយន្តការទាក់ទងជាមួយនឹងUPR ការត្រួតពិនិត្យតាម​ពេល​វេលា​កំណត់ជាយន្តការមួយរបស់អង្គការសហប្រជាជាតិ ហើយមានប្រទេសជាច្រើនដែលគាត់​បាន​ផ្តល់​ជា​អនុសាសន៍​សម្រាប់​ប្រទេសកម្ពុជាយកទៅពិនិត្យមើលក្នុងការអនុវត្ត ឬក៏ធ្វើឱ្យប្រសើរឡើងនូវស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុងប្រទេសរបស់យើងហ្នឹង។

មួយទៀតរដ្ឋាភិបាលគួរតែប្រកាន់ខ្ជាប់ ធ្វើម៉េចគោរពនូវ កាតព្វកិច្ច​របស់​ខ្លួន គឺ​គោរព ការពារ និងបំពេញ។ មួយទៀតយើងដឹងហើយថា ប្រទេសកម្ពុជា​គឺជា​ប្រទេស​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញក៏បានទទួលស្គាល់នូវកាតព្វកិច្ចសិទ្ធិមនុស្សដែរ ដូចមាន​ចែង​នៅ​ក្នុង​មាត្រា​៣១ នៃរដ្ឋធម្មនុញ្ញគឺ រដ្ឋធម្មនុញ្ញទទួលយកលិខិតបទដ្ឋានគតិយុទ្ធអន្តរជាតិ​នានា។

ចំពោះ​ភាគី​ពាក់ព័ន្ធ ចំពោះដៃគូរអភិវឌ្ឍ ​ធ្វើម៉េចចូលរួមជំរុញ ចូលរួមឱ្យមាន​ការគោរព​សិទ្ធិ​មនុស្ស​ទាំងអស់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យបានពេញលេញ។

 Q: ច៎ាអរគុណ លោក រស់ សារ៉ាត់ សម្រាប់ការចំណាយពេលវេលា​ផ្តល់បទសម្ភាសន៍។

A: បាទ អរគុណ!៕