ភ្នំពេញ៖ អាជ្ញាធរខេត្តមួយចំនួន លើកឡើងថាខ្លួនបាន និងកំពុងបន្តអនុត្តគោលនយោបាយភូមិ ឃុំ ស គ្មានគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួន។ ការលើកឡើងនេះ កើតមានឡើងក្រោយ រដ្ឋមន្រ្តី​ក្រសួង​​​មហាផ្ទៃ លោក ស សុខា ណែនាំឲ្យអាជ្ញាធរក្រោមសមត្ថកិច្ច ប្រកាន់ភ្ជាប់នូវគោលការណ៍​សម្អាត​​ផ្ទះ សម្អាតបឹង និងតាមទីកន្លែងកំសាន្តនានាដើម្បីប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅកម្ពុជា​កាល​ពីចុងខែកក្កដា។

ថ្លែងនៅក្នុង ពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួត​ពិនិត្យ​ការងារ​ប្រយុទ្ធប្រឆាំងគឿងញៀន លោក ស សុខា បង្ហាញក្តីបារម្ភចំពោះការ​កើនឡើងនៃបរិមាណ និង​កម្រិត​គ្រឿងញៀន ដែល​សមត្ថកិច្ច​​​បង្រ្កាបជា​រៀងរាល់​ឆ្នាំ ដែលកាន់តែ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់អ្នក​ប្រើប្រាស់។ ​នេះបើ​យោង​តាមទំព័រផ្លូវការហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០២៤។

លោកស សុខា ថ្លែងថា៖ «បរិមាណគ្រឿងញៀន ដែលសមត្ថកិច្ច បង្ក្រាបបាន មានចំនួនកាន់តែ​ច្រើន​ជារៀង​រាល់​ឆ្នាំ ការកែច្នៃ ផលិតក្នុងរូបភាពទ្រង់ទ្រាយធំ ក៏ត្រូវបានរកឃើញ និងបង្ក្រាបបាន​ជា​បន្ត​បន្ទាប់ ប្រភេទ​គ្រឿងញៀន ដែលបានកែច្នៃផលិត និងប្រើប្រាស់ភាគច្រើនជាប្រភេទ ICE មិនមែន​ប្រភេទ​​គ្រាប់​ដូចមុន ដែលកាន់តែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ សម្រាប់អ្នកប្រើប្រាស់»។

ក្រៅពីការអនុវត្តស្របតាមពាក្យ​ស្លោក ៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍ និងជំរុញឲ្យបន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព លោកស សុខា ក៏​បាន​ណែនាំឲ្យ​ ​រដ្ឋបាល​រាជធានី​ខេត្ត​បណ្តុះ​បណ្តាល​​​ជន​បង្គោល​នៅតាម​មូលដ្ឋាន ​ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ​ដល់យុវជន​​​​នៅ​តាម​កន្លែង​កម្សាន្ត​នានាផងដែរ។ ក្នុងនោះមានដូចជា ផ្សារទំនើប ក្លឹប​កម្សាន្ត KTV និង​រោង​ភាពយន្តជាប្រចាំ ដើម្បីបញ្ជ្រាប​នូវផលអវិជ្ជមាន​នៃ​គ្រឿងញៀន។

អាជ្ញាធរខេត្តដែល Newsroom Cambodia បានសម្ភាសលើកឡើងថាអាជ្ញាធរមូលដ្ឋាន បាន និង​កំពុង​អនុវត្តវិធាន​ការនានាគិតទាំង​គោលនយោបាយ​ភូមិ​-​ឃុំ ស គ្មាន​គ្រឿងញៀន​ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ និងដោះស្រាយបញ្ហាគ្រឿងញឿន រួមមានការ​ជួញ​ដូរ​ ការផលិត ព្រមទាំង​ការកែច្នៃ​គ្រឿងញៀន​ផងដែរ។ គោលនយោបាយ​ភូមិ​-​ឃុំ ស គ្មាន​គ្រឿងញៀន​នេះ គឺ​ផ្ដោតសំខាន់លើ​តំបន់​ក្បែរ​ព្រំដែន​។​

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប​ ថ្លែងថាគោល​នយោបាយ​ភូមិ ឃុំមាន​សុវត្ថិភាពនេះ ត្រូវបានអនុវត្តយូររួចមកហើយ។ ហើយលោកថា​បញ្ហាគ្រឿងញៀន​នៅខេត្ត​សៀមរាប​មិនមែនជាបញ្ហាប្រឈមខ្លាំង​នោះទេ​ក៏ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ទើប​ជាក្តីបារម្ភ​សម្រាប់​ខេត្តនេះដោយសារមានការកើនឡើងជាងឆ្នាំទៅ។

លោក លី វណ្ណៈ ថ្លែងថា៖ « យើងកំពុងតែរឹតតែជំរុញបន្ថែមទៀត ដើម្បីឲ្យលុបបំបាត់​នូវគ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​ឲ្យកាន់តែល្អប្រសើរ។ ការងារទាំងអស់ហ្នឹងមិនមែន​ជាការងារដែលថ្មីនោះទេ​ដូចជាថ្នាក់រដ្ឋបាល​ឬថ្នាក់ក្រោមជាតិគ្រប់ខេត្តក្រុងទាំងអស់យើងបានអនុវត្តរួច​ហើយគេហៅថា​គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលក្នុងនោះមានទាំងក្មេងទំនើងពាក់ព័ន្ធគ្រឿងញៀន ល្បែងស៊ីសង ការងារទាំងអស់នេះ​បានអនុវត្តមកយូរហើយ»។

លោក លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងប្រាប់ថា ខេត្តនេះបាន​ចុះធ្វើកិច្ចសន្យា​ជាមួយ​​ម្ចាស់​ទីតាំង​កន្លែងម៉ាស្សា ខារ៉ាអូខេ ឬក្លឹបកំសាន្តទាំងអស់ ដោយហាមមិនឲ្យចែកចាយ ឬប្រើប្រាស់​គ្រឿងញៀន។ លោកថាក្នុងករណីសមត្ថកិច្ចរកឃើញថា​ម្ចាស់​ហាង​មាន​លួចលាក់គ្រឿងញៀន​ សមត្ថកិច្ច​នឹងបិទទី​តាំងទាំងនោះ និងកសាងសំណុំរឿងឡើងទៅតុលាការ។

អភិបាលរងខេត្តបាត់ដំបងថា៖ «បើសិនជាម្ចាស់ទីតាំងមានលួចលាក់គឺយើងមានវិធានការច្បាប់ ទី១ នោះ​គឺបិទទីតាំង ទី២ នោះម្ចាស់ត្រូវកសាងសំណុំរឿងឡើងតុលាការ។ នេះជាវិធានការ​ដែលយើង​បាន​រៀបចំធ្វើរួច​ហើយនិងមានកិច្ចសន្យារួចអស់ហើយ»។

ចំពោះលោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុងវិញថ្លែងថា៖ «​រដ្ឋបាល​ខេត្តបាន​ចាត់​ចែង​រួចហើយ បន្ទាប់ពីទទួលបានសារណែនាំគឺសាលាខេត្តបានប្រជុំ មន្ទីរអង្គភាព អាជ្ញាធរ​ក្រុងស្រុក និង​ឃុំសង្កាត់ទាំងអស់បានចាត់ចែងការងារទាំងអស់ហ្នឹងរួចហើយ ជាមួយនឹងយុវជន និងសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធចាត់ចែងអស់ហើយ ហើយក៏កំពុងតែធ្វើជាបន្តបន្ទាប់និងសកម្ម។

លោក អំ សំអាត ជានាយកប្រតិបត្តិអង្គការលីកាដូ ប្រាប់ថាបញ្ហាគ្រឿងញៀន​មានការ​បង្រ្កាប​ជា​បន្ត​បន្ទាប់​ក៏ដោយ ប៉ុន្តែនៅតែស្ថិតនៅក្នុងស្ថានភាពគួរឲ្យបារម្ភនៅឡើយដែលទាមទារឲ្យមាន​វិធានការ​តឹងរឹង​ដើម្បីប្រយុទ្ធប្រឆាំងទៅលើបញ្ហានេះ។

លោក អំ សំអាតថ្លែងថា៖ «យើងសង្កេតឃើញគ្រឿងញៀនបំផ្លាញមនុស្ស និងសង្គមជាតិ ជា​ពិសេស​​ទៅលើការអភិវឌ្ឍន៍ប្រទេសយើងនៅថ្ងៃអនាគត។ មិនតែប៉ុណ្ណោះគ្រឿងញៀន​ក៏បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ​​ផងដែរ ដូច្នេះយើងត្រូវតែមានវិធានការឲ្យបានតឹងរឹងដើម្បី​ប្រយុទ្ធប្រឆាំង​ទៅលើ​បញ្ហា​នេះ»។

លោកបានបន្តថា៖ «ការដាក់គោលការណ៍អនុវត្តគឺជារឿងមួយ ប៉ុន្តែអ្វីដែលជាប្រសិទ្ធភាព​ហើយ​សំខាន់​​​គឺការអនុវត្តផ្ទាល់ ភូមិឃុំមានសុវត្ថិភាព និងគ្មាន​គ្រឿងញៀននេះទាល់តែអាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​អនុវត្តឱ្យមានប្រសិទ្ធភាព នឹងត្រូវចៀសឲ្យផុតពីគ្រឿងញៀន បើតាមយើងមើលឃើញ​មាន​ការ​កើន​ឡើងជាពិសេសគឺការកើនគីឡូនៃគ្រឿងញៀន ហើយភាគច្រើនទាក់ទងជាមួយ​នឹងជន​បរទេស​ច្រើន»។

យោងតាមគេហទំព័រអាស៊ីសេរីផ្សាយថា រយៈ​ពេល ៦៣ថ្ងៃ នៃ​យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​​នា​ដើម​ឆ្នាំ​២០២៤​ សមត្ថកិច្ច​បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ ៦៥៩​ករណី ហើយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ ៣.៨៩៩​នាក់។ ចំណែកកន្លះឆ្នាំដំបូងនៃឆ្នាំ២០២៤ សមត្ថកិច្ច​បង្ក្រាបបានគ្រឿងញៀន​ចំនួន៥តោន នេះបើយោងតាមការផ្សាយរបស់វិទ្យុបារំាងអន្តរជាតិ។

កាលពីថ្មីៗនេះរដ្ឋាភិបាល បានបង្កើតកម្មវិធីទូរសព្ទថ្មីមួយឈ្មោះថា «NoDrug» ដែល​ជាមធ្យោបាយ​រាយការណ៍​អំពីករណីប្រើប្រាស់ ជួញដូរ ការដឹកជញ្ជូន និងកែច្នៃផលិតគ្រឿងញៀន ក្នុងសហគមន៍​ទៅកាន់ក្រុម​ការងារ ដើម្បីឲ្យអាជ្ញាធរចុះបង្រ្កាបបានទាន់ពេលវេលា និងជយយលុបបំបាត់គ្រឿងញៀន​ក្នុង​សហគមន៍៕