ប្រមាណ​១០គីឡូមែត្រពីក្រុងភ្នំពេញ ផ្ទះមួយចំនួននៃសហគមន៍បឹងតាមោកបានរុះរើទៅទីតាំងថ្មីដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីទីតាំងចេញពីផ្លូវ១៣០ស្ថិតក្នុងខណ្ឌព្រែកព្នៅ។ផ្ទុយពីផ្ទះផ្សេងទៀ តដែលកំពុងរុះរើមានសំឡេងតុងតាំង ផ្ទះឈើមួយខ្នងដែលជាប់នឹងផ្ទៃបឹងតាមោកដែលត្រូវបានចាក់ដីបំពេញរៀងរាល់ថ្ងៃ ក៏អាចនឹងមានវាសនា មិនខុសពីលំនៅឋានផ្សេងទៀតប៉ុន្មានដែរ។ថ្វីបើម្ចាស់​​ផ្ទះ​នេះ មិនព្រមចាកចេញ ការចាក់ដីលប់រាល់ថ្ងៃនេះ មិនយូរមិនឆាប់ផ្ទះមួយខ្នង​នេះ នឹងលែងមា​នរូ​ប​រាងបង្អួតគេឯងដូ​ចមុ​នទៀតហើយ ក្នុងពេលដ៏ខ្លី។

តំណាងពលរដ្ឋបឹងតាមោក អ្នកស្រី ស៊ា ដាវី លើកឡើងថាអ្នកស្រី បានទទួលសំណងចុងក្រោយគេ កាលពីចុងខែកក្កដា ឆ្នាំនេះ ដោយអាជ្ញាធរនៃខណ្ឌព្រែកព្នៅបានផ្ដល់ដីពីរឡូតិ៍ និងផ្ទះពីរខ្នង ដែលមា​ន​ទំហំក្បាលដី​៤ម៉ែត្រ បណ្ដោយជាង២០ម៉ែត្រ និងលុយ៣ម៉ឺនដុល្លារអាមេរិក។

អ្នកស្រីបន្តថាកន្លងមកអ្នកស្រីបានចូលរួមជាមួយពលរដ្ឋផ្សេងទៀតដែរ ដើម្បីស្នើសុំរស់នៅទីតាំងជាប់នឹង​ផ្ទៃបឹងតាមោក ប៉ុន្តែអាជ្ញាធរ និងតុលាការបានចោទប្រកាន់លោកស្រី និងតំណាងពលរដ្ឋផ្សេងទៀ​​ត ដែលជំរុញធ្វើឲ្យអ្នកស្រី និងពលរដ្ឋផ្សេងទៀតបង្ខំចិត្តទទួលយកសំណង។

អ្នកស្រីបន្តថា៖«វាបន្ថយសម្ពាធកុំឲ្យយើងរវល់ជាមួយអាការឈ្លោះគ្នាញាំញីនឹង បើថាឲ្យយើងពេញចិត្ត​​​សប្បាយរីករាយនឹងទៅ ដូចអត់មានទេ តែកាត់ដូរនឹងសេរីភាពកុំឲ្យមានការឈ្លោះគ្នា បង្ករ​​​​ហឹង្សាអីតទៅទៀត ដូចថាយើងធុញទ្រាន់រស់នៅក្នុងសភាពនឹងណាស់ »។

បឹងតាមោកជាបឹងធំជាងគេ និងអាចស្ដុកទឹកបានច្រើនជាងគេដែរនៅក្នុងរាធានីភ្នំពេញ។នៅជុំវិញបឹងមានប្រជាជនរស់នៅប្រមាណ ៣០០គ្រួសារ និងមានមនុស្សប្រហែល ១ ០០០នាក់ ដែលភាគច្រើនពួ​ក​​គេប្រ​​ក​​បរ​បរចិញ្ចឹមជីវិតដោយការនេសាទត្រី ដាំដំណាំ ចិញ្ចឹមត្រី និងរកស៊ីលក់ដូរនៅផ្ទះ។​ហើយ​បឹង​នេះ ក៏ជាទីតាំងដែលមានប្រព័ន្ធអេកូដ៏សម្បូរបែប និងចម្រុះរបស់សត្វស្លាប និងសត្វត្រី។​

ទោះ​ជា​យ៉ាងណា​​ គិត​ត្រឹម​​ខែ​សីហា​ ឆ្នាំ​២០២៣​កន្លងទៅ រដ្ឋាភិបាលបានកាត់ដីបឹងចំនួន៧៩លើក ប្រ​​គ​ល់​ឱ្យ​ឯកជន និងក្រសួងនានា ដែលមានចំនួនជាង២ពាន់ (២,៤១១)ហិកតា នៃផ្ទៃបឹងសរុបជាង ៣ពាន់ (៣,២៣៩) ហិកតា។

ចាប់​តាំង​ពី​រដ្ឋាភិបាល​ចាប់​​ផ្ដើម​កាត់​​​ផ្ទៃ​បឹង​តា​មោកកាល​​ពី​ឆ្នាំ​២០១៨​មក ​​​​សហគមន៍​បឹង​តា​មោក​​ចាប់​ផ្ដើ​​​​មចេញ​តស៊ូមតិ​ ​ហើយត្រូវរង់ដោយ​​អំពើ​ហិង្សា​​ជា​​បន្តបន្ទាប់​​​នៅ​ពេល​​ពួកគេ​ សំដែងនៅ​នៅ​តាម​ដង​ផ្លូវ​​​។ ​​​​

ប្រភពដដែលបន្តថា​សាលាដំបូង​រាជធានី​​ភ្នំពេញ​បាន​ចោទ​ប្រកាន់​​អ្នក​ស្រី​​​​ និង​ក្រុម​គ្រួសារ​ចំនួន​៣​ករ​​ណី​​​​​ក្រោម​បទ​ចោទ​​​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​​ និង​បទ​ចោទ​ផ្សេង​​ៗទៀត​។អ្នក​ស្រី​ថា​​​​​​​​​​​មូលហេតុ​ដែល​អ្នក​ស្រី​ចង់​រស់​នៅ​ទីតាំង​ចាស់​នេះ​គឺ​ដោយ​សារ​តែ​​​​ជាប់​នឹង​ផ្លូវ​ធំ​ដែល​អាច​ឱ្យ​អ្នក​ស្រី​លក់​ដូរ​បាន​​​ ហើយ​អ្នក​ស្រី​ថា​​ផ្ទះ​នេះ​គឺ​ជា​អនុស្សាវរីយ៍ ​​​​អស់​រយៈ​ពេល​​ប្រមាណ​៣០​ឆ្នាំ​ម​​ក​​​ហើយ​។

​​​​បើតាមអ្នកស្រី​ ស៊ា ដាវី ​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រូបគេ​បាន​​​ចូល​រួម​​ជាមួយ​សមាជិក​ស​​ហ​គមន៍​ផ្សេង​ទៀត​ ដើម្បី​តស៊ូ​មតិ​ដោយ​អហិង្សា​ ទាមទារសុំ​រស់​នៅទីតាំង​ចាស់ដដែល​។អ្នកស្រី​បន្ត​ថា​​ចា​​ប់​តាំ​​ង​ពី​អ្នក​ស្រី​​តស៊ូមតិ​កន្លង​មក រូបគេ​រង​នូវ​សំពាធ​ផ្លូវ​ចិត្ត​​ និង​រង​អំពើ​ហិង្សា​​ពី​សំណាក់​អាជ្ញាធរថែម​​ទៀ​​​​ត​ផង​​​​។

 ​​​​​​​​​​

​​​​​​​អ្នកស្រីថ្លែងថា៖ «សុខភាពមួយឆ្នាំចុងក្រោយនេះវេទនា និយាយតាំងពីគេលុបដីបឹង រើកន្លែងអាស្រ័យផល ហើយដល់ដីលំនៅឋានទៀត គេដាក់លិខិតឲ្យរុះរើ ផ្ទះអ្នកនេះ ផ្ទះអ្នកនោះ ដល់រុះរើទាំងសហគមន៍ទៀត កាន់តែធ្វើឲ្យគិតច្រើន យប់ខ្លះដេកអត់លក់ទេ ម៉ោងមួយយប់អីទៅអង្គុយឆុងកាហ្វេ អង្គុយម្នាក់ឯង មួយយប់ទល់ភ្លឺ ដើរចេញដើរចូល ស្ត្រេស វាងងុយប៉ុន្តែគេងអត់លក់ »។

គេសង្កេតឃើញថាប្រជាជន​នៅ​តំបន់​បឹង​តាមោក​ដែល​បាន​ទទួល​យក​គោល​នយោបាយ​សំណង​លើក​ដំបូង​មាន​ចំនួន​ ៣២ ខ្នង​ផ្ទះ ហើយ​កំឡុង​ឆ្នាំ​២០២៣​នៅ​សល់ ៧៦ខ្នង​ផ្ទះ ដែល​មាន​​ទៅ​ដល់​ ១០០​គ្រួសារ​បន្ត​ទទួល​យក​គោល​នយោបាយ​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​មាន​សកម្មភាព​ ការ​គំរាម​កំហែង​នានា​ និង​ការ​លាប​ពណ៌​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​ដែល​ព្យាយាម​តវ៉ា​ទាំង​នោះ​ថា​ជា​ក្រុម​គណបក្ស​ប្រឆាំង​។

ចំណែក​តំណាង​ប្រជាពលរដ្ឋ​​បឹង​តាមោក​​ដែល​កំពុង​ភៀស​​ខ្លួន​​​នៅ​ប្រទេស​ថៃ​​ដើម្បី​គេច​ចេញ​ពី​ដីការប​​ស់​​​​តុលាការ​ អ្នកស្រី ប្រាក់ សុភា​​ ឱ្យ​ដឹង​ថា​​ប្ដី​របស់​​​អ្នក​ស្រី​​សម្រេច​ទទួល​យក​សំណងកាលពី​ចុង​ខែ​ មិថុនា នឹងគេដែរ​ ដោយ​ទទួល​បាន ​ផ្ទះ​មួយល្វែង រួមទាំង​ថវិកាមួយ​ម៉ឺន​ដុល្លារ​ គឺ​ដោយ​សារ អាជ្ញាធរ​បាន​​គ្រោង​នឹ​​ង​​ឈូស​ឆាយ​​​​​​លើ​ផ្ទះ​អ្នកស្រី​ និង​ពលរដ្ឋ​ផ្សេង​ទៀត​ដើម្បី​សាងសង់​​​ស្ពាន​​។

បើតាមអ្នកស្រី ប្រាក់ សុភា​​​ សំណង​ដែល​​រដ្ឋាភិបាល​​ផ្ដល់​ឱ្យ​គឺ​មិនអាចបំពេញតម្រូវការចំពោះទីផ្សារ ដែ​ល​មានតម្លៃក្រោមធម្យបានទេ ​​​​ប្រសិនបើគ្រួសារអ្នកស្រីចង់យកទៅប្រើប្រាស់សម្រាប់ការ​តាំងទីលំ​នៅ​​​​​​ថ្មី។អ្នក​ស្រី​ឱ្យ​ដឹង​ថា​​​សាលាដំបូង​រាជធានី​ភ្នំពេញ​​នៅ​​មិន​ទាន់​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី​ចំនួន​៣​ករណី​​​អំឡុង​​​ពេល​ដែល​អ្នក​ស្រី​ចេញ​មុខ​ដឹក​នាំ​ការ​តវ៉ា​កន្លង​មកនៅឡើយទេ​​ ដូច្នេះ​អ្នក​ស្រី​បន្ត​រស់​នៅ​​​ក្រៅ​​ប្រទេស​ដដែល។អ្នក​ស្រីពិតជា​​​​​​សោកស្ដាយ​ដែល​អាជ្ញាធរ​​មិន​អាច​​ឱ្យ​ អ្នកស្រី​ និង​ពលរដ្ឋ​ផ្សេង​ទៀ​ត​​អាច​រស់​នៅ​​​ជាប់​បឹង​តាមោក​បាន​។

អ្នកស្រីបន្តថា៖«បើក្មួយសួរអារម្មណ៍ ឲ្យប្រៀបបាន ប្រៀបអត់បានទេ ប៉ុន្តែយើងត្រូវតែបង្ខំចិត្ត យកដោយការឈឺចិត្តបំផុត [ទទួលសំណងពីរដ្ឋាភិបាល] ហើយបើយើងមិនទទួលយកទេ គឺយើងអត់មានជំរើស ពីព្រោះអីថ្នាក់ដឹកនាំគាត់អត់អើពើ គាត់អត់ខ្វល់ពីការឈឺចាប់របស់ពួកយើងអញ្ចឹង យើងអត់មានជម្រើសទេ »។

ប្រភពដដែលឱ្យដឹងថា​​បឹង​តាមោក​គឺ​មាន​អត្ថន័យ​​​សំខាន់​សម្រាប់​អ្នក​ស្រី​ និង​​ពលរដ្ឋ​ឯ​ទៀត​គឺ​ដោ​យ​​​សា​​​​រ​​បឹង​តាមោក​​ដែល​ធ្លាប់​ឱ្យ​ពលរដ្ឋអាច​​នេសាទ​ត្រី​ បេះផ្កាឈូក​ រកខ្ចៅ​ និង​ចញ្ចឹម​ត្រី​​ សម្រាប់​​ផ្គត់​ផ្គង់​ជីវ​ភា​ព​​ប្រចាំថ្ងៃ បានផ្តល់ក្តីសុខសម្រាប់សហគមន៍ ដែលរស់នៅជុំវិញបឹងធម្មជាតិមួយនេះ​។មួយវិញ​ទៀ​​​​ត​​បឹង​នេះ​ក៏ជា​កន្លែង​រំដោះ​ទឹក​ជំនន់​នៅ​រាជធានី​ភ្នំពេញ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗដែរ។

អ្នកស្រីបន្តថា៖«ទីមួយវាលុបបំបាត់ធនធានធម្មជាតិដែលគួរឲ្យសោកស្ដាយបំផុត ទីពីរបើសិនជាបឹងនឹងនៅ ប្រជាពលរដ្ឋយើងច្រើនគ្រួសាររស់នៅដោយធូធារ ទីបីទៀតសោកស្ដាយការអភិវឌ្ឃមានសិទ្ធរស់នៅតែអស់លោកមន្ត្រី ឧកញ៉ា និងក្រុមហ៊ុន ចំណែកប្រជាពលរដ្ឋពួកយើង ត្រូវតែបង្ខំចិត្តចាកចេញ ដោយក្ដីឈឺចាប់ ដោយការសោកស្ដាយបំផុត ហើយយើងចង់ឲ្យបឹងតាមោកត្រឡប់វិញតែយើងអត់មាជំរើសអ្វី »។

មិនខុសគ្នាទេ ​តំណាង​ពលរដ្ឋ​ម្នាក់​ទៀត ​​ដែល​បង្ខំចិត្តទៅតាំង​លំនៅថ្មី​ អ្នកស្រី សឿន ស្រីសុត ឱ្យដឹង​ថា​​​មូលហេតុ​ដែល​​គ្រួសារ​អ្នក​ស្រី​ព្រម​ទទួល​យក​សំណង​គឺ​នៅ​ពេល​ដែល​​ប្ដី​របស់​​អ្នក​ស្រី​បាន​​ជួប​គ្រោះ​​ថ្នាក់​ចរាចរណ៍​​ធ្ងន់ធ្ងរ​ ហើយ​គ្រួសារ​អ្នកស្រី​មិន​មាន​ថវិកា​ទូទាត់ថ្លៃព្យាបាលជំងឺឱ្យប្តីរបស់អ្នកស្រី។

លើសពីនេះទៀត ​អាជ្ញាធរ​បាន​ផ្ដល់​សំណង​ផ្ទះ​ និង​ដី​ចំនួន​២កន្លែង​ រួម​ទាំងថវិកា​ជាង​១ម៉ឺន​ដុល្លារ​ដែរ ប៉ុ​​ន្តែ​បច្ចុប្បន្ន​​​គ្រួសារ​​របស់ខ្លួន បាន​ចំណាយ​លុយ​ទាំង​នោះ​អស់​​ដោយ​ត្រូវ​​ឱ្យ​ថ្លៃ​ពេទ្យ​​ និង​​ជួសជុល​ផ្ទះ​ប​ន្ថែ​​ម​ដើម្បី​អាច​រស់​នៅ​បាន។ ​

អ្នកស្រី សឿន ស្រីសុត ថ្លែង​​ទៀត​ថា​​សំណង​ដែល​ទទួល​បាន​នេះ​មិន​អាច​ធ្វើ​ឱ្យ​​គ្រួសារ​អ្នកស្រី​អាច​ប្រក​ប​​មុខរបរ​​រកត្រី​​ និង​បេះ​ផ្កាឈូក​ដូច​កន្លែង​ចាស់​បាននោះឡើយ។ហើយបើគិត​ពី​អនាគត​កូនៗ​ដែល​កំ​ពុ​ង​​សិក្សា​​​​វិញ ក៏ជួបបញ្ហាដែរ ដោ​យ​សារ​តែ​ទីតាំង​ថ្មី​​​ស្ថិត​នៅ​ផ្លូវ​លំ​ដែល​មិន​អាច​​​លក់​ដូរ​​បាន​។ ​​ ​​​​​​

អ្នកស្រីបន្តថា ៖«មានតែលក់ដូរតិចតួចនៅផ្ទះបន្តទៀត ព្រោះដោយសារ បញ្ហាក្នុងគ្រួសារខ្ញុំប្ដីខ្ញុំ គាត់ជួបគ្រោះថ្នាក់ចររាចរណ៍អញ្ចឹង គាត់ប៉ះពាល់ក្បាលគាត់អត់អាចចេញទៅរកស៊ីក្រៅបានទេ អញ្ចឹងមានតែខ្ញុំនៅលក់ដូរតិចតួចនៅផ្ទះនឹងដើម្បីប្រកមុខបរបរចិញ្ចឹមជីវិត តទៅថ្ងៃមុខទៀត ដើម្បីដោះទាល់ការសិក្សារបស់កូនអញ្ចឹង ព្រោះបើខ្ញុំចេញរកក្រៅត្រូវចោលប្ដីគាត់អត់មានសតិ អត់មានស្មារតីអញ្ចឹងគឺអាមានហានិភ័យ »។

ដោយឡែក អភិបាលរងសាលារាជធានីភ្នំពេញ លោក កើត ឆែ និងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអា​ន  បដិសេធក្នុងការអត្ថាធិប្បាយចំពោះបញ្ហានេះ មុននឹងផ្តាច់ទូរស័ព្ទចុះ។

រីឯប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង នៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ប្រាប់គេហទំ​​ព័រ N​​​e​​wsroom Cambodia នៅថ្ងៃនេះថា​ទាក់ទង​នឹង​ទំហំនៃសំណងរបស់រដ្ឋាភិបាលចំពោះប្រជាព​ល​រដ្ឋនៅទីនោះនៅមិនទាន់គ្រប់គ្រាន់ ឬស្មើនឹងទំហំនៃសំណងដែលពួកគាត់ត្រូវទទួលបាននោះទេ ព្រោះថាបើដំបន់នោះមានការអភិវឌ្ឍនៅនឹងកន្លែងប្រជាពលរដ្ឋនៅតំបន់នោះអាចមានជីវភាពប្រសើរជាងនេះ​​។

លោកបន្តថា៖«ហើយចំពោះសំណងយើងឃើញថា ប្រជាពលរដ្ឋភាគច្រើនហើយដែលគាត់បានព្រមទទួ​​​លសំណង ហើយដោះដូរទៅទីតាំងផ្សេង ប៉ុន្តែជាកាចាប់អារម្មណ៍របស់ខ្ញុំ ខ្ញុំគិតថាសំណងនោះវាមិនទាន់បានសមរម្យទៅតាមលក្ខខណ្ឌនៃការកាន់ដីធ្លី របស់គាត់នៅឡើយទេ »។

កាលពីឆ្នាំ២០២២ រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីនៃបឹងតាមោកជាង ៧ ហិកតារ(៧,០៥) ឱ្យទៅ​អ​គ្គិ​​ស​នីកម្ពុជា (EDC) និងចំនួន៣ហិកតារទៀត ឱ្យទៅតារាចម្រៀង និងជាសមាជិកបក្សកាន់អំណា​​ច លោ​ក ព្រាប សុវត្ថិ។​ក្រៅពីនេះ ផ្ទៃដីបឹងតាមោកទំហំសរុបជាង៦ហិកតារទៀត កាត់ទៅឱ្យលោ​​ក សេង យូអ៊ាន់ អគ្គ​​នាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃរក្រសួងមហាផ្ទៃ និង កាត់ដី​​បឹងតា​​មោកទំហំ៦៧ ហិកតារ ទៅឱ្យលោក នុត តុន ដែលគេស្គាល់ថាជានាយកក្រុមហ៊ុន អ័រគីដេ វីឡា​​ (​O​​​rkide Villa)។តួលេខនេះ នៅមិនទាន់គិតដល់មន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ដូចជាលោក ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ ជាដើមនៅឡើយផង ដែលធ្លាប់ទទួលបានសិទ្ធិកាន់កាប់ដីនៅ​តំបន់​បឹ​ង​តាមោកនេះដូចគ្នាដែរ៕​