កំពុងអង្គុយលើគ្រែឈើក្រោមផ្ទះជាប់ការដ្ឋានព្រែកជីកហ្វូណនតេជោ ក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក លឹម តុងអេង ជាម្ចាស់ដីនិងផ្ទះដែលប្រឈមនឹងការបាត់បង់ទាំងស្រុងដោយសារគម្រោងសាងសង់ព្រែកជីក។
បុរសវ័យ៧៥ឆ្នាំរូបនេះបន្ថែមថា លោកបានមករស់នៅផ្ទះ និងដីចម្ការប្រហែលជា៥ហិកតានេះ តាំងពីក្រោយរបបខ្មែរក្រហមមកម្ល៉េះ។ លោកថា មកដល់ពេលនេះ លោកមិនទាន់ដឹងពីទំហំនៃសំណងនៅឡើយ ហើយលោកបារម្ភថារដ្ឋាភិបាលមិនមានសំណងសមរម្យសម្រាប់រូបលោក។
លោក តុងអេង និយាយទាំងបង្កប់ភាពសោកសៅថា៖ «ជីកព្រែកដែលប៉ះពាល់ហ្នឹង ខ្ញុំមានអារម្មណ៍ថាភ័យព្រួយ ខ្លាចតែរដ្ឋមិនឱ្យសំណងហ្នឹងច្រើន អ៊ីចឹងទៅខ្ញុំអត់មាន ដូចថាអត់មានលុយយកទៅទិញកន្លែងនៅផ្សេងទៀតហ៎ា»។
លោក លឹម តុងអេង គឺជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ដែលរស់នៅអមសងខាងព្រែកជីកនេះ និងស្ថិតក្នុងចំណោមពលរដ្ឋ១៥០០គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងនេះ ហើយមិនទាន់ទទួលបានព័ត៌មានជាក់លាក់ជុំវិញសំណង។ រដ្ឋាភិបាលអះអាងថាពលរដ្ឋរងផលប៉ះពាល់ទាំងអស់នឹងទទួលបានសំណងសមរម្យ ក៏ប៉ុន្តែអ្នកឃ្លាំមើលសង្គមបារម្ភពីតម្លាភាពនៃការផ្តល់សំណង។
ព្រែកជីកហ្វូនណនតេជោ ត្រូវបានបើកសម្ពោធនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និងឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ព្រែកនេះ មានប្រវែងសរុបប្រមាណជា១៨០គីឡូម៉ែត្រ ដោយមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តដល់សមុទ្រខេត្តកែប។
កំពុងអង្គុយក្រោមសំយ៉ាបផ្ទះដែលមានម៉ាស៊ីនកិនទឹកអំពៅមួយផង លោក ឌឹម ម៉ិច ពលរដ្ឋម្នាក់ទៀតដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកស្ថិតក្នុងឃុំជាមួយលោក តុងអេង ដែរលើកឡើងថា លោកប្រកបរបរលក់ដូរចាប់ហួយនៅទីតាំងនេះ តាំងពីមុនឆ្នាំ២០០០មក។ លោកថា លោកមិនមានដីច្រើនទេ ហើយកន្លែងដែលលោកកំពុងរស់នៅបច្ចុប្បន្នក៏អំណោយផលដល់ការប្រកបរបររកស៊ី ដែលអាចផ្តល់ចំណូលបានប្រមាណជា៨០ម៉ឺនរៀលក្នុងមួយថ្ងៃ ពីការលក់ស្រា ទឹកអំពៅ តែជ្រក់ កាហ្វេ ជាដើម។
លោកបន្ថែមថា លោករីករាយដែលរដ្ឋាភិបាលអភិវឌ្ឍន៍ ប៉ុន្តែលោកមានការបារម្ភខ្លាចថា លោកមិនមានកន្លែងសម្រាប់ស្នាក់នៅបន្ទាប់ពីលោកចាកចេញពីកន្លែងនេះ។
បុរសវ័យ ៥៧ឆ្នាំរូបនេះបាននិយាយទាំងទឹកមុខក្រៀមក្រំថា ដោយសាតែមិនដឹងពីសំណងច្បាស់លាស់ ទើបធ្វើឱ្យពលរដ្ឋដូចជារូបលោកមានកង្វល់។
លោកបានលើកឡើងថា៖ «ទី១ គេមិនប្រាប់ពីចំនួនគេយក ទី២ គេមិនប្រាប់តម្លៃទេ អ៊ីចឹងកង្វល់របស់ប្រជាពលរដ្ឋអត់ដឹងអាតម្លៃនឹងហ៎ា»។
ស្រដៀងនឹងលោកតុងអេងដែរ លោក ឌឹម ម៉ិច បន្ថែមថា ក្នុងគម្រោងតែ១០០ម៉ែត្រទេ ហើយដីរបស់លោកមាន ៨០ម៉ែត្រ បើរដ្ឋយកម្ខាង៥០ម៉ែត្រ លោកអាចមានដីសល់ខ្លះសម្រាប់រស់នៅ។
កំពុងអង្គុយក្រោមផ្ទះឈើចាស់ទ្រុឌទ្រោមដែលមាន៣គ្រួសាររស់ជុំគ្នា លោក វង មេត្តា ពលរដ្ឋដែលរងផលប៉ះពាល់ពីព្រែកជីកម្នាក់ទៀតនិយាយទាំងអស់សង្ឃឹមថា ដីរបស់លោកបានប៉ះពាល់ទាំងអស់ ទាំងដីផ្ទះ និងដីចំការ ប៉ុន្តែមិនទាន់មានភាគីខាងណាបញ្ជាក់អំពីសំណងនៅឡើយ។
លោកបន្ថែមថា ប្រសិនបើលោកត្រូវចាកចេញពីទីនេះ នោះចំណូលរបស់លោកដែលបានមកពីរបរធ្វើស្រែចម្ការ និងកិនស្រូវ នឹងត្រូវបាត់បង់។
លោកបន្តថា៖ «រាល់ថ្ងៃម្នាក់ៗគ្មានអារម្មណ៍រកស៊ី ធ្វើការអីទេ ព្រោះខ្វាយខ្វល់រឿងផលប៉ះពាល់។ ខ្ញុំស្នើសុំរដ្ឋាភិបាលជួយផ្ដល់សំណងឲ្យបានសមរម្យ ព្រោះពេលចាកចេញពីផ្ទះនេះទៅ សូម្បីស្លឹកគ្រៃមួយគល់ក៏មិនអាចយកទៅបានដែរ»។
ពលរដ្ឋដែលផ្តល់សម្ភាសន៍ដល់ Newsroom Cambodia លើកឡើងថា ក្រោយពេលព្រែកជីកត្រូវបានបើកការដ្ឋានសាងសង់ អាជ្ញាធរមកសួរនាំពលរដ្ឋថាឯកភាព ឬអត់ និងសួរពីផលប៉ះពាល់ចង់បានសំណងបែបណា។
នៅអមសងខាងគម្រោងព្រែកជីកនោះ គេឃើញមានស្នាមបាញ់ថ្នាំពណ៌ក្រហមជារង្វង់មូលនៅតាមដើមឈើ ដែលពលរដ្ឋអះអាងថា នៅពេលដែលអាជ្ញាធរបានបាញ់ថ្នាំទាំងនោះពេលចុះមកវាស់វែង ដែលវាស់ពីម្ខាងទៅម្ខាងអមសងខាងព្រែក មានចម្ងាយប្រមាណជា៥០០ម៉ែត្រ ប៉ុន្តែពលរដ្ឋមិនច្បាស់ថាការបាញ់ថ្នាំពណ៌ទាំងនោះមានគោលបំណងបែបណាជាក់លាក់នៅឡើយ។
ថ្លែងក្នុងបាឋកថាស្ដីពី «សក្ដានុពលនៃព្រែកជីកហ្វូណនតេជោសម្រាប់ការអភិវឌ្ឍកម្ពុជា» កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល លើកឡើងថា រដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កកដីដែលនៅជុំវិញគម្រោងព្រែកជីកហ្វូណននោះទាំងអស់ ដោយសារខ្លាចឯកជនទិញដីដែលនៅជាប់គម្រោង។ ក្នុងនោះ ១០០ម៉ែត្រព្រែកជីក ២០០ម៉ែត្រសងខាងព្រែកសម្រាប់ធ្វើផ្លូវ។ ហើយដីមួយចំនួននឹងបង្កកបន្ថែមទៀតដែលមានជម្រើសបីសម្រាប់បង្កក ទីមួយ ១៦០ម៉ែត្រ ទីពីរ ៣០០ម៉ែត្រ និង៣៥០ម៉ែត្រ។
អនុភូមិជ័យឧត្ដម២ លោក សុខ អូន និយាយថា អាជ្ញាធរបានចុះវាស់វែង និងបាញ់ថ្នាំដើម្បីដាក់ចំណាំបណ្ដោះអាសន្នប៉ុណ្ណោះ មិនទាន់យកជាផ្លូវការទេ។
លោកបញ្ជាក់ថា៖ «គេ [រដ្ឋាភិបាល] អត់មានប្រាប់យើងទេ អត់មានប្រាប់យើងរឿងសំណងផលប៉ះពាល់ហ្នឹងយើងទេ អត់មានអ្នកណាដឹងទាំងអស់ ហើយសំណងរដ្ឋាភិបាលលោកបានប្រកាសប្រាប់ហើយ ថាគិតគូរហើយៗ នៅតែគេចុះមកវាស់វែង ហើយគេរុញជាកញ្ចប់ៗតែម្ដង»។
Newsroom Cambodia មិនអាចសុំការអធិប្បាយពីអភិបាលខេត្ដកណ្ដាល លោក គួច ចំរើន បានទេ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ផ្ទះប្រជាពលរដ្ឋជាង១៥០០ខ្នង និងដីស្រែជិត៣ម៉ឺនហិកតា រងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វ៊ូណនតេជោនេះ។
គណៈកម្មការទន្លេមេគង្គ (MRC) បានផ្ញើសារតបនឹងសំណួររបស់ Newsroom Cambodia កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះថា រាល់គម្រោងធំៗទាំងអស់នៅក្នុងអាងទន្លេមេគង្គ រួមទាំងគម្រោងនានានៅតាមដៃទន្លេ គួរតែត្រូវបានវាយតម្លៃសម្រាប់ផលប៉ះពាល់ឆ្លងដែនដែលអាចកើតមាន។
គណៈកម្មការទន្លេមេគង្គបន្ថែមថា រហូតមកដល់ពេលនេះ ខ្លួនមិនទាន់ទទួលបានឯកសារបន្ថែមណាមួយពីកម្ពុជា ទាក់ទងនឹងផលប៉ះពាល់ឆ្លងដែននៃព្រែកជីកហ្វូណនតេជោនៅឡើយទេ ប៉ុន្តែគណៈកម្មការនៅតែទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា ហើយត្រៀមខ្លួនដើម្បីពិនិត្យឯកសារបន្ថែមទៀតដែលមាននាពេលខាងមុខ។
គណៈកម្មការទន្លេមេគង្គបន្ថែមថា៖ «បន្ទាប់ពីការដាក់ស្នើគម្រោងព្រែកជីកហ្វ៊ូណនពីប្រទេសកម្ពុជា និងសំណើ និងកង្វល់ពីប្រទេសសមាជិកផ្សេងទៀត ដូចដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះ MRC កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ គណៈកម្មការកំពុងពិនិត្យ ហើយនឹងផ្តល់យោបល់ដល់ប្រទេសសមាជិក ដើម្បីនាំយកព័ត៌មានបន្ថែមអំពីគម្រោងតាមរយៈការសង្ខេបបច្ចេកទេស និងដំណើរទស្សនកិច្ច ការផ្លាស់ប្តូរបទពិសោធន៍ជាមួយព្រែកជីកស្រដៀងគ្នាផ្សេងទៀត ការត្រួតពិនិត្យរួមគ្នា និងការវាយតម្លៃផលប៉ះពាល់ឆ្លងដែនបន្ថែមទៀតនៅពេលមានការស្នើសុំ»។
ក្នុងពេលចុះទៅពិនិត្យទីតាំងគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ប្រាប់ក្រុមអ្នកសារព័ត៌មានថា ពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងព្រែកជីកហ្វូណននឹងត្រូវទទួលបានសំណងទៅតាមតម្លៃទីផ្សារជាក់ស្តែង។
បើតាមលោក ស៊ុន ចាន់ថុល ការសាងសង់ព្រែកជីកនេះនឹងត្រូវជីកថ្មីទាំងស្រុងត្រឹមតែ៧គីឡូម៉ែត្រប៉ុណ្ណោះនៅក្នុងខេត្តកែបដើម្បីភ្ជាប់ទៅសមុទ្រ។ ចំណែកព្រែកប្រវែង ១៣៥ គីឡូម៉ែត្រដែលមានស្រាប់ គឺគ្រាន់តែដើម្បីពង្រីកឱ្យធំ ហើយ៣៨គីឡូម៉ែត្រផ្សេងទៀតមានចំណុចខ្លះកោងខ្លាំង ដែលគ្រាន់តែត្រូវការជីកតម្រង់បន្ថែមប៉ុណ្ណោះ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការវិវត្តសង្គមលើកឡើងថា ពាក្យថាសំណងសមរម្យនៅប្រទេសកម្ពុជា មិនមានគោលការណ៍ចែងជាក់លាក់ ច្បាស់លាស់ថា សំណងសមរម្យនឹងបែងចែកយ៉ាងណានោះទេ។ លោកថា មូលហេតុនេះទើបនាំឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍតែងមានក្ដីបារម្ភ ទោះបីរដ្ឋាភិបាលសន្យាថានឹងផ្ដល់សំណងសមរម្យជូនពួកគាត់ក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែរឿងឱ្យហើយនៅតែមានអ្នកខ្លះមិនសប្បាយចិត្ដ វាមានរឿងពីរ ទី១ គឺសំណងនឹងមិនសមស្របនឹងការបាត់បង់ ហើយទី២ អាចនឹងបញ្ហាខ្លះដែលអ្នកដែលចាត់ចែងលើហ្នឹង [សំណង] មិនបានបង្ហាញតម្លាភាព ប៉ុន្តែឆ្លៀតយកផលចំណេញក្នុងដំណើរការនៃការផ្ដល់ហ្នឹង [សំណង]»។
ចំណែកលោក យ៉ង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលើកឡើងថា ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសំណងសមរម្យ រដ្ឋាភិបាលគួរតែបង្កើតឱ្យមានគណៈកម្មការត្រួតពិនិត្យ និងដោះស្រាយ ព្រមទាំងភាគីពាក់ព័ន្ធដូចជាសង្គមស៊ីវិល ឬសហគមន៍នៅកន្លែងនោះ ដើម្បីតាមដានដំណើរការនៃការដោះស្រាយ។ លោកថា រដ្ឋាភិបាលមិនត្រូវយកលក្ខខណ្ឌទៅដាក់ឱ្យប្រជាពលរដ្ឋ ប៉ុន្តែត្រូវស្វែងរកបញ្ហារួមដើម្បីដោះស្រាយ។
លោកថា៖ «បទពិសោធន៍នៃការដោះស្រាយកន្លងមកហ្នឹង គឺតែងតែយកលក្ខខណ្ឌរបស់រដ្ឋហ្នឹងយកទៅដាក់ឱ្យពលរដ្ឋ ដែលអ៊ីចឹងហើយដែលពលរដ្ឋហ្នឹងពិបាកនឹងទទួល ប៉ុន្តែអត់បានស្វែងរកដំណោះស្រាយ ស្វែងយល់ពីបញ្ហាពីគ្នាទៅវិញទៅមក»៕