ក្រសួងការពារជាតិកំពុងបើកការស៊ើបអង្កេតលើករណីលោក រ័ត្ន ទីណា ដែលជាមន្ត្រីយោធាឡាយវីដេអូរៀបរាប់អំពីការគាបសង្គត់កូនចៅ និងអំពើពុករលួយរបស់ថ្នាក់លើ។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ Newsroom Cambodia នៅថ្ងៃទី៤ ខែសីហានេះថា ក្រុមការងារដែលពាក់ព័ន្ធកំពុងស៊ើបអង្កេតលើករណីនេះ។ លោកថា លោកកំពុងរងចាំរបាយការណ៍ពីក្រុមការងារស៊ើបអង្កេតដើម្បីដឹងអំពីដំណោះស្រាយ។
លោក សុជាត ប្រាប់៖ «ឥឡូវនឹងកងទ័ពមានខ្សែរយៈចាត់តាំងទៀតគេច្រើនថ្នាក់ មានអគ្គបញ្ជាការ មានកងទ័ពជើងគោក មានយោធភូមិភាគ ចឹងថ្នាក់លើមិនទាន់បានសម្រេចយ៉ាងម៉េចទេ ចាំមើលរបាយការណ៍ក្រុមការងារស៊ើបអង្កេតសិន បានយើងសម្រេចបាន ឥឡូវយោធភូមិភាគកំពុងធ្វើការជាមួយកងទ័ពជើងគោក ហើយបានគេរាយការណ៍មកអគ្គមេបញ្ជាកការ ហើយបានមកក្រសួងការពារជាតិ អ៊ីចឹងរឿងកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយទេ»។
កាលពីថ្ងៃទី២ ខែកញ្ញា លោក រ័ត្ន ទីណា អនុសេនីយ៍ត្រីប្រចាំការនៅយោធភូមិភាគទី៤ ទិសកណ្តាលអូកូនតឹង បានបង្ហោះវីដេអូលើគណនីហ្វេសប៊ុកឈ្មោះ Gidi Jing រៀបរាប់អំពីមេបញ្ជាការរបស់ខ្លួនប្រើអំណាចគាបសង្កត់លើកូនចៅ និងប្រព្រឹត្តអំពើពុករលួយ។ លោកក៏បានរៀបរាប់ថា លោករងការគំរាមកំហែងពីថ្នាក់លើ នៅពេលដែលលោកតែងជួយផ្សព្វផ្សាយបញ្ហារបស់ប្រជាពលរដ្ឋ។
ក្រោយវីដេអូនោះត្រូវបានចែកចាយ នៅថ្ងៃដដែល កងទ័ពជើងគោកយោធភូមិភាគ៤បានចេញលិខិតមួយជូនមេបញ្ជាការយោធភូមិភាគ៤ដោយបញ្ជាក់ថា លោក រ័ត្ន ទីណា ជាអនុសេនីយ៍ត្រី មិនគោរពបទបញ្ជារបស់កងទ័ព។
លិខិតដដែលបញ្ជាក់ថា៖ «លោកអនុសេនីយ៍ត្រី រ័ត្ន ទីណាតែងតែដើរហើរសេរី មិនគោរពបទបញ្ជាគ្រប់ជាន់ថ្នាក់ និងជាពិសេសមិនគោរពវិន័យកងទ័ព […] (មុនថ្ងៃត្រួតពល) ប្រកាសអាសន្ន លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មកប្រចាំការនៅអង្គភាពក្នុង១អាទិត្យមានមុខតែ ១ថ្ងៃប៉ុណ្ណោះ»។
លិខិតដដែលបន្ថែមថា លោក រ័ត្ន ទីណា បានឡាយវីដេអូវាយប្រហារមកលើលោកមេបញ្ជាការរបស់ខ្លួនថាជាការចោទប្រកាន់បំភ្លើសពីការពិត និងជាការញុះញង់ធ្វើឱ្យប៉ះពាល់កិត្តិយសកងយោធពលខេមរភូមិន្ទ។
ក្រោយលិខិតដាក់ជូនមេបញ្ជាការយោធភូមិភាគ៤ត្រូវបានផ្សព្វផ្សាយ គេឃើញវីដេអូដែលលោក រ័ត្ន ទីណា ឡាយនោះ ត្រូវបានលុបចេញ។
Newsroom Cambodia មិនអាចទាក់ទងលោក រ័ត្ន ទីណា ដើម្បីសុំការអត្ថាធិប្បាយបានទេ។
អ្នកសិក្សាពីការវិវត្តសង្គម លោកបណ្ឌិត មាស នី ប្រាប់ Newsroom Cambodia ថា ការដាក់វិន័យលើលោក រ័ត្ន ទីណា គឺជារឿងត្រឹមត្រូវប្រសិនបើលោកធ្វើខុសវិន័យរបស់ទាហាន ប៉ុន្តែលោកថា ប្រសិនបើពាក់ព័ន្ធនឹងករណីរំលោភសិទ្ធិ និងអំពើពុករលួយផ្សេងៗដូចការលើកឡើងក្នុងវីដេអូនោះ ក្រសួងគួរតែធ្វើការស៊ើបអង្កេត។
លោក មាស នី ប្រាប់៖ «បើយើងនិយាយពីវិន័យរបស់ទាហានត្រូវហើយ សម្រាប់កិច្ចការសម្ងាត់របស់ប្រទេសជាតិរឿង រឿងចម្បាំងរឿងអី វាជាកាតព្វកិច្ច ជាវិន័យសំខាន់របស់ទាហាន ប៉ុន្តែសម្រាប់រឿងបញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយផ្សេងៗ ការំលោភសិទ្ធិមនុស្សផ្សេងៗ អាហ្នឹង ក្រសួងការពារជាតិគួរតែមានការស៊ើបអង្កេត ព្រោះធម្មតាទាហានមានវិន័យមែន ប៉ុន្តែប្រសិនបើវិន័យជាវិន័យមិនត្រឹមត្រូវទៅតាមច្បាប់ មិនត្រូវទៅតាមវិន័យរបស់កងទ័ព អាហ្នឹងមិនមែនចេះតែបណ្តោយដែរ»។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានចេញសេចក្តីថ្លែងការណ៍អំពីឃ្លីបវីដេអូមួយទៀតរបស់ឈ្មោះ រ័ត្ន ទីណា ដែលបានអះអាងថា ខ្លួន និងប្រជាពលរដ្ឋចំនួន១៣គ្រួសាររងនូវភាពអយុត្តិធម៌ ដោយខ្លួនរស់នៅលើដីដែលជាអំណោយរបស់មន្ត្រីយោធា៕