ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា កំពុងធ្វើបញ្ជីបច្ចុប្បន្នកម្មបញ្ជីឈ្មោះឧកញ៉ានៅកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សមាគមនេះ កាលពីថ្ងៃសុក្រទី៦ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងសេចក្តីជូនដំណឹងដដែលសមាគមឧកញ៉ាកម្ពុជា បានអំពាវនាវដល់គោរមវន្ដ ឬបុគ្គលជាឧកញ៉ាគ្រប់រូបឲ្យចូលរួមចុះឈ្មោះចូលជាសមាជិកសមាគម ដើម្បីសមាគមអាចធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះឧកញ៉ាឲ្យមានប្រសិទ្ធភាព។ ការធ្វើបច្ចុប្បន្នកម្មបញ្ជីឧកញ៉ានេះ ធ្វើឡើងតាមការណែនាំនៃអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ចុះកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។
អនុក្រឹត្យថ្មីនេះ មានកំណត់ពីបែបបទ និងនីតិវិធីជុំវិញការស្នើសុំ និងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា និងបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ និងប្រពៃណីល្អ។
បើតាមអនុក្រឹត្យថ្មីនេះ លំដាប់ថ្នាក់គោរមងារឧកញ៉ាមាន៣លំដាក់ ថ្នាក់ទី១ «លោកអ្នកឧកញ៉ា» ថ្នាក់ទី២ «អ្នកឧកញ៉ា» និងថ្នាក់ទី៣គឺ «ឧកញ៉ា»។ ខ្លឹមសារនៃអនុក្រឹត្យនោះបន្តថា គោរមវន្ដ ឬបុគ្គលជាឧកញ៉ាត្រូវបង់ប្រាក់វិភាគទានប្រចាំឆ្នាំដល់រដ្ឋាភិបាល។ សម្រាប់គោរមងារលោកអ្នកឧកញ៉ា ត្រូវបង់ ៤០០ លានរៀលក្នុងមួយឆ្នាំ។ ចំពោះអ្នកឧកញ៉ា ត្រូវបង់៦០លានរៀល ក្នុងមួយឆ្នាំ និងចំពោះឧកញ៉ាត្រូវបង់ ៣២លានរៀលក្នុងមួយឆ្នាំ។
ចំពោះទឹកប្រាក់ដែលបានមកពីការបង់វិភាគទានប្រចាំឆ្នាំរបស់ឧកញ៉ា នឹងត្រូវយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍសង្គម។
អ្នកវិភាគនយោបាយនិងសង្គម លោកបណ្ឌិត មាស នី យល់ថាការដាក់ចេញនូវអនុក្រឹត្យនេះគឺជារឿងល្អ ព្រោះបានកំណត់ឱ្យច្បាស់ពីការទទួលបានងារ និងការជួយតាមរយៈថវិកាដល់សង្គម។
លោកបណ្ឌិត មាស នី ថ្លែងថា៖ «ចឹងប្រសិនបើការរៃអង្គាសនេះ ធ្វើទៅបានល្អហើយរដ្ឋាភិបាលចាប់ផ្ដើមបង្ហញនូវការវិនិយោគមួយច្បាស់លាស់ដែលមានជាទឹកប្រាក់មានជាគ្រោង ហ្នឹងវាកាន់តែល្អទៀតល្អទាំងអ្នកជួយ ល្អទាំងអ្នកធ្វើ ហើយក៏មិនបង្កឱ្យមានការរិះគន់រឿងលុយកាក់ និងស្អីៗនៅពេលខាងមុខដែរ»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មើលឃើញថាការកំណត់ជុំវិញការផ្ដល់គោរមងារឧកញ៉ាគឺជាយន្ដការល្អ ដើម្បីធានាថាគោរមងារឧកញ៉ានេះបានផ្ដល់ទៅឱ្យបុគ្គលដែលគួរតែទទួលបាន និងធានាពីគុណតម្លៃគោមរងារឧកញ៉ា។ លោកបន្តថារដ្ឋាភិបាលគួរតែមានយន្ដការត្រួតពិនិត្យ និងតាមបន្ថែម ដើម្បីធានាឱ្យអនុក្រឹត្យនោះរឹតតែមានប្រសិទ្ធភាព។
លោក ប៉ា ចន្ទរឿន ថ្លែងថា៖ «បន្ថែមពីលើអ្វីដែលមានចែងនៅក្នុងអនុក្រឹត្យរដ្ឋាភិបាលគួរតែមានយន្ដការនៅក្នុងការត្រួតពិនិត្យ និងតាមដាន វាយតម្លៃការអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពផងដែរ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តអនុក្រឹត្យនេះ»៕