កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលប្រកាសរកឃើញនិស្សិតកម្ពុជាចំនួន២៦នាក់ ដែលធ្វើដំណើរមកពីប្រទេសចំនួនបីផ្សេងគ្នា មានផ្ទុកជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកក្កដា នេះ បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់ថា នៅថ្ងៃអង្គារនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៦នាក់បន្ថែមទៀត ដោយបានហោះហើរចេញពី៣ប្រទេសផ្សេងគ្នា។ ក្នុងនោះ ៥នាក់ហោះហើរចេញពីប្រទេសអេស្ស៉ីប ២០នាក់ហោះពីប្រទេសរុស្សី និង ម្នាក់ទៀតធ្វើរដំណើរចេញពី ប្រទេសកូរ៉េខាងត្បូង។
សេចក្តីជូនដំណឹងនោះបន្ថែមថា បុរសទាំង២៦នាក់បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ហើយរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២០ ខែកក្កដា និងកំពុងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានឲ្យដឹងថា បុរសទាំង២៦នាក់ដែលមានវិជ្ជមានជំងឺកូវីដ១៩ គឺជានិស្សិតខ្មែរដែលសិក្សានៅក្រៅប្រទេស។ លោកថា ដោយសារពួកគេជាជនជាតិខ្មែរ ដូច្នេះពួកគេមិនបានធ្វើតេស្តនោះទេនៅពេលពេលដែលចាកចេញពីប្រទេសដែលពួកគេរៀន។
លោកបញ្ជាក់ថា៖ «គាត់ជានិស្សិត គាត់ជាជនជាតិខ្មែរ ដូច្នេះមិនបាច់ធ្វើតេស្តពីនោះមកទេ។ សម្រាប់បរទេសគេធ្វើតេស្ត តែសម្រាប់ជនជាតិខ្មែរគឺអត់ទេ»។
លោក លី សូវ៉ាន់ បន្ថែមថា បច្ចុប្បន្នក្រសួងមិនបានដាក់ចេញនូវវិធានការថ្មីដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នោះទេ ក្រៅពីវិធានការដែលមានកន្លងមក។ លោកក៏បានអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការទប់ស្កាត់ជំងឺនេះផងដែរ។
លោកថា៖ «ដោយសារប្រទេសគេកំពុងតែផ្ទុះ អីចឹង ហើយការប្រឈមហ្នឹងអាចកើតមានគ្រប់ពេលវេលាទាំងអស់។ តែប្រហែស គឹហ្នឹងអាចឆេះដូចភ្លើងចំបើង អីចឹងមានតែការចូលរួមទាំងអស់គ្នាទេ បានអាចការពារបាន»។
បើតាមក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១៩៧នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៤០នាក់ និង៥៥នាក់ទៀត កំពុងព្យាបាល ក្នុងរាជធានីភ្នំពេញ៕