ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៏(LRSU) កញ្ញា ឈឹម ស៊ីថរ បានបង្ហាញឆន្ទៈក្នុងការជួយដល់សមាជិកសហជីពរបស់ខ្លួន ដើម្បីឱ្យមានដំណោះស្រាយចំពោះវិវាទការងារនៅក្រុមហ៊ុនណាហ្កាវើលដ៍ ក្រោយពីកញ្ញាបានអនុវត្តទោសចប់អស់រយៈពេល ២ឆ្នាំ ក្នុងពន្ធនាគារ ក្រោមបទចោទញុះញង់។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០២២ ហើយបន្ទាប់ពីជាប់ឃុំខ្លួននៅ «មណ្ឌលអប់រំកែប្រែទី២» អស់រយៈពេល២ខែ កញ្ញាត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន អំឡុងខែមីនា ឆ្នាំ២០២២។ ប៉ុន្តែកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានសហជីពរូបនេះត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រឡប់មកពីប្រទេសអូស្ត្រាលី ពីបទ រំលោភលើលក្ខខណ្ឌនៃការនៅក្រៅឃុំ។
តែយ៉ាងណា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ កញ្ញា ឈឹម ស៊ីថរ ដែលជាម្ចាស់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២៤ពីប្រទេសស៊ុយអ៊ែតផងនោះ ត្រូវបានដោះលែងពីពន្ធនាគារហើយ ក្រោយពីអនុវត្តទោសគ្រប់ ២ឆ្នាំ។
កញ្ញា ឈឹម ស៊ីថរ បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចេញពីពន្ធនាគារថា ការដែលកញ្ញាមានសេរីភាពវិញ គឺអាចឱ្យកញ្ញាបន្តជួយសមាជិកសហជីព តវ៉ាទាមទាររកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទការងារនៅក្រុមហ៊ុនណាហ្កាវើលដ៏ ដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។ កញ្ញាបន្តថា កញ្ញាមានការសោកស្ដាយចំពោះការអូសបន្លាយនៃបញ្ហានៅក្រុមហ៊ុនណាហ្កាវើលដ៍ តែកញ្ញាសង្ឃឹមថា បញ្ហានេះនឹងត្រូវបានមើលឃើញ និងដោះស្រាយនាពេលខាងមុខ។
កញ្ញា ឈឹម ស៊ីថរ និយាយថា៖ «សប្បាយចិត្តនៅត្រង់ថាអាចមកបន្តការងារជាមួយនឹងក្រុមការងារបាន ពីព្រោះថា និយាយដោយស្មោះត្រង់ ទោះបីនាងខ្ញុំជាប់ពន្ធនាគារមែន ប៉ុន្តែក្រុមការងារខាងក្រៅគាត់មានការនឿយហត់ច្រើន ចឹងនាងខ្ញុំអត់បានចូលរួមចំណែក។ ឥឡូវហ្នឹងបានចូលរួមចំណែកជួយពួកគាត់វិញជាការធូរស្រាលខាងផ្លូវចិត្តដែលថា យើងបានជួយក្រុមការងារ។ ហើយអារម្មណ៍មួយទៀត គឺនៅតែមានការសោកស្ដាយចំពោះវិវាទនៅក្រុមហ៊ុនណាហ្កាវើលដ៍ ដែលអូសបន្លាយពេលជាង ២ឆ្នាំ ហើយតែមិនមានដំណោះស្រាយ។ ហើយយើងសង្ឃឹមថា បន្តទៅមុខទៀតថ្នាក់ដឹកនាំនឹងមើលឃើញថា បញ្ហាដែលនៅក្រុមហ៊ុនណាហ្កាវើលដ៍នេះ គឺជាបញ្ហាដែលត្រូវតែដោះស្រាយ»។
ប្រធានសហជីពរូបនេះបន្តថា៖ «ខ្ញុំគិតថាទាំងអស់គ្នាបានដឹង អំពីការតស៊ូមតិរបស់ក្រុមហ៊ុនណាហ្កាវើលដ៍ជាង ២ឆ្នាំមកនេះ មិនទាន់ទទួលបានដំណោះស្រាយសូម្បីតែ១ចំណុច នៅក្នុងចំណោមការទាមទារ ៩ចំណុចរបស់កម្មករ ជាពិសេសគឺចំណុចការទាមទារឱ្យទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកត្រឡប់ចូលធ្វើការវិញ អញ្ចឹងទាំងនាងខ្ញុំ ក៏ដូចជាសមាជិកសហជីពទាំងអស់ ដែលនៅបន្តការទាមទារហ្នឹងនៅតែប្តេជ្ញាចិត្តក្នុងការបន្តការតស៊ូមតិរហូតទទួលបានដំណោះស្រាយ ដែលគេអាចទទួលបាន[…] មែនទែនទៅ សកម្មភាពដែលយើងធ្វើកន្លងមកហ្នឹង គឺនៅតែបន្តធ្វើ យើងនឹងជជែកគ្នាបន្ថែមទៀតថា ក្នុងស្ថានភាពលំបាកបែបនេះ យើងនឹងត្រូវធ្វើបែបណា ហើយមកដល់ពេលនេះ នាងខ្ញុំអត់ទាន់អាចឆ្លើយបាន ដោយសារយើងអត់ទាន់បានជជែកពិភាក្សាអីទេ ដោយសារជាថ្ងៃដំបូង»។
អ្នកស្រី ម៉ម សុវឌ្ឍិន ជាកូដករណាហ្កាវើលដ៍ ប្រាប់Newsroom Cambodia ថា កញ្ញា ឈឹម ស៊ីថរ មិនមានកំហុសអ្វីទាំងអស់ តែបែរជាជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ តែយ៉ាងណា អ្នកស្រីសប្បាយរីករាយដែលទទួលដំណឹងថាកញ្ញា ឈឹម ស៊ីថរ មានសេរីភាពវិញ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងស្ថាប័ន្ថពាក់ព័ន្ធ នឹងជួយដោះស្រាយបញ្ហានៅក្រុមហ៊ុនណាហ្គានេះ ឱ្យបានឆាប់ផងដែរ។
អ្នកស្រីបន្ថែមថា៖ «សម្រាប់បងរំភើប និងត្រេកអរជំនួសដែលគាត់មានសេរីភាពឡើងវិញ សេរីភាពនៃការដើរហើរខាងក្រៅ ប៉ុន្តែមួយជ្រុងទៀត មិនទាន់សប្បាយចិត្តដោយសារវាជាភាពអយុត្តិធម៌សម្រាប់គាត់ដែរអត់ធ្វើអីខុសសោះបែរជាជួបរឿងទាំងនេះ ហើយដំណោះស្រាយក៏អត់ទាន់មាន[…] មានតែស្នើសុំហើយស្នើសុំទៀត សុំរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ជួយអន្តាគមន៍ដោះស្រាយឱ្យកម្មករទៅ កុំទុកចោលអញ្ចឹង ព្រោះកាលណាទុកចោលទៅធ្វើឱ្យប្រទេសយើង បាក់មុខមាត់លើឆាកអន្តរជាតិ»។
រីឯអនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្កាវើលដ៍ អ្នកស្រី ឈឹម សុខន ក៏បានបង្ហាញក្តីរីករាយ ដែលបានឃើញកញ្ញា ឈឹម ស៊ីថរ មានសេរីភាព និងវិលមកជួបជុំគ្រួសារ និងក្រុមការងារវិញ។ ប៉ុន្តែអ្នកស្រីថា នេះមិនបង្ហាញថា កញ្ញា ឈឹម ស៊ីថរ ទទួលបានយុត្តិធម៌ព្រោះតែការដោះលែងនេះទេ ដោយសារកញ្ញាបានអនុវត្តន៍ទោសចប់សព្វគ្រប់ មិនមែនជាការទម្លាក់បទចោទប្រកាន់នោះឡើយ។
អ្នកស្រីបន្ថែមថា៖ «ទន្ទឹមនឹងការសប្បាយចិត្តហ្នឹង បងមានអារម្មណ៍ថា គាត់រងអយុត្តិធម៌ ព្រោះការដោះលែងឱ្យមានសេរីភាពនេះ គឺគាត់អនុវត្តទោសចប់ មិនដោះលែងដោយកាលើកបទចោទទេ អញ្ចឹងបើទោះជាយ៉ាងណា យើងសប្បាយចិត្ត ប៉ុន្តែក៏យើងអត់ទាន់ទទួលយុត្តិធម៌អញ្ចឹង»។
ពាក់ព័ន្ធនឹងវិវាទការងារនៅក្រុមហ៊ុនណាហ្កាវើលដ៍វិញ អ្នកស្រី ឈឹម សុខន បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធ ព្រមទាំងក្រុមហ៊ុនណាហ្គា ជួយដោះស្រាយបញ្ចប់វិវាទការងារនេះឱ្យបានឆាប់។
អ្នកស្រីបន្ថែមថា៖ «បងមានតែសំណូមឱ្យក្រសួងពាក់ព័ន្ធដែលមានសិទ្ធអំណាច ដោះស្រាយវិវាទហ្នឹង ឬរដ្ឋាភិបាល ឬក៏ក្រុមហ៊ុនណាហ្គាហ្នឹងក៏ដោយ នៅតែស្នើសុំឱ្យពួកគាត់ដោះស្រាយបញ្ចប់វិវាទហ្នឹងទៅ ព្រោះអីក្រុមហ៊ុនគាត់នៅត្រូវការបុគ្គលិក ហើយពួកយើងជាបុគ្គលិកមានចំណេះជំនាញស្រាប់ ហេតុអ្វីមិនដោះស្រាយយកពួកយើងចូលធ្វើការវិញ?»។
លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់ Newsroom Cambodia ថា ការដោះលែងកញ្ញា ឈឹម ស៊ីថរ ធ្វើឡើងនៅម៉ោងជិត ៥ទៀបភ្លឺ ហើយអាជ្ញាធរបានជូនកញ្ញាទៅដល់ផ្ទះផ្ទាល់ ដោយសាអាជ្ញាធរបារម្ភចំពោះអ្នកគាំទ្រ កញ្ញា ឈឹម ស៊ីថរ បង្ករឱ្យមានការកកស្ទះ និងអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
លោកមានប្រសាសន៍ថា៖ «សូមជម្រាបថា មូលហេតុសំខាន់ខាងយើងសម្រេចចិត្តយក[កញ្ញា ឈឹម ស៊ីថរ]ទៅ[ផ្ទះ]អញ្ចឹង ដោយសារទី១ យើងក្តាប់ព័ត៌មានបានថា មានមនុស្សមួយក្រុមគាត់មានគម្រោងមក ធ្វើបាតុកម្ម ឬធ្វើកម្មវិធីជុំគ្នានៅមុខមណ្ឌលកែប្រែ ម២ ហើយបច្ចុប្បន្នផ្លូវខាងមុខ ថ្ងៃចូលធ្វើការថ្ងៃចន្ទហ្នឹងប្រជាពលរដ្ឋគាត់ធ្វើដំណើឆ្លងកាត់ច្រើន អញ្ចឹងបើសិនជាយើងដោះលែង នៅពេលដែលគាត់មានឱកាសបានជុំគ្នាហ្នឹង អាហ្នឹងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយមានការកកស្ទះ ពិបាកណាស់ អញ្ចឹងបានយើងសម្រេចចិត្ត អនុវត្តនូវវិធានការបែបហ្នឹង»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សាទរចំពោះការមានសេរីភាពវិញរបស់ កញ្ញា ឈឹម ស៊ីថរ។ តែយ៉ាងណា លោកនៅតែមានការសោកស្តាយ ដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារយ:ពេល ២ឆ្នាំ ពីបទ ញុះញង់ ទាំងអយុត្តិធម៌ រួមទាំងថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរណាហ្កាវើលដ៍ផ្សេងទៀត។
លោកបន្តថា៖ «ជាការពិត វិវាទការងាររវាងក្រុមហ៊ុនណាហ្កាវើលដ៍ និងបុគ្គលិក អតីតបុគ្គលិក និងសហជីព គួរត្រូវបានដោះស្រាយដោយសន្តិវិធី មិនគួរកូដកម្មដោយសន្តិវិធី ដោយបានអនុវត្តត្រឹមត្រូវតាមនីតិវិធី ត្រូវបានចាប់ខ្លួនមេដឹកនាំសហជីព និងសមាជិកសហជីព ដោយចោទប្រកាន់ និងផ្តន្ទាទោស ហើយកូដកម្មរាប់សិបឆ្នាំមិនទាន់ត្រូវបានដោះស្រាយបញ្ចប់។ ផ្ទុយទៅវិញ ធ្វើឱ្យសហគមន៍អន្តរជាតិលើកឡើងថា ការផ្តន្ទាទោសកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព ណាហ្កាវើលដ៍ជាការធ្វើទុក្ខបុកម្នេញសហជីពណាហ្កាវើលដ៍ និងរំលោភសិទ្ធិការងារទៅវិញ។ ខ្ញុំយល់ថា ល្មមដល់ពេលក្រសួងពាក់ព័ន្ធជំរុញឱ្យមានដំណោះស្រាយដើម្បីបញ្ចប់វិវាទការងាររវាងបុគ្គលិក អតីតបុគ្គលិក សហជីពណាហ្កាវើលដ៍ និងក្រុមហ៊ុនណាហ្កាវើលដ៍ហើយ»៕