ភ្នំពេញ៖ នៅក្នុងបរិវេណហ្វេកតូរីភ្នំពេញ(Factory Phnom Penh)តាមបណ្ដាយផ្លូវ៦០ ម៉ែត្រ ដែល​មាន​មនុស្ស​កុះករ​គ្រប់វ័យ និងចម្រុះជាតិសាសន៍​ជាង៥០០នាក់ ចូលរួម​ក្នុងវេទិកា​ពិភាក្សា​បញ្ហា​​សំណល់​ឬ Waste Summit Cambodia 2024 នៅក្នុងប្រទេសកម្ពុជា។

វេទិកាពិភាក្សាបញ្ហាសំណល់លើកទី៧នេះ  ធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី​ជំរុញការសន្ទនាប្រកបដោយនិរន្តរភាព និងជាវេទិកាមួយបង្កើនឱ្យមានភាព​សហការ​រវាង​អ្នក​ជំនាញបរិស្ថាន អ្នកវិនិយោគ សហគ្រិន តំណាងរដ្ឋាភិបាល​និងភាគីពាក់ព័ន្ធ​ផ្សេង​ទៀត។

កញ្ញា​ នួន ម៉ូនីកា​​ ដែលជាអ្នកគ្រប់គ្រងកម្មវិធីរបស់ Konrad-Adenauer-Stiftung និង​ជាអ្នករៀប​ចំ​កម្មវិធី​វេទិកា​ពិភាក្សា​ពីសំណល់ បានប្រាប់ Newsroom Cambodia ថាវេទិកាចង់ជំរុញឲ្យមាន​ការគ្រប់គ្រង និងគិតគូពីការ​កែច្នៃសំណល់។

អ្នករៀប​ចំ​កម្មវិធី​សម្បុរស្រអែមរូបនេះ​ ឱ្យដឹងថា​ពីមួយឆ្នាំ​ទៅមួយឆ្នាំ មានការកើនឡើង​ទាំង ចំនួនអ្នកចូលរួម​ និងកម្រិត​នៃការយល់ដឹងរបស់ពួកគេ ដោយ​សារវេទិកានេះ បានបណ្តុះគំនិត និងជំរុញការស្វែងយល់​ពីបញ្ហាសំណល់ ទាំងក្នុងការរស់នៅប្រចាំថ្ងៃ និងសហគមន៍​។

កញ្ញា ម៉ូនីកា ពន្យល់ពីសារៈ​សំខាន់ពីការ​ជជែកអំពី​សំណល់យ៉ាងដូច្នេះ៖ «​ពួកគេ​ចាប់ផ្តើម​ឆ្លុះបញ្ចាំង​សកម្មភាពនៃ​ការគ្រប់គ្រងសំណល់​របស់​ពួកគេ […] ការ​​យល់​ដឹង​​ពីការ​គ្រប់គ្រង​សំរាម​ជាវិធីសាស្ត្រ​ដែល​មនុស្ស​អាច​គ្រប់គ្រង​​ជីវិត​​ខ្លួនឯង​បាន​»។

កញ្ញា នួន ម៉ូនីកា ជាអ្នកគ្រប់គ្រងកម្មវិធីរបស់ Konrad-Adenauer-Stiftung និងជាអ្នករៀបចំកម្មវិធីវេទិកាពិភាក្សាពីសំណល់ កំពុងផ្ដល់បទសម្ភាសដល់ Newsroom Cambodia (រូបភាព៖ ភួង សុធីនី)

កញ្ញា ម៉ូនីកា បន្ថែមថាការតាំងបង្ហាញពីស្នាដៃផ្សេងៗដែលកើតពីការកែច្នៃសំណល់ឡើងវិញ​នេះការចែករំលែកចំណេះដឹង​ពីការគ្រប់គ្រងសំរាម ដែលមានផលប្រយោជន៍ដល់ទាំង​​ម្ចា​ស់​អាជីវកម្ម​ និងបុគ្គលិក។​

នៅក្នុង​កម្មវិធី​​នេះ ក៏​មាន​​កិច្ច​​ពិភាក្សា​ជាមួយអ្នកជំនាញ ការសម្តែង និងការ​ដាក់តាំង​បង្ហាញ​នានា ពីដៃគូពាក់ព័ន្ធចំនួន ៥៥ ដែលផ្តោតលើ​ការ​កែច្នៃសំណល់ផ្សេងៗ​ ដូចជាកំប៉ុស ប្លាស្ទិក ស្រកីដូង​​ដើម្បី​ចម្រោះទឹកជាដើម។ អ្នកមានវត្តមានក្នុងវេទិកានេះ បង្ហាញការយល់ឃើញផ្សេងៗគ្នាចំពោះអត្ថប្រយោជន៍ និងចំណេះដឹងដែលពួកគេទទួលបានពីវេទិកានេះ។

កញ្ញា អ៊ូ សូមានុះ ជាវិស្វករទឹក និងបរិស្ថានដែលមានតាំងស្តង់របស់ក្រុមហ៊ុន SUDrain ដែល​ជា​​ក្រុមហ៊ុន​កែច្នៃ​ស្រកីដូង​ដើម្បីច្រោះទឹក​កខ្វក់នៅក្នុងទន្លេ។ កញ្ញាបាន​ឱ្យ​ដឹង​ថា​ វេទិកា​ពិភាក្សា​ពី​​សំណល់​​​នេះមានភាពសំខាន់ដោយសារ​ជួយ​ឱ្យក្មេង​ជំនាន់​​ក្រោយ​​យល់​ដឹង​ពីការ​ប៉ះពាល់បរិស្ថាន និង​ពង្រឹង​ស្មារតីក្នុងការការពារបរិស្ថាន។

កញ្ញា សូមានុះប្រាប់៖ «ការពារបរិស្ថានជាពិសេសគឺឲ្យគាត់ជួយកែច្នៃ ដើម្បីប្រើប្រាស់​ឡើង​វិញ គឺចង់ឱ្យមានការកែច្នៃឡើងវិញ និងជួយបង្កើតអ្វីដែលថ្មីជួយដល់បរិស្ថាន។ បង្កើត​ចំណេះ​ដឹង​ដល់អ្នកជំនាន់ក្រោយឱ្យគាត់ដឹងពីផលប៉ះពាល់អ្វីខ្លះទៅដល់បរិស្ថាន យើងជាខ្មែរដូចគ្នា​ហើយ​​ឲ្យក្មេងជំនាន់ក្រោយហ្នឹងជួយការពារបរិស្ថាន»។

កញ្ញា ចាប ស៊ីណា ដែលជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន Agri Tech Co.LTD ជាក្រុមហ៊ុន​ច្នៃប្រមូល​កាកសំណល់មកផលិតជាកំប៉ុសជាមួយនឹងអាចម៍ជន្លេន បានឱ្យ​ដឹងថា​កម្មវិធីនេះ​​បានជួយឱ្យមានការស្វែងយល់ពីច្នៃសំណល់ទៅជា​កំប៉ុសសម្រាប់ប្រើប្រាស់។

កញ្ញា ស៊ីណា​រៀបរាប់ពីដំណើរការកែច្នៃយ៉ាងដូច្នេះ៖ «យើងប្រមូលបន្លែតាមកសិដ្ឋាន ឬ​តាមផ្សារ​ដើម្បីយកមកកែច្នៃវា នៅពេលយើងកែច្នៃហើយយើងអាច​ឱ្យកសិករប្រើប្រាស់​ជីកំប៉ុសបែបធម្មជាតិ។ ការប្រើប្រាស់ជាកំប៉ុសមិនប៉ះពាល់​ដល់សុខភាពរបស់អ្នកប្រើប្រាស់​ព្រោះវាគ្មានជាតិគីមីទេ ដំណាំរបស់កសិករក៏ល្អ»។

កញ្ញា ចាប ស៊ីណា ជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន T.W.I.N Agri Tech Co.,Ltd កំពុងផ្ដល់បទសម្ភាសដល់ Newsroom Cambodia (រូបភាព៖ ភួង សុធីនី)

យុវជន គីមឆេង អាយុ១៤ ឆ្នាំ ជាសមាជិកនៃក្រុម 4Rs មកពី Leaguer AUPP ដែល​មាន​គម្រោង​ចុះណែនាំពីការយល់ដឹងពីសំណល់ប្លាស្ទិកត្រូវបានកែច្នែកប្រើប្រាស់ឡើងវិញ។

សម្រាប់ គីមឆេង ការប្រមូលផ្តុំស្តង់ដែលធ្វើការងារកែច្នៃសំណល់នេះ បង្កើតឱកាសសម្រាប់​ការជួបជុំពិភាក្សាគ្នា និងអាចរៀនសូត្រពីគ្នាជុំវិញបញ្ហាបរិស្ថាន​នៅក្នុងប្រទេសផង។

កញ្ញា មិន សំនាង អ្នកចូលរួម​ម្នាក់​នៅ​ក្នុង​វេទិកានេះ បង្ហាញចំណាប់អារម្មណ៍លើកិច្ច ពិភាក្សា​ពីការដោះស្រាយបញ្ហាបរិស្ថាន និងកាកសំណល់អ្នកជំនាញផ្សេងៗ។

កញ្ញា សំនាង បានបន្ថែមថា កញ្ញាបានរៀនសូត្រពីការប្រើប្រាស់សំរាម​ឡើងវិញ និង​ការ​កែច្នៃសំណល់​ផ្ទះបាយ​ទៅជា​របស់​ប្រើប្រាស់​ផ្សេងៗ​ដែល​មាន​ប្រយោជន៍​ដូចជា​ចំណី​សត្វ​។

កញ្ញា មិន សំនៀង ជាអ្នកចូលរួមវេទិកាពិភាក្សាកាកសំណល់នៅកម្ពុជា កំពុងបង្ហាញចំណាប់អារម្មណ៍មកកាន់ Newsroom Cambodia (រូបភាព៖ ភួង សុធីនី)

ចំណែកអ្នកចូលរួមម្នាក់ទៀតបាន លោក សឿន រតនា​ ដែល​ជា​និស្សិត​សាលា​ភូមិន្ទ​កសិកម្ម​បានឱ្យដឹងថាការកៃច្នៃសំណល់ឡើងវិញអាចជួយឲ្យកម្ពុជាឈានទៅរកការអភិវឌ្ឍប្រកប​​ដោយចីរភាព។

លោក សឿន រតនា ជាអ្នកចូលរួមក្នុងវេទិកាពិភាក្សាពីបញ្ហាកាកសំណល់នៅកម្ពុជា កំពុងបង្ហាញពីចំណាប់អារម្មណ៍មកកាន់ Newsroom Cambodia

លោក រតនា ប្រាប់៖«មានការផ្ដោតទៅលើការចូលរួមថែរក្សាអ្វីដែលជាចីរភាព ឬក៏ប្រើប្រាស់​ផលិត​ផល​មួយដែលអត់មានការប៉ះពាល់ដល់បរិស្ថាន មួយទៀតគឺគាត់កែច្នៃ របស់ដែលជា​សំរាមឬប្លាស្ទិក គាត់យកមកកែច្នៃទៅជារបស់មួយដែលអាចប្រើប្រាស់បានទៅជារបស់មួយ ដែលមានគុណតម្លៃល្អប្រសើរ»៕