កំពត​៖ សំឡេង​រលក​ទឹក​សមុទ្រ​ អម​ជាមួយ​ខ្យល់​បក​តិចៗ​ លោក​ អ៊ុ​ក​ សុវណ្ណរិទ្ធ​ ប្រធាន​ស​ហគមន៍​នេសាទ​ព្រែក​ត្នោត ដែលកំពុងអង្គុយ​​​ក្នុង​ទី​ស្នាក់​ការនៅខេត្តកំពត ឲ្យដឹងថា មុន​ពេល​បង្កើត​​សហគមន៍នេះ​ ​ប្រជាពលរដ្ឋ​ ព្រម​ទាំង​រូប​លោក​ផ្ទាល់​មិន​មាន​ការ​យល់​ដឹងទំនាក់​ទំនង​រវាង​​ព្រៃ​កោង​កាង និងជីវៈចម្រុះ​នោះ​ទេ​។ លោក អ៊ុក​ សុវណ្ណរិទ្ធ សំដៅដល់ ផល​ប៉ះពាល់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​កោង​កាង​ និ​ង​​សារៈ​សំខា​ន់​នៃការការពារ​ព្រៃកោងកាង​សម្រាប់ជីវៈចម្រុះ។

មាន​ស​ម្បុរ​ខ្មៅ​ស្រអែម​ អម​ជាមួយ​​ទឹក​មុខ​យ៉ាង​មាំ លោក អ៊ុក​ សុវណ្ណរិទ្ធ​ថ្លែង​​ថា​៖​ «កា​រ​បង្កើត​សហគមន៍​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ និង​ការពារ​ដើម្បី​កុំ​​ឱ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់​ អ្នក​ដែល​មាន​ឧបករណ៍​ធំៗ​គាត់​មក​ធ្វើ​ការ​នេសាទ​ដល់​ដែន​ទឹក​រាក់​ដែល​មាន​ជម្រៅ ​២​ទៅ​៣​ម៉ែត្រ​ ហើយ​សម្បូរ​ទៅ​ដោយ​ស្មៅ​»។

លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ស​ហគមន៍​នេសាទ​ព្រែក​ត្នោតនេះ បាននិងកំពុង​ចូលរួម​ការពារនិរន្តរភាពព្រៃកោងកាង បន្ទាប់​ពី​ធនធាន​​​ធម្មជាតិ​​​​​នៅតំបន់នេះ​ឈានទៅរកការផុតពូជ ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​​កាប់​បំផ្លាញ​ ក្រោម​​​រូបភាព​​យកទៅ​ធ្វើ​អូស​ដុត​ និង​ កាប់ព្រៃ​​ដើម្បី​នេសាទ​ត្រី​។ តាំង​ពី​ឆ្នាំ​២០១៦​ រហូត​មក​ដល់​ឆ្នាំ​២០២០​ សហគមន៍នេះបាន​ដាំ​ដើម​កោង​កាង​បាន​ប្រហែល​ពីរ​ម៉ឺន​ដើម​។

ស្ថិត​ក្នុង​ទំហំ​ផ្ទៃដី​ ១,១៦៨​ហិកតា​​ សហគមន៍​នេសាទ​ព្រែកត្នោត​ ជា​កន្លែង​ការពារ​ព្រៃ​កោង​កាង​ពី​ការ​កាប់​បំផ្លាញ​របស់​ប្រជា​ពល​រដ្ឋ​​ និង​ជា​កន្លែង​ដែល​ត្រូវ​បាន​ដាំ​ដុះ​ដើម​កោង​កាង​ឡើង​វិញ។ បន្ថែមពីនេះ សហគមន៍នេះ ក៏​ជា​កន្លែង​អភរិក្ស​ធន​ធាន​ និង​ជីវៈ​ចម្រុះ​សមុទ្រ​យ៉ាង​ច្រើន​ ដូច​ជា​ ផ្កាថ្ម​ ស្មៅ​សមុទ្រ​ ពិ​សេស​​ប្រភេទ​សត្វ​សមុទ្រ​កម្រៗ​ ដូច​ជា​ផ្សោត​ពណ៌​ផ្កា​ឈូក​ ផ្សោត​ក្បាល​ត្រឡោក​ ជ្រូក​ទឹក​ ត្រី​សេះ និងអណ្តើក​សមុទ្រ​ផងដែរ។​

សហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ប្រធាន​សហគមន៍​នេសាទ​ព្រែក​ត្នោត​ លោក​ អ៊ុ​ក​ សុវណ្ណរិទ្ធ​ បាន​ប្រាប់​ថា​ សហគមន៍​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​នេសាទ​នៅ​ក្នុង​ដែន​អភិរក្ស​នោះ​ទេ​ ទោះ​បី​ជា​ប្រើ​ប្រាស់​ឧបករណ៍​ស្រ​​ប​ច្បាប់​ក៏​ដោយ​ ព្រោះ​ជា​កន្លែង​សម្រាប់​ត្រី​ពង​។​

លោក​ថ្លែង​ថា​៖​ «កាល​ណា​​បើ​មិន​បង្កើត​សហគមន៍​ការពារ​នោះ​ទេ​ គឺ​ទូក​អូស​រលើង​អស់​ ហើយ​ពេល​ណា​អស់​ស្មៅ​ហើយ​ គឺ​បាត់​ជម្រក​ជីវៈ​ចម្រុះដូច​​ជា​​ ផ្កាថ្ម​ ស្មៅ​សមុទ្រ​ សត្វ​សមុទ្រដូច​ជា​ផ្សោត​​ ល្មិច​ ឃើញ​អ៊ី​ចឹង​មិន​មែន​មាន​តែ​ឈ្មោះ​មួយ​នឹង​ទេ​ តែ​​យើង​ហៅ​តែ​​​អណ្តើក​ៗ​​​​​ វា​មាន​ល្មិច​ក្បាលធំ​ ល្មិច​ព្រុយបី​ ល្មិច​ប្រផះ​ ល្មិច»។

លោក​ អ៊ុក​ សុវណ្ណរិទ្ធ​ បញ្ជាក់​ថា​បទ​ល្មើស​នេសាទ​ បំពាន​លើ​ដែន​អភិរក្ស​​ គឺ​ជា​ប​ញ្ហា​ប្រឈម​មួយ​ដែល​សហគមន៍​បាន​ជួប​ប្រទះ​។ សហគមន៍​មាន​សិទ្ធិ​គ្រប់​គ្រង​ ការពារ​ និង​អាស្រ័យ​ផល​។

លោក​ សុខ​ ចាន់​ណា​ ជា​ប្រជាពលរដ្ឋ​ និង​ជា​គណៈកម្ម​ការស​ហគមន៍​នេសាទ​ព្រែក​ត្នោត​ លើក​ឡើង​ថា​ កាលពីមុននៅ​ក្នុង​សហគមន៍​នេសាទព្រែកត្នោត​នេះមាន​ដើម​កោង​កាង​ច្រើន​ ប៉ុន្តែក្រោយ​មក​មាន​ការ​ថយ​ចុះ​ដោយ​ការ​កាប់​បំផ្លាញ់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​។ ក៏ប៉ុន្តែលោកថា ​បច្ចុប្បន្ន​សហគមន៍​បាន​សហការណ៍​ជាមួយ​ប្រជាពលរដ្ឋ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដោយបាន​ដាំ​ដើម​កោងកា​ង​ឡើង​វិញ​ នៅ​ក្នុង​តំបន់​ដែល​ធ្លាប់​មាន​ការ​កាប់បំ​ផ្លាញ​​។

លោ​ក​ថ្លែង​ថា​៖​​ «ព្រៃ​​កោង​​កាង​​ពី​​មុ​ន​​មាន​​ច្រើន​​តែ​​ឥឡូវ​វា​សិក​រិច​រិល​ដោយ​សារ​មនុស្ស​ហង​អី​ហង​ដ៏​ចឹង​វា​ថយ​ដែរ​ ហើយ​វា​មាន​កំណើន​កើន​ឡើង​វិញ​ដោយ​សារ​អង្គកា​រ​ និង​សហគមម៍​ចូលរួម​ច្រើន​ក្នុង​ការ​ដាំស្ដារ​ឡើង​វិញ​​»។

លោក សុខ ចាន់ណា ប្រជាពលរដ្ឋ និងជាគណៈកម្មសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

សហគមន៍​នេសា​ទ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ ព្រែក​ត្នោត​ ឃុំ​ព្រែក​ត្នោត​ ក្រុង​បូកគោ​ ខេត្ត​កំពត​។ បើ​​តាម​​ប្រកាស​ស្ដី​ពី​ការ​ចុះ​បញ្ជី​សហគមន៍​នេសាទ សហគមន៍​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ​២០០៤​ ​និងត្រូវបានទទួល​ស្គាល់​ពី​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទនៅឆ្នាំ​២០១១​។ ​

អ្នក​​នាំ​​ពាក្យ​​​ក្រសួង​​កសិកម្ម​ រុក្ខា​​ប្រមាញ់​ និង​​នេសាទ​​ កញ្ញា​ ​អ៊ឹ​ម​​ រចនា​ ថ្លែង​​ថា​រដ្ឋបាល​ជល​ផល​នៃ​ក្រសួង​កសិកម្ម​​ រុក្ខា​ប្រមាញ់​​ និង​នេសាទ​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ទៅ​លើ​ការ​នេសាទ​ខុស​ច្បាប់​ទាំង​នៅ​ក្នុង​សហគមន៍​ព្រៃក​ត្នោត និង​សហគមន៍​ផ្សេងៗ​ដើម្បី​ការ​ពារ​ធន​ធាន​ជល​ផល​នៅ​ក្នុង​ធម្មជាតិ​។ កញ្ញាថា ជាលទ្ធផល​​ទិន្នផល​​ត្រី​នៅ​ឆ្នាំ​២០២៣បាន​កើន​ឡើង ៥% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២២។

កញ្ញា​ថ្លែង​ថា​៖​​ «​គោល​ដៅ​គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​បង្ក្រាប​ការ​នេសាទ​ខុស​ច្បាប់​​ទាំង​នៅ​ក្នុង​សហគមន៍​ព្រែក​​ត្នោត​ក៏​ដោយ​ ទាំង​នៅ​ក្នុង​ទី​កន្លែង​ផ្សេង​ទៀត​ក៏​ដោយ​ធ្វើ​ឡើង​ដោយ​ម៉ត់ចត់​​»។

កញ្ញា​បន្ថែម​ ក្រសួង​មាន​ដៃ​គូរ​សហការដើម្បី​ទំលាក់​ជម្រកត្រី​សិប្បនិ្នមិត្ត ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូ​ឡូស៊ី ទាក់​ទាញ​ឱ្យ​មាន​នូវ​សត្វ​កម្រឡើង​វិញ​ ជួយកាត់​បន្ថយ​​ទូក​នេសាទ​ខុស​ច្បាប់​ដែល​ប្រើ​ឧបករណ៍​អូស​ ដែលបង្ក​ការ​ខូច​ខាត​ធន​ធាន​ជល​ផល​នៅ​ក្រោម​បាត​សមុទ្រ​ផង​ដែរ​។​

លោក ហេង​ គឹមហុង​ ប្រធាន​ប្រតិបត្ដិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​លើក​ឡើង​ថា​ ការ​ជំរុញ​ឱ្យ​សហគមន៍​​​មូលដ្ឋាន​ក្នុង​ការ​ការពារ​ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​នឹង​អាច​ធានា​បាន​ប្រសិទ្ធិភាព​ការងារ​ និង​និរន្ត​ភាព​នៃ​ធនធាន​ទាំង​នោះ​។

លោក​ថា​៖ «តំបន់​ព្រៃ​ឈើ​ តំបន់​អភិរក្ស​ តំបន់​ផ្សេងៗ​ដែល​មាន​អត្ដ​សញ្ញាណ​ច្បាស់​លាស់​នឹង​វា​តែង​តែ​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​សហគមន៍​មូលដ្ឋាន​​ដើម្បី​ចូល​រួម​ ព្រោះ​ថា​សហគមន៍​មូលដ្ឋា​ន​នឹង​គឺ​ជា​អ្នក​ចូល​រួម​ការ​ពារ​យ៉ាង​មាន​ប្រសិទ្ធិភាព​ជាមួយ​អាជ្ញាធរ​ជំនាញ​ ហើយ​ពួក​គេ​ក៏​ជា​អ្នក​អា​ស្រ័យ​ផង​ និង​ជា​អ្នក​ធានា​នូវ​ គេ​ហៅ​ថា​ការ​ឱ្យ​មាន​និរន្ត​ភាព​ធនធាន​ទាំង​នេះ​បាន​ដែរ​»។

លោក​បន្ត​ថា​ ​ អាជ្ញាធរ​ពាក់​ព័ន្ធ​គប្បីគាំទ្រ​ដល់​សហគមន៍​តាម​រយៈ​ការ​ផ្ដល់​មូល​និធិ​ បច្ចេក​ទេស​ និ​ង​ស្មារតី​ដល់​គណកម្មការ​សហគមន៍​ក្នុង​ការការពារ​ ដើម្បី​រក្សា​បាន​ផល​ប្រយោជន៍​រយៈពេល​វែង​។

​សហគមន៍​នេសាទ​ព្រែកត្នោត​ មិនត្រឹមតែជា​កន្លែង​ការពារ​ព្រៃ​កោង​កាង និងជីវៈចម្រុះប៉ុណ្ណោះទេ សហគមន៍នេះក៏ជាតំបន់កំសាន្តលំហែអារម្មណ៍បែបធម្មជាតិផងដែរ។

ស្រ្ដី​វ័យ​​ ៤៣​ឆ្នាំ​ កំពុង​ឈរ​លើ​ស្ពាន​ដែល​កំពុង​មាន​ខ្យល់​បក់​ខ្លាំ​​ង​ៗ​អ្នក​ស្រី​ ស្រី​ តូ​ច​ និយាយ​ទាំង​ទឹក​មុខ​រីក​រាយ​លាយ​ជា​មួយ​ការ​សើច​តិច​ៗផ​ង​នោះ​ថា​ អ្នក​ស្រី​ចូលចិត្ដ​បរិយាកាស​សមុទ្រ​ដែល​មាន​ខ្យល់​ធម្មជាតិ។​ ​

អ្នក​ស្រី​​រំលេច​ពី​ទិដ្ឋភាព​ថ្ងៃ​​លិច​ដែល​មើល​ពី​សហគមន៍​នេះ​យ៉ាងដូច្នេះថា​៖ «ចាប់​អារម្មណ៍ជាង​គេ​គឺ​ទេស​ភាព​ ហើយ​និង​ខ្យល់​ត្រជាក់​ ថ្ងៃ​លិច​ឡើង​ទំន​ង​»។​

ស្រ​ដៀង​គ្នានេះ​ដែ​រ​ កញ្ញា​ លីម​ ភាន​ អាយុ​ ១៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ក្រុង​បូក​គោ​ ​ ដែល​មក​លេង​កំសាន្ដ​ជា​មួយ​មិត្ដភក្ភិ​នៅ​សហគមន៍​​នេះ​និយាយ​ថា ​​កញ្ញា​ចាប់​​អារម្មណ៍ថ្ងៃ​លិច​ជាង​គេ ​មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ដើម​កោង​កាង​ ទឹក​សមុទ្រ​ ស្ពាន​សម្រាប់​អង្គុយ​លេង​ផងដែរ​។

កញ្ញា​បន្ថែម​ថា​ តំបន់​ទេសចរណ៍​នៅ​សហគមន៍​នេសាទ​ព្រែក​ត្នោត​នេះ​នឹង​ធ្វើ​ឱ្យ​ខេត្ត​របស់​កញ្ញា​មាន​ភាព​ល្បី​ល្បាញ​ និង​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​ច្រើន​ដែល​ជា​ប្រភ​ព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​​តំបន់​នេះ​។

កញ្ញា​បន្ថែម​ថា​៖​ «ជួយ​ឱ្យ​ខេ​​ត្ដ​យើង​ល្បី​ ហើយ​មាន​អ្នក​ភ្ញៀវ​ទេសចរណ៍​មកច្រើន​ចឹង​ក៏​ផ្ដល់​ចំណូល​ឱ្យ​​យើង​ច្រើន​ដែរ​»។

កញ្ញា លីម ភាន អ្នកមកលេងកំសាន្ដនៅសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ចំណែក​លោក​ សោ​ ភី​ត​​ អាយុ​ ២៩​ឆ្នាំ​ ដែល​មក​នេ​សាទបែបលំហែនៅ​ក្នុង​តំបន់​សហគមន៍​នេសាទ​ព្រែក​ត្នោត​នេះ​និយាយ​ថា​ ការ​នេសាទ​របស់​លោក​មិន​មាន​ការ​ហាម​ឃាត់​ទេ​ ព្រោះ​លោក​នេសាទ​ដើម្បី​តែ​ហូប​ និង​​ជា​ការ​កំសាន្ដ​ប៉ុណ្ណោះ​។ ហើយលោកយល់ថា ​ការ​បង្កើត​សហគមន៍​នេះ​ជា​រឿង​មួយ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅទី​នេះ ​និង​អ្នក​ទេសចរណ៍​មក​កំសាន្ដ​។

លោក​ថា​៖ «វា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទី​នេះ​ ទាំង​អ្នក​មក​ពី​ចំងាយ​ អ៊ី​ចឹង​វា​ស្អាត​ មិន​ដូច​សមុទ្រ​កន្លែង​ខ្លះ ​ហើយ​ណា​មួយ​មាន​ខ្ចុស​សម្រាប់​ភ្ញៀវ​អង្គុយ​លេង​មើល​ទេសភាព​អ៊ី​ចឹ​​ង​ទៅ​»។

លោក សោ ភីត អ្នកមកនេសាទក្នុងសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ប្រធាន​ស​ហគមន៍ លោក​ អ៊ុក​ ​សុវណ្ណរិទ្ធ​ និយាយថា​ទោះ​បី​ជាកា​រស្ម័គ្រ​ចិត្ដ​ គ្មាន​ប្រាក់​ខែ ​គ្មាន​ពេល​ធ្វើ​ការងារផ្សេង​ក៏​ដោយ​ក៏​លោក​នៅ​តែ​បន្ត​ការងារ​នេះ​ ព្រោះ​ដើម្បី​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ និង​ធន​ធាន​ធម្ម​ជាតិ​នៅ​ទី​នេះ​៕