សាលាដំបូងរាជធានីភ្នំពេញ បានដាក់វិធានតុលាការចំនួន ៥ចំនុច ទៅ​លើ​ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដូចជាតម្រូវឱ្យមានការអនុញ្ញាតចេញក្រៅប្រទេស ជូនដំណឹងករណីលោកប្ដូរទីលំនៅ និងហាមការ​​ជួបជុំ​ជាដើម។

ការដាក់វិធាននេះ ធ្វើឡើងខណៈ លោក រ៉ុង ឈុន បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមដីកាកោះហៅ​របស់ចៅក្រុមស៊ើបសួរ​ លោក ទិត សុទ្ធីបូរ៉ាឆាត ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធបទចោទ «ការ​មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានថ្លែងប្រាប់ក្រុមអ្នកសាព័ត៌មាន​បន្ទាប់ពីលោកចេញពីសាលាដំបូងរាជធានីភ្នំពេញថា តុលាការបានសាកសួរលោក និងបានប្រជុំគ្នាប្រហែលជិត១ម៉ោង ហើយ​ក៏បាន​ដាក់ចេញនូវ​វិធានចំនួន​ ៥ចំនុច ទៅលើរូបលោក។

លោកបានបន្តថា៖ «​​​ទី១ ករណីចេញទៅក្រៅប្រទេស ត្រូវមានការអនុញ្ញាតពីចៅក្រម ទី២ ការផ្លាស់ប្ដូរទីលំនៅត្រូវជូនដំណឹងទៅដល់អាជ្ញាធរ ទី៣ ត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ រៀងរាល់ខែ នៅសប្ដាហ៍ទី៤ ហើយទី៥ ទាក់ទងទៅនឹងការតម្រូវការតុលាការកោះត្រូវសហការ ហើយចុងក្រោយគឺត្រូវហាមសិទ្ធិក្នុងការធ្វើសកម្មភាព ដូចជា​ ការជួបជុំសព្វបែបយ៉ាង ហើយនិងមិនផ្ដល់ការអនុញ្ញាតឱ្យខ្ញុំធ្វើការជួបជុំទេ ហើយបើសិនជាខ្ញុំមិនអនុវត្តទៅតាមវិធានទាំងប៉ុន្មាននេះ ពេលហ្នឹងតុលាការនឹងនាំខ្លួនខ្ញុំហើយ»។

ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ បានបញ្ជាក់ពីជំហររបស់លោកថា លោកនឹងមិនគេចវេសឡើយ ដោយនឹងសហការជាមួយតុលាការតាមការកោះហៅនានា។ ជាមួយគ្នានេះ លោកថា ចំពោះបម្រាមទាំង៥ចំណុចដែលតុលាការបានដាក់ចេញនេះ តុលាការមិនបានបញ្ជាក់ថាត្រូវអនុវត្តរយៈពេលប៉ុន្មាននោះទេ។

Newsroom Cambodia មិនអាចសុំការអធិប្បាយ​ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ លោក អ៊ី រិន្ទ បាន​ទេ​នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះ។

ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី មានប្រសាសន៍​ថា ការ​ដែល​តុលាការ​ដាក់​វិធាន​ថ្មី​មួយចំនួនបន្ថែមលើវិធានចាស់ទៅលើលោក រ៉ុង ឈុន នេះហាក់ដូចជាធ្ងន់ធ្ងរ និងរំលោភសិទ្ធិ​លោក រ៉ុង ឈុន។

លោកថ្លែង​ថា៖«ការដាក់វិធានទៅលើគាត់ហ្នឹងដូចជារឹតបន្តឹង។ នៅក្នុងចំណុចទី១ដែលមាន ក ខ ហ្នឹង អាហ្នឹងគឺជាវិធានចាស់ទេ វិធានមិនអនុញ្ញាតឱ្យផ្លាស់ប្ដូរទីលំនៅ វិធានមិនឱ្យធ្វើការចាកចេញទៅក្រៅប្រទេសហ្នឹងអាហ្នឹងជាវិធានចាស់។ ប៉ុន្តែវិធានថ្មីមួយហ្នឹង ខ្ញុំមិនយល់ហេតុអីបានជាការប្រាស្រ័យទាក់ទងចឹងមានន័យថា​ វាធ្ងន់ធ្ងរពេកហើយណា។ ជាទូទៅ គាត់ចង់ជួបអ្នកណាអ្នកណីគា​ត់ជួប​ទៅ គាត់មិនអាចទៅ ម្នាក់គាត់​ហ្នឹង មិនអាចទៅមានឥទ្ធិពលធ្វើឱ្យមានការរាំងស្ទះ ធ្វើឱ្យមានចលាចល ចលនាកើតឡើងទេអីទេ អត់មានទេ»។

ជុំវិញ​ករណី​នេះ លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់​នៃសមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅ​​កាត់ថា អាដហុក (ADHOC) យល់​ថា ការកោះហៅលោក រ៉ុង ឈុន ចូលបំភ្លឺនៅតុលាការ​ជាថ្មីនេះ ជាការរិតត្បិតសេរីភាព។ លោកបានស្នើឱ្យថ្នាកដឹកនាំ បើក​លំហ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​នៅកម្ពុជា ខណៈ​លោកថាសេរីភាពក្នុងការបញ្ចេញ​មតិ គឺជាកញ្ចក់​ឆ្លុះបញ្ចាំង​​នៃ​សកម្មភាពរបស់រដ្ឋាភិបាល។

លោក​បន្ត​ថា៖ «ខ្ញុំយល់ថា អ្វីដែលលោក រ៉ុង ឈុន ចូលថ្ងៃនេះ​គឺគាត់បានបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ដែលត្រូវឆ្លើយបំភ្លឺ ប៉ុន្តែតាមការកត់សម្គាល់មួយទៀត គឺអ្វីដែលតុលាការលោក កោះហៅបង្គាប់ឱ្យគាត់ចូលខ្លួនទៅឆ្លើយបំភ្លឺពាក់ព័ន្ធទៅនឹង​កាចោទប្រកាន់ពីបទ មិនរាងចាល់ ក៏ដូចជា ការញុះញ៉ង់នេះ វាជាកា​ររិតត្បិតសេរីភាព នៃការបញ្ចេញមតិ សម្រាប់ប្រទេសកម្ពុជាយើង[…] បើសិនជារិតត្បិតគាត់ ក្នុងនាម​គាត់ជាអ្នកនយោបាយ គាត់រិតត្បិតប៉ុណ្ណឹង​ហើយ ចុះទម្រាំពលរដ្ឋសាមញ្ញ តើគាត់ហ៊ាននិយាយ​ដែរឬអត់? ទី២ ប្រទេសកម្ពុជាយើង គឺប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះសេរីភាពបញ្ចេញមតិត្រូវតែមាន ចែងក្នុងរដ្ឋធម្មនុញ្ញ។ អញ្ចឹង​ស្នើសុំទៅដល់រដ្ឋាភិបាល មេត្តាបើកស្ពេស(លំហរ) ដើម្បីស្តារប្រទេសយើងឡើងវិញ កុំឱ្យបរទេសគេដាក់គំនាបមកលើកម្ពុជាយើងនេះ»។

គួរ​ជម្រាបជូន​ថា​ កាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ខ្លួនលោក រ៉ុង ឈុន ដែលពេលនោះ លោក​​ជា​ប្រធាន​សហជីព​ ​និង​ជាសកម្ម​ជន​ការពារ​សិទ្ធិ​ការងារ ​ក្រោយ​ពី​លោក​បាន​ចុះ​ជួបប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ហើយបានអត្ថាធិប្បាយទាក់ទងនឹងបញ្ហាព្រំដែនប្រទេសកម្ពុជា-វៀតណាម។

កាលពី​ថ្ងៃ​ទី​​១៨ ខែ​សីហា ឆ្នាំ២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ ​​បានសម្រេច​​​ផ្ដន្ទាទោស​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​២​៤​ខែ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ពីបទ​«​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ សាលាឧទ្ធរណ៍ភ្នំពេញ​ កាលពី​ថ្ងៃទី​១២ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ បានតម្កល់សេចក្ដីម្រេចសាលាដំបូង​រាជធានី​ភ្នំពេញ​ ទុកជា​បាន​ការ​ តែលោកត្រូវបានដោះលែងដោយតម្រូវ​អនុវត្ត​ទោស​ត្រឹម ១៥​ខែ ១១​ថ្ងៃ ខណៈ​ទោស​ដែល​នៅ​សល់ ៨​ខែ ១៩​ថ្ងៃ​ទៀត ត្រូវ​បាន​ព្យួរ។ នៅថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​របស់​សាលា​ឧទ្ធរណ៍ភ្នំពេញ​ តែតុលាការកំពូលបានបញ្ជាក់ថាទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​សាកល្បង​ដោយ​កំណត់​រយៈពេល ៣​ឆ្នាំ៕