ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទសម្រេចអនុម័តកញ្ចប់ថវិកាក្នុងឆ្នាំ២០២៤ ប្រមាណជាង៧០% នៃថវិកាសរុបទៅលើកម្មវិធីទី៥ ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ខណៈថវិកា ១៤% បានបែងចែកទៅកម្មវិធីទី១ ការបង្កើនផលិតភាពដំណាំកសិកម្ម ការជំរុញផលិតកម្មដំណាំកសិកម្ម និងកសិធុរកិច្ច។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ការបែងចែកថវិកាក្នុងកម្មវិធីនីមួយៗគឺជាការបែងចែកមួយយ៉ាងច្បាស់លាស់ និងសមស្របទៅតាមគោលដៅរបស់ក្រសួង ជាពិសេសក្រសួងកសិកម្មបានបែងចែកការចំណាយប្រមាណជាង ៥០% ទៅលើការងារកសិកម្ម និងផ្គត់ផ្គង់ដល់ការដាំដំណាំរបស់ប្រជាកសិករ ខណៈចំនួនដែលនៅសល់ត្រូវរ៉ាប់រងទៅលើការចំណាយរបស់បុគ្គលិក។

លោកបញ្ជាក់ថា៖ «តាមពិតទៅ បើញែកឱ្យបានត្រឹមត្រូវ មានតែ៥៣%ប៉ុណ្ណោះដែលជាបន្ទុកបុគ្គលិក សម្រាប់ចំណាយជាថវិកាចំណាយលើប្រាក់បៀវត្ស និងប្រាក់បំណាច់មុខងារផ្សេងៗ ចំណែកឯ ៤៧%ទៀត គឺជាចំណាយដែលបាញ់ឆ្ពោះទៅដល់សកម្មភាពគាំទ្រផលិតកម្មរបស់កសិករនោះឯង»។

លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់បន្ថែមថា អត្ថន័យនៃ «ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស» សំដៅទៅលើចំណាយសម្រាប់មន្រ្តីដែលចុះទៅបម្រើការនៅតាមមូលដ្ឋានភូមិ ឃុំ ក្នុងការជួយទ្រទ្រង់ និងគាំទ្រដល់ដំណើរការកសិកម្មរបស់ប្រជាកសិករ​ មិនមែនសម្រាប់តែការងារការចំណាយរបស់បុគ្គលិកដែលបម្រើការក្នុងក្រសួងនោះទេ។

លោកថា៖ «សូមកុំយល់ច្រលំពីអត្ថន័យនៃ«ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស» ការចំណាយលើការទ្រទ្រង់ដល់សកម្មភាព និងបេសកកម្មរបស់មន្ត្រីយើងនៅតាមមូលដ្ឋានដើម្បីផ្តល់សេវាគាំទ្រដល់កសិករ និងកិច្ចអន្តរាគមន៍នានាដូចដែលធ្លាប់បានឃើញក្នុងពេលកន្លងមក គឺសុទ្ធតែជាកិច្ចការចាំបាច់ដើម្បីបម្រើដល់ប្រជាកសិករ និងជួយបង្កើនប្រសិទ្ធភាពនៃការធ្វើផលិតកម្មរបស់ពួកគាត់ ហើយសុទ្ធសឹងតែជាខ្ទង់ចំណាយស្ថិតក្រោមកម្មវិធីទី៥នេះផងដែរ»។

បើតាមរបាយការណ៍ថវិកាសង្ខេបក្នុងឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានបែងចែកថវិកាទៅលើកម្មវិធីទី៥ «ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស» ប្រមាណជាង ៧០% លើអនុកម្មវិធីចំនួន១៤ ដែលស្មើនឹងចំនួនថវិកាចំនួន ២២៦.៧៦០ លានរៀល ខណៈថវិកាប្រមាណជាង ១៤% ស្មើនឹងថវិកាចំនួនប្រមាណជាង ៤៥.៨៩៥លានរៀល ត្រូវបានអនុម័តទៅលើកម្មវិធីទី១ «ការបង្កើនផលិតភាពដំណាំកសិកម្ម ការជុំរុញផលិតកម្មដំណាំកសិកម្ម និងកសិ_ធុរកិច្ច»

អ្នកជំនាញកសិកម្ម និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក​ យ៉ង សាំងកុមារ បានឱ្យដឹងថា ចំពោះផែនការចំណាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ក្នុងឆ្នាំ២០២៤ នេះក្រសួងបាន អនុម័តថវិកា ៧០% ទៅលើការងារកសិកម្ម ជួយទ្រទង់ដំណើរការដាំដុះរបស់កសិករនៅតាមមូលដ្ឋាន ដោយក្រសួងក៏បានចាត់ និងដឹកនាំមន្រ្តីមួយចំនួនឱ្យចុះទៅពិនិត្យមើលការប្រកបកសិកម្ម របស់កសិករ នៅតាមភូមិសាស្រ្ត។

លោកមានប្រសាសន៍ថា៖ «នេះជាផែនការចាស់ទេ តែផែនការថ្មីក្រសួងបង្វែរថវិកា ៧០% ដើម្បីប្រើប្រាស់ គាំទ្រដល់កសិករនៅតាមមូលដ្ឋាន។ លើសពីនេះទៀតក្រសួងកំពុងដាក់ពង្រាយមន្រ្តីកសិកម្ម ឃុំ សង្កាត់ចំនួន ១,៦០០នាក់ នៅតាមឃុំ សង្កាត់ សក្តានុពលកសិកម្មទូទាំងប្រទេសឲ្យបានចប់សប់គ្រប់នៅឆ្នាំ២០២៥ បច្ចុប្បន្នដាក់បាន ២៥០នាក់ ហើយចុងឆ្នាំនេះ[២០២៤] ថែម ៨០០ ទៅ១០០០នាក់ទៀត»។

ចំណែកប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)លោក ថេង សាវឿន យល់ថា​​ ការ​បែងចែកថវិកាចំនួន ៧០% ទៅលើការគ្រប់គ្រងធនធានមនុស្សគឺជារឿងមួយល្អប្រសើរ និងជាដំណាក់កាលដំបូងដែលត្រូវគិតគូរ និងរៀបចំពីក្រសួង។ យ៉ាងណា​លោកថា ថវិកាចំនួន៧០% នោះគួរតែត្រូវបានកាត់បន្ថយខ្លះ ហើយយកមកបន្ថែមសម្រាប់ប្រើប្រាស់ក្នុង​ការគាំពារ និងទ្រទ្រង់ទៅលើការដាំដុះដំណាំរបស់ប្រជាកសិករវិញ ជាពិសេសកម្ពុជាជាប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្មជាធំ។

លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការចំណាយថវិកាទៅលើទអភិវឌ្ឍធនធានមនុស្ស វាជាការចំណាយច្រើន ប៉ុន្តែការពង្រឹងធនធានមនុស្សវាជាដំណាក់ការនៃការពង្រឹងហើយ ប៉ុន្តែយើងចង់ឱ្យមានការបែងចែកយ៉ាង ហោចណាស់ការចំណាយជួយដល់ពលរដ្ឋឱ្យបានច្រើនប្រមាណក៏ ៥០%ដែរ គឺមិនត្រឹមជួយថវិកាតិចតែ ១៤% មិនអាចជួយដល់ផលិតកម្មកសិកម្មដំណាំ ជំរុញកសិកម្មនៅក្នុងប្រទេស​កម្ពុជា​បានល្អទេ។ ពីព្រោះហេតុអីទំហំនៃវិស័យកសិកម្មប្រទេសកម្ពុជាធំ អ៊ីចឹងបើយើងមានថវិកាតែ ១៤% ខ្ញុំគិតតិចមែនទែ​ន»។

ជាមួយគ្នាលោកក៏បានឱ្យដឹងថា ការដាំដុះរបស់ប្រជាកសិករក្នុងរដូវវស្សានៃឆ្នាំ២០២៤នេះ កសិករត្រូវចំណាយថវិកាច្រើនទៅលើការថែរក្សាដំណាំ ថ្នាំការពារ និងចំណាយលើការទិញគ្រាប់ពូជពីប្រទេសជិតខាងដែលមានតម្លៃថ្លៃ ជាពិសេសក្នុងកំឡុងខែមិថុនានេះ កសិករដែលប្រកបរបបដាំដំណាំស្រូវស្ថិតក្នុង ខេត្តមួយចំនួនក៏កំពុងតែជួបប្រទេះនឹងបញ្ហាថយចុះទិន្នផលស្រូវ និងការលក់ចេញប្រឈមមុខនឹងការធ្លាក់ថ្លៃផងដែរ​ ក្រោយដំណាំស្រូវជាច្រើនហិកតាត្រូវបានបំផ្លាញដោយពពួកសត្វដង្កូវហ្វូងស៊ីបំផ្លាញស្រូវរបស់កសិករ។

កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាដែលពឹងផ្អែកជាធំលើ វិស័យ កសិកម្មដាំដុះបានទទួលរងនូវការបំផ្លិតបំផ្លាញផលដំណាំស្រូវ និងដំឡូងជាច្រើនហិកតា ដោយក្នុងនោះគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ខេត្តព្រះវិហារបានខូចខាតដំណាំស្រូវចំនួន ១,២២១ហិកតា និងដំណាំដំឡូងមី ចំនួន៣,៣៧១ហិកតា ខេត្តកំពង់ធំ ដំណាំស្រូវចំនួន ៣,៦៣៦ហិកតា ខេត្តកំពង់ចាម ដំណាំស្រូវចំនួន ១១៨ហិកតា និងខេត្តកំពង់ឆ្នាំង ដំណាំស្រូវចំនួន ១១.៣០ហិកតា។ នេះបើតាមរបាយ់ការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងពាក់ព័ន្ធនឹងវិស័យកសិកម្ម ក្នុងការថ្លែងការណ៍ស្តីពី «សមិទ្ធផលរយៈពេល​ ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរ និងជួយគាំទ្របងប្អូនប្រជាកសិករពាក់ព៏ន្ធទៅនឹងការប្រកបរបរកសិកម្ម ដាំដុះ ដោយក្នុងឆ្នាំ២០២៤​នេះរាជរដ្ឋាភិបាលបានត្រៀមថវិកា​ ១០០លានដុល្លារសហរដ្ឋអាមេរិក ទំនុកបម្រុងទៅលើវិស័យកសិកម្ម និងការគាំទ្រ។

លោកមានប្រសាសន៍ថា៖ «កម្មវិធីជួយដល់កសិករវិញម្តងបាទ លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងនៃតម្លៃកសិផល។ យើងបានដឹងហើយថា កម្មវិធីហ្នឹងប្រកាសឱ្យអនុវត្តន៍ថ្ងៃ ២០ វិច្ឆិកា ២០២៣ ហើយរាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារសហរដ្ឋអាមេរិក និងអាចធ្វើវិភាគបន្ថែម វិភាគថវិកាបន្ថែមទៀតប្រសិនជាចាំបាច់»។

លោកក៏បានឱ្យដឹងថា រដ្ឋាភិបាលក៏បានគិតគូរ និងបង្ហាត់បង្រៀនដល់មន្ត្រីកសិកម្មជាង ២៥០នាក់រួច មកហើយដើម្បីចុះទៅអប់រំ និងជួយគាំទ្រប្រជាកសិករនៅតាមមូលដ្ឋានភូមិ ឃុំមន្រ្តីកសិកម្ម ជាពិសេសពេលថ្មីៗនេះពាក់ព័ន្ធទៅនឹងការវាយប្រហារពីពពួកសត្វដង្កូវហ្វូងដែលបានបំផ្លិចបំផ្លាញដំណាំស្រូវ៕