ថវិកាវិស័យអប់រំមានការកើនឡើងជាបន្តបន្ទាប់សម្រាប់ចំណាយទៅការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាលើកលែងតែក្នុងឆ្នាំ២០២១ និង២០២២ ថវិកាចំណាយមានការថយចុះដោយសារតែបញ្ហាកូវីដ១៩ ដែលថវិកាមួយផ្នែកត្រូវបង្វិលទៅវិស័យសុខាភិបាលនាពេលនោះ។
បើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង នៅឆ្នាំ២០២៣ ស្ថានភាពកូវីដ១៩ នៅកម្ពុជាមានភាពធូរស្បើយខណៈថវិកាសម្រាប់វិស័យអប់រំមានការកើនឡើងដែលមានទឹកប្រាក់ប្រហាក់ប្រហែលនឹងមុនពេលកូវីដ១៩។ ពោលគឺកាលពីឆ្នាំ២០២០ ថវិកាវិស័យអប់រំមានទឹកប្រាក់ប្រមាណ ៩១៩ លានដុល្លារសហរដ្ឋអាមេរិក ហើយក្នុងឆ្នាំ២០២៣ ក្រសួងអប់រំទទួលបាន ថវិកា ប្រមាណ ៩១៧ លានដុល្លារសហរដ្ឋអាមេរិក។
ប្រភពដដែលបញ្ជាក់ថា ការកើនឡើងនៃថវិកាថ្នាក់ជាតិរបស់ក្រសួងអប់រំសម្រាប់ចំណាយទៅ លើការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាតាំងពីបឋមសិក្សា រហូតដល់ឧត្ដមសិក្សា និងការអប់រំជំនាញទន់ដល់យុវជនស្ដែងឡើងតាមរយៈកម្មវិធីអភិវឌ្ឍដែលក្រសួងរៀបចំឡើង និងមុខងារអប់រំ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់ឃើញថា ក្នុងរយៈ៥ឆ្នាំកន្លងមកនេះ គុណភាពអប់រំនៅកម្ពុជាមិនទាន់ល្អប្រសើរនៅឡើយទេ ដោយសារតែសមត្ថភាពរបស់សិស្សមួយចំនួនមិនទាន់ឆ្លើយតបចំពោះកម្មវិធីអប់រំដែលក្រសួងរៀបចំ។
អ្នកស្រីថ្លែងថា៖ «ការដែលគ្រូបង្រៀនប្រាក់ខែតិចហ្នឹងហើយ ដែលធ្វើឱ្យគ្រូបង្រៀនអត់ខ្វល់ខ្វាយនឹងការបង្រៀនសិស្សប៉ុន្មានទេ គឺគាត់ខ្វល់ខ្វាយបង្រៀននៅសាលាគួរ សាលាឯកជនច្រើនជាង ព្រោះអីសាលាឯកជនគេឱ្យប្រាក់ខែខ្ពស់»។
អ្នកស្រីមើលឃើញថា បើទោះបីជាកញ្ចប់ថវិការបស់ក្រសួងត្រូវបានបន្ថែមជាបន្តបន្ទាប់ ប៉ុន្ដែបញ្ហាមួយចំនួននៅតែបន្តកើតមាន បញ្ហាប្រមូលថវិកាពីសិស្ស ឬអាណាព្យាបាល សម្ភារៈឧបទេសមិនគ្រប់គ្រាន់ គួបផ្សំនឹងគ្រូរដ្ឋមួយចំនួនឆ្លៀតចេញទៅបង្រៀននៅតាមសាលាឯកជនដែលកត្តានេះអាចធ្វើឱ្យគុណភាពបង្រៀនធ្លាក់ចុះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យ៉ង គិមអេង លើកឡើងថា បើទោះបីជាកញ្ចប់ថវិកាក្រសួងអប់រំកើនឡើង ប៉ុន្តែការកែលម្អបុគ្គលិកអប់រំ និងឥរិយាបទរបស់បុគ្គលិកអប់រំនៅតែមិនទាន់មានប្រសិទ្ធភាព។ លោកបន្តថា ការកែលម្អបុគ្គលិកអប់រំ និងឥរិយាបទរបស់បុគ្គលិកអប់រំ គឺជាកិច្ចការអាទិភាពក្នុងការលើកកម្ពស់វិស័យអប់រំ ប្រសិនបើកិច្ចការទាំងនេះមិនត្រូវបានដោះស្រាយទេ ការចាត់ចែងថវិកាជាតិដើម្បីលើកស្ទួយវិស័យអប់រំ នឹងមិនទាន់មានប្រសិទ្ធភាព។
លោកថ្លែងថា៖ «ម៉ោងរដ្ឋមានប៉ុនណាបង្រៀនប៉ុនហ្នឹងឱ្យចប់ទៅគឺពួកគាត់ [សិស្ស] ហ្នឹងអាចទៅផ្ទះ ទៅសម្បែង។ ហើយបើសិនជាអ្នកណារៀនមិនទាន់គេទេ ថវិការបស់អប់រំមានហ្នឹងគឺបង្កើនការបំប៉ន រៀនបន្ថែមឱ្យគាត់អ្នកដែលរៀនមិនទាន់គេហ្នឹង»។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ស្ថានភាពអប់រំនៅកម្ពុជា បច្ចុប្បន្នមានការវិវត្តន៍ជាងពេលកន្លងមក បើទោះបីក្នុងឆ្នាំ២០២០ និង២០២១ ថវិកាមានការថមថយតិចតួចដោយសារបញ្ហាកូវីដ១៩។ យ៉ាងណាមិញលោកថា ទំហំថវិកាដែលក្រសួងអប់រំមានសម្រាប់ចំណាយនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេក្នុងកាលើកកម្ពស់គុណភាពអប់រំដែលអាចធានាថាសិស្សានុសិស្សអាចទទួលបានការអប់រំគ្រប់ៗគ្នា។
លោក ប៉ិច ពិសី យល់ឃើញថា បើសិនជាក្រសួងអប់រំអាចពង្រីកវិសាលភាព និងវិនិយោគបន្ថែមទៅ លើវិស័យអាទិភាពក្នុងកម្មវិធីអប់រំ នោះក្រសួងនឹងអាចកែសម្រួលគុណភាពអប់រំបាន និងផ្តោតសំខាន់ទីមួយទៅលើគុណភាពអប់រំដោយប្រើប្រាស់ធនធានដែលមានស្រាប់ តាមរយៈបញ្ជូនគ្រូដែលមានសមត្ថភាពទៅតាមសាលាតាមជនបទដើម្បីជួយឱ្យសិស្សទទួលបានគុណភាពអប់រំប្រសើរពីគ្រូដែលមានចំណេះដឹងខ្ពស់។
លោកថ្លែងថា៖ «ទោះយ៉ាងណាក្តីយើងឃើញថាទំហំថវិកានៅក្នុងច្បាប់ហ្នឹងមិនទាន់គ្រប់គ្រាន់នៅឡើយទេក្នុងការធានាឱ្យវិស័យអប់រំនឹងមានការកែទម្រង់ជាប្រព័ន្ធបានជាពិសេសគឺ ការជម្រុញគុណភាពនៃការអប់រំហើយនិងការធានាថាពលរដ្ឋទាំងអស់នៅទាំងទីក្រុង ជនបទហ្នឹងអាចទទួលសិទ្ធអប់រំគ្រប់ជាន់ថ្នាក់បាន»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ការបង្កើនកញ្ចប់ថវិកាជាតិដើម្បីពង្រឹងគុណភាពអប់រំជារឿងសំខាន់ ដោយសារតែវិស័យនេះជា វិស័យអាទិភាព ប៉ុន្តែលោកមានការព្រួយបារម្ភពីការប្រើប្រាស់ថវិកាជាតិឱ្យមានតុល្យភាព និងឆ្លើយតបលើគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស។
លោកថ្លែងថា៖ «ដូច្នេះអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតបើសិនក្នុងករណីមើលឃើញអំពីកំណើននៃ ថវិកាជាតិនៅក្នុងវិស័យអប់រំមានការកើនឡើងដូច្នោះ យើងគួរតែជួយផ្តល់ធាតុចូលដើម្បីធ្វើឱ្យក្រសួងអប់រំ ជាពិសេសថ្នាក់ដឹកនាំក្រសួងអប់រំបានយល់ដឹងបន្ថែមអំពីការចង់បានរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងម៉េចក៏ដោយដើម្បីឱ្យ ឆ្លើយតបទៅនឹងចំនួនថវិកាដ៏ច្រើនដែលចំណាយដោយរដ្ឋដែលជាប្រាក់[បង់]ពន្ធរបស់បងប្អូនប្រជាពលរដ្ឋ»។
ថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា សមិទ្ធផលបណ្ដុះបណ្ដាល និងបច្ចេកវិទ្យាឌីជីថល កាលពីថ្ងែទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកឡើងថា គុណភាពអប់រំនៅកម្ពុជាមានការវិវត្តទៅមុខ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «បើគិតថាសមិទ្ធផលជាង ១០ឆ្នាំដែលក្នុងការកំណែទម្រង់ និង ៤០ឆ្នាំដែលយើងបានធ្វើមកនេះ គុណភាព និងធនធានមនុស្សរបស់យើងកម្ពុជាចាប់យកនូវបច្ចេកវិទ្យា និងឧស្សាហកម្មសំខាន់ៗ ភាពប្រកួតប្រជែងយើងដើរទាន់ជាមួយគេដែរ។ នេះគឺដោយសារ ការត្រៀមលក្ខណៈបណ្តុះបណ្តាលយូរអង្វែង។ អញ្ចឹងខ្ញុំសូមគាំទ្រចំពោះគំនិតដែលមានភាពលក្ខណៈបុរេសកម្មនៅក្នុងការច្នៃប្រឌិតបន្តទៀតនៅក្នុងវិស័យអប់រំនេះ»។
លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួននៅតាមគ្រឹះស្ថានថ្នាក់ឧត្ដមសិក្សា មួយចំនួនជួបប្រទះកន្លងមក រួមមានកង្វះមុខវិជ្ជាសិក្សាដោយសារខ្វះគ្រូជំនាញ ចំនួនសិស្សតិច ពិបាកក្នុងការបើកថ្នាក់បង្រៀន គ្រូជំនាញនៅតាមខេត្តមិនទាន់មានគុណវុឌ្ឍិដែលសំដៅដល់គុណភាព និងបទពិសោធន៍ខ្ពស់ខាងបច្ចេកវិទ្យានៅមានកម្រិត និងខ្វះឧបករណ៍ទ្រទ្រង់ដល់ការបណ្ដុះបណ្ដាលមុខវិជ្ជា៕