ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ​ការ​កើន​ឡើង​នៃ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​នៅ​តែ​មាន​ចំនួន​តិច​នៅឡើយ​ បើ​ធៀប​ជាមួយ​នឹង​ស្តង់ដារ​នៃ​ការ​ប្រើប្រាស់​ថវិកា​ដោយ​ទទូច​ស្នើឱ្យរដ្ឋា​ភិបាល​គួរ​តែ​រៀប​ចំ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ប្រហែល​ជា​៣០%​ នៃ​ថវិកា​សរុប​របស់​ជាតិ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​​ លោក​ ប៉ិច​ ពិសី​ យល់​ថាការ​កើន​ឡើង​នៃថវិកា​ថ្នាក់​ក្រោម​ជាតិ​ នៅ​តែ​មាន​ចំនួន​តិច​នៅ​ឡើយ​បើ​ធៀប​ជាមួយ​នឹង​ស្តង់​ដារ​នៃ​ការ​ប្រើប្រាស់​ថវិកា ​ហើយ​រដ្ឋា​ភិបាល​គួរ​តែ​ រៀប​ចំ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ប្រហែល​ជា៣០%​ នៃ​ថវិកា​សរុប​របស់​ជាតិ។​

លោក​បន្ត​ថា៖​ «បើ​យើង​មាន​លទ្ធភាព​គួរ​តែ​បង្កើន​នូវ​ទំហំ​ថវិកា​ទៅ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹងឱ្យ​ច្រើន​ជាង​ ហ្នឹង​បើ​អាច​ចន្លោះ​ពី​២០%​ ទៅ​៣០%​ (នៃថវិកាសរុប)​ ការ​ធានា​នូវ​តម្លា​ភាព​ គណ​នេយ្យ​ភាព​ហើយ​ការ​ចាយ​ថវិកា​ដោយ​មិន​មាន​ការ​កេង​ប្រវ័ញ្ច ​ហើយ​អំពើ​ពុក​រលួយ»​​។​

ប្រ​ភព​ដដែល​បាន​អះអាង​ថា​ បើ​ទោះ​បី​ជា​ថវិកា​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន​មិន​ច្រើន​ក៏​ដោយ ​តែក៏អាច​យក​ មក​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ ឃុំ​មួយ​ចំនួន​បាន​គ្រប់គ្រាន់ ​ប្រសិន​បើ​ការ​ចំណាយ​ថវិកា​ប្រកប​ដោយ​ តម្លា​ភាព ​និង​គណនេយ្យ​ភាព​ត្រឹម​ត្រូវ​ទៅ​តាម​គោល​ដៅ​ដែល​ចង់​បាន។

លោក​ ប៉ិច​ ពិសី​ បន្ថែម​ថា​៖ «ទោះ​បី​ជា​ថវិកា​តិច​ក៏​ដោយ​ប៉ុន្តែ​បើ​យើង​ចែក​ជា​មធ្យម​ភាគ​ទៅ​ឃើញ​ថាឃុំ ​ខ្លះ​គាត់​មាន​ថវិកា​ច្រើន​គួរ​សម​ហើយ ​រហូត​ដល់​ជិត​ ១០​ម៉ឺន​ដុល្លា​ឬ​ក៏​កន្លែង​ខ្លះ​ជាង​ ១០​ម៉ឺន ​ដុល្លា​ដែរ​ដូច​នេះ​ជា​ទំហំ​ថវិកា​មួយ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​គ្រប់​គ្រង​ចាត់​ចែង​ហ្នឹង​ប្រកប​ដោយ​តម្លាភាព​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ហើយ​គណនេយ្យ​ភាព​ខ្ពស់»។​

ជុំ​វិញ​បញ្ហា​នៃ​ការ​ប្រើប្រាស់​ថវិកា​ក្រោម​ជាតិ​នេះ ​លោក​ ប៉ិច​ ពិសី​ បាន​លើក​យក​ឧទាហរណ៍មួយ​ទាក់​ទង​នឹង​ការ​ធ្វើ​ផ្លូវ​ដែល​មិន​មាន​គុណភាព​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ ​ដែល​បណ្តាល​ឱ្យ​ផ្លូវ​ឆាប់​ខូចខាត​ និង​ត្រូវ​ដក​ថវិកា​ជា​រឿយៗ​ដើម្បី​ជួស​ជុល​ឬ​ធ្វើ​ថ្មី​។

លោក​បន្ត​ថា៖​ «នៅ​ថ្នាក់​ក្រោម​ជាតិ​ យើង​ឃើញ​ថា​មាន​ការ​ដេញ​ថ្លៃ ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​ថ្នល់​ ឃុំ​ សង្កាត់​ហ្នឹង​គឺ​នៅ​មាន​បញ្ហា​នៅ​ឡើយ​ ជា​ពិសេស​មាន​បាតុ​ភាព​ទាក់​ទង​ទៅ​ហ្នឹង​ការ​ខ្វះ​នូវ​តម្លា​ភាព​ គណ​នេយ្យ​ភាព​នៃ​ការ​ដេញ​ថ្លៃ ​ហើយ​ជា​លទ្ធផល​ហ្នឹង​គឺ​ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ខូច​អត់​មាន​គុណ​ភាព​តាម​ស្តង់​ដារ»។

ប្រ​ភព​ដដែល​បាន​បញ្ជាក់​ថា ​ក្រៅ​ពី​ការ​ចំណាយ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ថវិកា​មួយ​ចំនួន​ក៏​គួរ​តែ​ទុក​សម្រាប់​ដោះ​ស្រាយ​បញ្ហា​សង្គម ​ដូច​ជា​បញ្ហា​ធន​ធាន​មនុស្ស ​និង​បរិស្ថាន​ផង​ដែរ​។

លោក​ប៉ិច​ ពិសី​ថា៖ «គួរ​តែ​ចាប់​យក​កញ្ចប់​ថវិកា​មួយ​ដែល​ផ្តោត​ទៅ​លើបញ្ហា​សង្គម​ បញ្ហា​ស្រ្តី ​ចាស់​ជរា កុមារ​កំព្រា​អី​ជាដើម​ហ្នឹងគួរ​តែ​ផ្តោត​ទៅ​លើ​បញ្ហា​សង្គម​ បរិស្ថាន​ ការ​ប្រែ​ប្រួល​អាកាសធាតុ ហើយ​ហ្នឹង​ការ​ដោះ​នូវ​ឧបសគ្គ​ផ្សេង​ៗ​នៅ​ក្នុង​ឃុំ​សង្កាត់ ​នៅ​ក្នុង​ភូមិ​ឃុំ ​ហើយ​អាច​ថវិកា​មួយ​កញ្ចប់​នោះ ​អាច​ ជួយ​អភិវឌ្ឃ​ភូមិ​ឃុំ​ឱ្យ​មាន​ចរន្ត​សេដ្ធ​កិច្ច​អី​ជា​ដើម​»។​

បើ​យោង​តាមអត្ថបទ​ «ការ​ស្វែង​យល់​ពី​ថវិកា​ជាតិ​នៅ​កម្ពុជា​» ចុះ​ផ្សាយ​នៅខែ​កក្កដា​ ឆ្នាំ​ ២០២៤ ​បាន​ឱ្យ​ដឹង​ថាក្នុង​ឆ្នាំ​២០២៣​ ការ​ចំណាយ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន​១៣%​ ដែល​ចំនួន​នេះតិច​ជាង​ការ​ចំ​ណាយ​ឆ្នាំ​២០២៤​ ចំនួន​ ៦%​ តែ​យ៉ាង​ណា​មិញ​អង្គការ​តម្លា​ភាព​កម្ពុជា​អះ​អាង​ថា ​ការ​កើន​ឡើង​នេះនៅ​តែ​មាន​ចំនួន​ទាប​គួរ​ឱ្យ​កត់​សម្គាល់​បើ​ធៀប​ទៅ​ហ្នឹង​ថវិកា​ថ្នាក់​ជាតិ​ដែល​មាន​ចំនួន​ ៨១%។

នាយក​​​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ លោក​ ចាន់​ សុផល ​បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​ការ​បង្កើន​ ថវិកា​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ចំណាយ​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្សេងៗ​នៅ​តាម​ភូមិ​ ឃុំ​ និង​កាត់​បន្ថយ​ចំណាយ​ថ្នាក់​ជាតិ​ណា​ដែល​មិន​ចាំ​បាច់។​

លោក សុផល​ ថា៖ «ខ្ញុំ​ក៏​យល់​ឃើញ​ថា​គួរ​បង្កើន​ចំណាយ​ថ្នាក់​ក្រោម​ជាតិ​ដែរ​ ប៉ុន្តែ​វា​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​។ បច្ចុប្បន្ន​ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ជា​ច្រើន​ត្រូវ​បាន​ចាត់ចែង​ដោយ​ថ្នាក់​ជាតិ​ ដែល​អាច​ថា​មាន​ប្រសិទ្ធភាព​ដែរ។ ចំពោះ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​វិញ​ គួរ​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​ បើ​មិន​មាន​ភាពចាំបាច់​ផ្ទេរ​ទៅ​ថ្នាក់​ក្រោម​ជាតិ​។ ខ្ញុំ​យល់ថា​ មន្ត្រី​នៅ​ថ្នាក់​ជាតិ​មាន​ច្រើន​ពេក»។

 អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លោក​ មាស​ សុខ​សេន​សាន​ ថា​ ការ​បែង​ចែក​ថវិកា​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​នេះ​គឺ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​។ លោក​យល់​ឃើញ​ថាការ​បែង​ចែក​ថវិកា​ថ្នាក់​ក្រោម​ ជាតិ​អាច​មាន​ចំនួន​ធំ​ជាង ​៣០%​ ទៅ​ទៀត​ប្រសិន​បើ​បូក​ការ​ចំ​ណាយ​ទៅ​លើ​មន្ទីរ​ជំនាញ​ និង​ការ​ចំណាយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។​

 លោក​ថា​៖ «បើ​យើង​បូក​ការ​ចំណាយ​សម្រាប់​មន្ទីរ​ជំនាញ ​និង​ការ​ចំណាយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែលគ្រប​ដណ្តប់​ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​ទំហំ​មែន​ទែន​ធំ​ ធំ​ជាង​ ៣០%​ ទៅ​ទៀត»។​

លោក​បន្ថែម​ថា ​ដើម្បី​ការ​បែង​ចែក​ថវិកា​នៅ​ឆ្នាំ​ខាង​មុខ​មាន​ភាព​ប្រ​សើរ​ឡើង​ លោក​យល់​ឃើញ​ថា​ គួរ​បង្កើន​ថវិកា​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ទៅ​តាម​ទំហំ​ថវិការដ្ឋ​។

លោក​ថា៖​ «យើង​នឹង​ខិត​ខំ​បង្កើន​ទំហំ​ថវិកា​នៅ​ពេល​ចំណូល​របស់​(រដ្ឋ)​កាន់​តែ​ប្រសើរ​ ព្រោះ​ថវិកា​ជា​ថវិកា​តុល្យ​ភាព»។

តាម​មាត្រា ​១៨​ នៃ​ជំពូក​ ១៣ ​ថ្មីស្តី​ពី​ច្បាប់​នៃ​ការ​គ្រប់​គ្រោង​រដ្ឋបាល​ថវិកា​ រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​សំ​ដៅ​ដល់​ថវិកា​រដ្ឋ​បាល​រាជធានី​ ខេត្ត​ ថវិកា​រដ្ឋ​បាល​ក្រុង​ ស្រុក​ និង​ថវិកា​រដ្ឋ​បាល​ឃុំ ​ព្រម​ទាំង​ថវិកា​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ពាក់​ព័ន្ធផ្សេង​ទៀត​ ស្រប​តាម​បទ​បញ្ញត្តិ​ជា​ធរ​មាន​។ រដ្ឋា​ភិ​បាល​បាន​បែង​ចែក​ថវិកា​សរុប​ចំនួន​ ១៩% ​ក្នុង​ឆ្នាំ ​២០២៤​ សម្រាប់​ការ​ចំណាយ​ថ្នាក់​ក្រោម​ជាតិ​។

ថវិកា​ថ្នាក់​ជាតិ​ សំដៅ​ដល់​ថវិកា​របស់​ក្រសួង​ ស្ថា​ប័ន​ ដែល​រួម​មាន ​ថវិកា​រដ្ឋ​បាល​កណ្តាល ​ថវិកា​គ្រឹះ​ស្ថាន​សាធារណៈ​រដ្ឋបាល​និង​ថវិកា​មន្ទីរ​ជំនាញ​ក្រោម​ឱវាទ​ ព្រម​ទាំង​ថវិកា​អង្គ​ភាព​សាធារណៈ​ប្រហាក់​ប្រហែល​។ ថវិកា​ចំនួន​ ៨១%​ ក្នុង​ឆ្នាំ ​២០២៤​ ត្រូវ​បាន​បែង​ចែង​សម្រាប់​ប្រើប្រាស់​នៅ​ថ្នាក់​ជាតិ​ នេះ​បើ​យោង​តាម​មាត្រា​១៧​ នៃ​ជំពូក​ ១៣​ ថ្មី​ស្តី​ពី​ច្បាប់​នៃ​ការ​គ្រប់​គ្រោង​រដ្ឋបាល​ថវិកា​រដ្ឋបាល​៕