ពហុកីឡាដ្ឋានជាតិអូឡាំពិក កំពុងស្វែងរកការអនុញ្ញាតឱ្យបើកឡើងវិញជាសាធារណៈដោយអ្នករស់នៅរាជធានីភ្នំពេញនិយាយថា ពួកគេមានជម្រើសតិចតួចក្នុងការធ្វើលំហាត់ប្រាណនៅតាមសួន ដោយសារកន្លែងខ្លះតូចចង្អៀតមានមនុស្សច្រើន កន្លែងខ្លះស្ទើរតែដើរជាន់គ្នា។
ទីលានពហុកីឡាដ្ឋានដែលជាកន្លែងលេងកីឡាជាសាធារណៈជាច្រើនប្រភេទ ត្រូវបានបិទតាំងពីដើមខែមេសា ចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។
សេចក្តីជូនដំណឹងមួយដែលព្យួរនៅក្លោងទ្វារពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៥ ខែមីនា បានណែនាំប្រជាពលរដ្ឋឲ្យមានការរក្សាគម្លាតឆ្ងាយពីគ្នាខណៈ ដែលកាលបរិច្ឆេទមួយទៀតនៅថ្ងៃទី៧ ខែមេសា បានប្រកាសបិទជាបណ្តោះអាសន្ន។ ផ្នែកខ្លះក្នុងពហុដ្ឋានកំពុងត្រូវបានប្រើជាចំណតចតឡាន។
លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានគ្រប់គ្រងពហុកីឡាដ្ឋានជាតិអូឡាំពិកបានថ្លែងប្រាប់ Newsroom Cambodia ថា លោកកំពុងស្នើសុំការអនុញ្ញាតពីក្រសួងឲ្យបើកឡើងវិញ។
លោកថា៖ « ខ្ញុំបានស្នើសុំទៅលោកឯកឧត្តមហើយ ប៉ុន្តែមិនទាន់បានការឆ្លើយតបនៅឡើយទេ» ។
ទោះបីយ៉ាងណាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា លោកមិនទាន់ដឹងថា ពេលណាក្រសួងនឹងអនុញ្ញាតឱ្យពហុកីឡាដ្ឋានបើកជាសាធារណៈឡើងវិញនោះទ។
ក្រសួងអប់រំបានប្រកាសកាលពីខែឧសភា អនុញាតឲ្យកីឡាករជាតិ និងកីឡាកម្រិតខ្ពស់ត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់នៅទីនោះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក មានប្រសាសន៍ថា កាអនុញ្ញាតឲ្យកីឡាករថ្នាក់ជាតិ និងជាន់ខ្ពស់បានហាត់តាំងពីខែ៦។
លោក ចំរើន បន្ថែមថា វាជាហានិភ័យដែលចាំបាច់ត្រូវអនុវត្តន៍តាមការប្រកាសពីរដ្ឋាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ១៩ ក្នុងការបិទពហុកីឡាដ្ឋាន។
លោកបញ្ជាក់ថា៖ «អ្នកដែលធ្លាប់ហាត់ប្រាណអាចហាត់ប្រាណនៅផ្ទះ។ ប្រជាពលរដ្ឋត្រូវចេះរៀនរស់ និងសម្របខ្លួនក្នុងស្ថានភាពថ្មី និងធ្វើតាមការណែនាំរបស់រដ្ឋាភិបាល»។
ទោះយ៉ាងណាលោក នៅ វណ្ណ ដែលជាអ្នករស់នៅក្នុងខណ្ឌដូនពេញនិយាយថា លោកចូលចិត្តហាត់ប្រាណនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ហើយជម្រើសកន្លែងផ្សេងទៀតហាក់ដូចជាមានហានិភ័យខ្ពស់ជាង។
«ខ្ញុំដើរហាត់ប្រាណនៅសួនវិមានឯករាជ្យ និងកន្លែងខ្លះទៀតតូចចង្អៀតដើរចង់ជាន់គ្នាក៏មាន»។
លោកបន្ថែមថា កន្លែងផ្សេងទៀតមានមនុស្សប្រមូលផ្ដុំគ្នានៅកន្លែងបាំងជិត មនុស្សជុំគ្នាស៊ីផឹក ជាការបង្កហានិភ័យជាងការបើកពហុកីឡាដ្ឋានជាតិអូឡាំពិកឲ្យដំណើរការឡើងវិញ។ លោកថា កីឡាដ្ឋានមានកន្លែងធំទូលាយ និងមានខ្យល់អាកាសល្អ ងាយស្រួលក្នុងការរក្សាគម្លាតចម្ងាយ ៥-១០ ម៉ែត្រពីគ្នា។
លោក វណ្ណ បញ្ជាក់ថា៖ «ដំបូងការបិទមួយរយៈខ្លីដើម្បីបង្ការ ប៉ុន្តែមកដល់ពេលនេះនៅតែបិទ ខ្ញុំមិនគាំទ្រទេ។ វាជាធម្មជាតិ ការហាត់ប្រាណធ្វើឲ្យសម្រួលការតានតឹង និងជួយឱ្យគេងលក់ស្រួល។ ខ្ញុំចង់ឲ្យក្រសួងបើកស្តាតឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋអាចហាត់ប្រាណបាន»។
គិតត្រឹមថ្ងៃទី២៦ ខែ កក្កដានេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ចំនួន ២២៥ករណី ហើយសាលារៀននានាមានគម្រោងនឹងបើកឡើងវិញជាបណ្តើរៗ នៅដើមខែក្រោយនេះ។
អ្នកស្រី មាន រស្មី ពលរដ្ឋរស់នៅក្បែរពហុកីឡាដ្ឋានជាតិអូឡាំពិកនិយាយថា ផ្ទះរបស់អ្នកស្រីតូចចង្អៀត មិនអាចដើរហាត់ប្រាណតាមផ្លូវដែលពោរពេញដោយចរាចរណ៍បានទេ ចំណែកចិញ្ចើមថ្នល់ពេញដោយចំណតម៉ូតូ និងឡាន។ អ្នកស្រីបន្ថែមថា អ្នកស្រីឲ្យពហុកីឡាដ្ឋានជាតិអូឡាំពិកបើកដំណើរការឡើងវិញ ដូច្នេះអ្នកស្រី និងក្រុមគ្រួសារ នឹងអាចទៅហាត់ប្រាណនៅពេលល្ងាច និងចុងសប្តាហ៍បាន។
អ្នកស្រីថា៖ «ខ្ញុំចង់ឲ្យស្តាតបើកក្នុងពេលឆាប់ៗនេះ ឲ្យមនុស្សបានទៅហាត់ប្រាណបំបាត់ភាពតានតឹង និងឱ្យគេមានកន្លែងហាត់ប្រាណល្អមួយ»៕