(ភ្នំពេញ)៖ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយអំពីការតែងតាំងកូនប្រុសរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើជារដ្ឋលេខាធិការក្នុងក្រសួងជាមួយគ្នា ត្រូវបានអ្នកឃ្លាំមើលសង្គមយល់ឃើញថា នេះជាការបង្ហាញអំពីកង្វះតម្លាភាពក្នុងការតែងតាំងមន្រ្តី ក្នុងជួររដ្ឋាភិបាល។
ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែកក្កដា ព្រះមហាក្សត្របានតែងតាំងលោក អ៊ុក ពញ្ញា ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ សារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សាយថា រដ្ឋលេខាធិការថ្មីរូបនេះត្រូវជាកូនប្រុរសរបស់លោក អ៊ុក រ៉ាប៊ុន ដែលមានតូនាទីជារដ្ឋមន្រ្តីនៃក្រសួងមួយនេះផ្ទាល់។
ប្រធានកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ លើកឡើងថា ការដាក់បញ្ចូលក្រុមគ្រួសាររបស់មន្រ្តីខ្លួនឯងក្នុងជួររដ្ឋាភិបាល បង្ហាញអំពីកង្វះតម្លាភាព និងបង្ហាញអំពីទំនាស់ផលប្រយោជន៍ក្នុងស្ថាប័ន។
លោកបញ្ជាក់ថា៖ «វាគាប់ជួនពេក ដោយសារឳពុកនៅហ្នឹង ហើយកូនឡើងតួនាទីនៅគៀកក្បែរឳពុកតែម្តង។អ្វីបែបហ្នឹងយើងគិតថាមិនសូវជាល្អទេ។ យើងដឹងស្រាប់ហើយនៅក្នុងប្រទេសកម្ពុជារបស់យើង គឺទាក់ទងការបង្ហាញតម្លាភាព ការជ្រើសរើសដែលផ្តោតទៅលើសមត្ថភាព។ លក្ខណៈគុណសម្បត្តិហ្នឹង អត់មានបង្ហាញច្បាស់លាស់ទេ»។
លោក នរិន្ទ បន្ថែមថា ការជ្រើសរើសបុគ្គលណាម្នាក់មកកាន់មុខតំណែង ណាមួយ ត្រូវជ្រើសរើសប្រកបដោយលក្ខណៈសម្បត្តិ ពេញលេញ ជាជាងការឡើងមកកាន់តំណែងទាំងនោះតាមរយៈខ្សែស្រឡាយ។ លោកថា ពលរដ្ឋកម្ពុជាគ្រប់រូបគួរតែមានឱកាសសម្រេចក្តីស្រមៃរៀងៗខ្លួន។
លោកបន្ថែមថា៖ «យើងសង្ឃឹមថា រាជរដ្ឋាភិបាលត្រូវគិតគូរឡើងវិញ ទោះបីជាមានដាក់បញ្ចូលគេហៅថាអ្នកជំនាន់ក្រោយ យើងមិនបដិសេធទេ ដំណើរការនៃការដាក់បញ្ចូលគួរតែមានលក្ខណៈប្រកួតប្រជែង ឲ្យបានទូលំទូលាយ ហើយតម្លាភាពទៅលើសមត្ថភាព»។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក អ៊ុក រ៉ាប៊ុន បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា៖ «សួររដ្ឋាភិបាល ខ្ញុំអត់ដឹងទេ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋមន្រ្តីនៃក្រសួងណាមួយ មានសិទ្ធិតែងតាំងនរណាម្នាក់ដើម្បីធ្វើការងារជាមួយគ្នា។ លោកបន្តថា មន្ត្រីដែលជ្រើសរើសដោយរដ្ឋមន្រ្តីនៃក្រសួងណាមួយ មិនត្រូវបានឆ្លងកាត់ការប្រឡងប្រជែងនោះឡើយ ដោយថា ពួកគេជាមន្ត្រីនយោបាយ ។
លោកបញ្ជាក់ថា៖ «ការតែងតាំងជាបុព្វសិទ្ធិដែលបង្ហាញអំពីសមត្ថភាព និង គុណវឌ្ឍន៍របស់បុគ្គលណាមួយ ហើយបុគ្គលហ្នឹងគេមិនរើសអើងជាកូន ជាចៅ ជាក្មួយទេ ការតែងតាំងហ្នឹង។ ការតែងតាំងហ្នឹងជាមន្ត្រីនយោបាយ មិនមែនជាមន្រ្តីក្នុងប្រអប់ទេ»។
ប្រធានកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ បញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០១៨មក មានការចាត់តាំងខ្សែស្រឡាយ ក្រុមគ្រួសារមន្រ្តីមួយចំនួនជាប្រព័ន្ធ និងស្ទើរតែគ្រប់ក្រសួង៕