ការប្រើប្រាស់ជីគីមីច្រើនហួសកម្រិត និងការបំផ្លាញសត្វល្អិតក្នុងដី ធ្វើឲ្យដីខូចគុណភាពមិនអាចដាំដុះកើត និងប៉ះពាល់សុខភាពអ្នកដាំ និងអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។
លោក សម វិទូ ទីប្រឹក្សាឯករាជ្យ និងជាប្រធានពិគ្រោះយោបល់ផ្លាសអេជ្ជ លើកឡើងថា ការប្រើគីមីច្រើនលើដី និងការមិនផ្តល់សារធាតុសរីរាង្គទៅដីវិញ ធ្វើឲ្យដីងាប់ ដែលមិនអាច ផ្តល់ជីវជាតិអ្វីទៀតដល់រុក្ខជាតិ។ ចំណែកថ្នាំពុលគីមី គឺជាគីមីសំយោគមិនងាយរលាយក្នុងធម្មជាតិ ប៉ុន្តែកសិករស្ទើរតែទាំងអស់ប្រើជីគីមី ជីបំប៉នដីទ្រាប់បាត និងប្រើថ្នាំសម្លាប់សត្វល្អិតផ្សេងៗដើម្បីធ្វើឲ្យដំណាំឆាប់ធំ ដោយខុសបច្ចេកទេស។
«ពេលគាត់ប្រើជីគីមី និងថ្នាំពុលតាមចំណេះគាត់ផ្ទាល់ និងធ្វើតាមគ្នា ពេលខ្លះគាត់ប្រើលើសដែលមិនគួរទទួលយកបាន សត្វល្អិតពុលប៉ុណ្ណា មនុស្សពុលប៉ុណ្ណឹងដែរ»។
លោកបន្ថែមថា នៅពេលដីប្រែជារឹងប្រៀបដូចជាថ្ម ឬខ្សាច់ មិនអាចដាំដុះបាន ធ្វើឲ្យតំបន់នោះក្លាយជាវាលរហោដ្ឋាន ឬវាលខ្សាច់ ដោយសារពលរដ្ឋមិនថែរទាំដី។
«តំបន់វាលខ្សាច់សាហារ៉ាកាលពីសម័យកកើតផែនដី ជាតំបន់ដែលសំបូរព្រៃឈើជាងគេ ប៉ុន្តែក្រោយមកពីការកាប់បំផ្លាញព្រៃឈើ ការដាំដុះអត់ផ្តល់សរីរាង្គដល់ដីវិញ ការសាងសង់ និងការប្រើប្រាស់ដីហួសកម្រិត ដីក្លាយជាដីដែលអត់ដាំដុះលែងបាន។ តំបន់ណាក៏ដូចគ្នា បើដីងាប់ហើយ ទោះប្រើសារធាតុគីមី ឬផ្តល់សារធាតុសរីរាង្គដើម្បីបន្ត វាត្រូវការកែ និងត្រូវការរយៈពេលយូរមែនទែន»។
លោកបន្តថា ដើម្បីឲ្យដីរស់ យើងត្រូវរក្សាដីឲ្យមានសត្វល្អិត និង ដំដំណាំចម្រុះមានមើមផ្លែ ស្លឹក ដើម្បីឲ្យមានជីវជាតិច្រើនមុខ។
ចំណែក លោក ថេង សាវឿន ប្រធានសម្ព័ន្ធសមាគមកសិករ លើកឡើងថា កាដាំដុះដំណាំកសិករប្រមាណជា៣០ ទៅ៣៥ភាគរយ ដាំដុះដំណាំនៅតាមតំបន់ទំនាប និងតំបន់មានទឹកគ្រប់គ្រាន់។ ប៉ុន្តែលោកថា បើទោះបីជាការដាំដុះរបស់កសិករនៅរដូវវស្សា មានកាកើនឡើនដោយសារមានទឹកគ្រប់គ្រាន់ ប៉ុន្តែនៅតែមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សាក្នុងស្រុកបាននៅឡើយ។
លោកបន្តថា បច្ចេកទេសដាំដុះរបស់ប្រជាជាកសិករនៅមានកម្រិត មិនបានធ្វើតាមបច្ចេកទេសដោយធ្វើតែតាមទំនៀមទម្លាប់។ ចំណែកការប្រើប្រាស់ជីគីមីមានកម្រិតច្រើនភាគរយ ស្ទើរគ្រប់តំបន់ទាំងអស់ដី ជាហេតុធ្វើឲ្យដីធ្លាក់ គុណភាពដោយសារការប្រើប្រាស់ជាតិគីមីច្រើន ដើម្បីបានទិន្នផលខ្ពស់។
លោក ថេង សាវឿន បន្ថែមថា កន្លងមករដ្ឋាភិបាល បានអំពាវនាវកុំឲ្យប្រើប្រាស់ជីគីមី ក៏ប៉ុន្តែវិធានការរបស់រដ្ឋនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ ដោយលោកថា ត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំងក្នុងការផ្សព្វផ្សាយដល់កសិករឲ្យដឹងពីប៉ះពាល់ដល់អ្នកប្រើ និងអ្នកបរិភោគ ប៉ះពាល់ដល់សេដ្ឋកិច្ចទាំងប្រាក់កាក់របស់កសិករ ការចំណាយលើជី និងថ្នាំព្យាបាលជំងឺ និងត្រូវជំរុញឲ្យអ្នកបរិភោគគាំទ្រផលិតផលអត់គីមី។
«ចង់ឲ្យរាជរដ្ឋាភិបាលធ្វើយ៉ាងម៉េចរៀបចំឲ្យមានយុទ្ធការច្បាស់លាស់ក្នុងការផ្សព្វផ្សាយពីផលប៉ះពាល់ និងជួយវិធីសាស្រ្តផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋឲ្យកសិករបោះបង់ការប្រើប្រាស់ជីគីមីមកធ្វើការដាំដុះ ឬដាំតាមធម្មជាតិ មានប្រព័ន្ធផ្សព្វផ្សាយថ្នាក់មូលដ្ឋានជាដើមអញ្ចឹង»។
អ្នកស្រី សាត អង្កាសា អ្នកសម្របសម្រួលគម្រោងរបស់អង្គការសេដាក មានប្រសាសន៍ថា បន្លែចែកចេញជា៣ប្រភេទ គឺបន្លែគីមី បន្លែសុវត្ថិភាព និងបន្លែសរីរាង្គ។ អ្នកស្រីបន្តថា
បន្លែគីមីប៉ះពាល់ខ្លាំងដល់សុខភាព ដែលអាចបង្កឲ្យមានជំងឺរាគ បង្កឲ្យមានមេរោគក្នុងឈាម ធ្វើឲ្យឡើងខ្លាញ់ លើសឈាម និងមានបញ្ហាគ្រប់យ៉ាងក្នុងរាងកាយទាំងពេលបច្ចុប្បន្ន និងអនាគត។
«ថ្នាំពុលសម្លាប់សត្វល្អិតសុទ្ធតែមានជាតិវិទ្យុសកម្មរបស់វាកម្រិតខ្ពស់ កម្រិតមធ្យម និងកម្រិតទាប ប៉ុន្តែយើងប្រើអាទាបអត់បានទៀតទេ បាញ់ទៅអត់ស្លាប់ អញ្ចឹងគេប្រើអាខ្លាំង»។
អ្នកស្រីបន្ថែមថា បន្លែខ្លះដាំទុកលក់ក្នុងស្រុកផ្សេង និងសម្រាប់នាំចេញ ទៅលក់នៅក្រៅប្រទេសផ្សេង។ អ្នកស្រីថា ពេលយើងនាំចូលមិនបានត្រួតពិនិត្យត្រឹមត្រូវ ហើយយកមកបរិភោគ នោះជាតិគីមីដែឡមានក្នុងបន្លែទាំងនោះ ធ្វើឲ្យប៉ះពាល់អាក្រក់ដល់សុខភាព។
«បើនាំចេញគេប្រើរហូតដល់ថ្ងៃប្រមូលផលយកមក ហើយបន្ទាប់មកទៀតគេបាញ់ថ្នាំទុកឲ្យបានយូរ គេបាញ់ថ្នាំពង្រីកវាអញ្ចឹង ពេលយើងញ៉ាំចូលខ្លួនទៅវាក៏អាចរីករួមអញ្ចឹង។ ជាតិគីមីទាំងអស់ហ្នឹងពេលយើងប្រើសុទ្ធតែប្រើម៉ាស់ ចុះពេលយើងញ៉ាំចូលដល់ក្រពះពោះវៀនយើង?»។
អ្នកស្រីបន្ថែមថា បន្លែសុវត្ថិភាពគេប្រើថ្នាំគីមីតាមកម្រិតស្តង់ដារ ដើម្បីបរិភោគទៅមិនប៉ះពាល់ដល់សុខភាព ដូចជាការប្រើជីគីមីរយៈពេលត្រឹមតែ១៥ថ្ងៃ ចំណែក១៥ថ្ងៃទៀតអត់ប្រើទេ ដើម្បីឲ្យអស់ជាតិថ្នាំ ទើបកាត់មកលក់។ អ្នកស្រីថា នៅពេលប្រើជាតិគីមីច្រើនយូរទៅនឹងធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធឈាម ថ្លើម និងក្រពះជាដើម។
«ដូចឥឡូវយើងមានជំងឺលើសឈាមតាំងពីអាយុសាមជាង សែជាង មានជំងឺស្ទះខ្លាញ់សសៃឈាមមានគ្រប់សព្វ»។
«សរីរាង្គតាំងពីដើមដល់ប្រមូលផលគឺអត់ប្រើអីហ្នឹង ប្រើធម្មជាតិសុទ្ធសាត ទាំងថ្នាំបាញ់សត្វល្អិត និងថ្នាំពូជធម្មជាតិ ញ៉ាំទៅអត់មានប៉ះពាល់សុខភាពទេ។ ការញ៉ាំរកប្រភពកន្លែងណាដែលទុកចិត្ត។ បន្លែធម្មជាតិមិនមានរូបរាងល្អទេ»។
អ្នកដាំបន្លែនៅខេត្តកំពង់ស្ពឺម្នាក់ឈ្មោះ ទូច និយាយថា លោកដាំបន្លែច្រើនមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារ ដោយមានម៉ូយមកយកដល់កន្លែងទៅលក់បន្តនៅផ្សារនានា។ លោកបន្តថា បន្លែដែលលោកដាំ គឺលោកដាក់ជីគីមី និងថ្នាំបាញ់សម្លាប់សត្វល្អិតច្រើនប្រភេទមានបាញ់ និងគ្រាប់ដែលទិញពីផ្សារ។ លោកដាក់ជីបំប៉នបាញ់ថ្នាំសម្លាប់ដង្កូវ និងសត្វល្អិត និងថែរទាំការពាររោគផ្សេងៗលើដំណាំតាំងពីដាំដំបូងក្នុងដី រហូតមានផ្លែ ឬបន្លែធំគ្រប់គ្រាន់សម្រាប់បេះទៅលក់ និងបាញ់ថ្នាំឲ្យឆាប់លូតលាស់ល្អ និងចេញផ្លែតាមកំណត់ហើយរលោងស្អាត តាម ធម្មជាតិ និងតម្រូវការទីផ្សារ។
«បានផ្លែយើងបាញ់ទៀត ការពារដង្កូវ ហើយបំប៉នវាឲ្យល្អ បាញ់ថ្នាំបំប៉នផ្លែទៅ ហ្នឹងហើយ។ យើងមើលល្មមបេះយើងបេះវាទៅ៣ទៅ៤ថ្ងៃយើងបាញ់ទៀតទៅ ព្រោះថ្នាំបាញ់ឲ្យល្អយើងបាញ់ឲ្យល្អផ្លែសំខាន់បាញ់ឲ្យរលោងផ្លែឲ្យខៀវធម្មជាតិ។ បើដីថ្មីបាចកំបោរសម្លាប់មេរោគទៅអត់អីទេ»។
លោកបន្ថែមថា៖ «២ហិតតាប្រើអស់ប្រហែល១បេ តម្លៃជាង១០ម៉ឺនរៀលពេលខ្វះទិញថែមទៀត ឬមានសត្វល្អិតច្រើន»។ លោកថា៖ «បើអត់បាញ់ស្មៅវាងាប់ដំណាំ ខ្ញុំដឹងថាប្រើគីមីវាប៉ះពាល់សុខភាព ប៉ុន្តែមិនដឹងធ្វើម៉េច»។
ចំណែកអ្នកដាំបន្លែម្នាក់ទៀតនៅខេត្តកំពង់ស្ពឺ ថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា ប្រសិនបើដាំមិនប្រើជីគីមីលាយ នោះផលិតផលនឹងមិនទាន់គេនោះទេ។ លោកបន្តថា លោកប្រើជីធម្មជាតិ និងលាយជីគីមីខ្លះ ហើយបាញ់ថ្នាំសម្លាប់ស្មៅ ដោយសារកាត់ស្មៅមិនទាន់។
ឆ្លើយតបនិងការខ្លាចប៉ះពាល់សុខភាពគាត់មានប្រសាសន៍ថា លោកមិនហ៊ានចូលជិតដំណាំទេ ដោយឲ្យកម្មកធ្វើ និងពាក់ម៉ាស់ ហើយបាញ់ពីលើខ្យល់។
«ដំបូងអត់ចង់បាញ់ទេ តែកាត់មិនឈ្នះ កាត់អាមុខ អាក្រោយដុះមកទៀត ហើយឥឡូវបាញ់ហើយវាលល្វឹង តែយើងកុំបាញ់ឲ្យត្រូវដាំណាំ»។
បើតាមរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) ចេញកាលពីឆ្នាំ២០១៦ បង្ហាញថា កម្ពុជានាំចូលបន្លែពីក្រៅប្រទេសមកចាក់បំពេញតម្រូវការទីផ្សារក្នុងស្រុកចន្លោះពី២០០តោន ទៅ៤០០តោនក្នុងមួយថ្ងៃ ដែលភាគច្រើននាំចូលពីប្រទេសចិន វៀតណាម និងថៃ។ របាយការណ៍ដដែលបញ្ជាក់ថា កម្ពុជាចំណាយជាង២០០លានដុល្លារ សម្រាប់ទិញបន្លែពីក្រៅប្រទេសមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក៕