(ភ្នំពេញ): ក្រុមគ្រួសាររបស់អ្នកកំពុងជាប់ឃុំនិយាយថាពួកគេអាចចំណាយប្រាក់រាប់រយដុល្លារក្នុងមួយខែ ដើម្បីផាសុកភាពសាច់ញាតិរបស់ពួកគេនៅក្នុងពន្ធនាគារដែលមានភាពចង្អៀតណែន ស្របពេលមន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថា ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើពន្ធនាគារ និងតុលាការរបស់ប្រទេសនេះ។
កាលពីខែមិថុនា អាជ្ញាធរបានប្រកាសអំពីការកើនឡើងនៃការចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនសម្រាប់ឆមាសទី១នៃឆ្នាំនេះដោយអះអាងថា ការបិទក្លឹបកំសាន្ត និងរង្គសាលផ្សេងៗ ចំពេលផ្ទុះជំងឺកូវីដ១៩ ធ្វើឲ្យសមត្ថកិច្ចងាយស្រួលក្នុងការស្វែងរកមុខសញ្ញាអ្នកជួញដូរគ្រឿងញៀន ជាហេតុធ្វើឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ។
អ្នកស្រី កុល សាត ភរិយារបស់អ្នកជាប់ពន្ធនាគារនៅព្រៃស រាជធានីភ្នំពេញម្នាក់ និយាយថា ស្វាមីរបស់អ្នកស្រីដែលកំពុងជាប់ឃុំអស់រយៈពេលជាងមួយឆ្នាំមកហើយនោះ កំពុងមានជំងឺលើសឈាម។ អ្នកថា អ្នកស្រីបារម្ភថា ស្វាមីរបស់អ្នកស្រីនឹងមិនអាចរស់បានដោយសាររបបអាហារក្នុងពន្ធនាគារគ្មានស្តង់ដារ។
«ខ្ញុំទៅជួបគាត់ម្តងក្នុងមួយសប្តាហ៍ ដើម្បីផ្ញើរម្ហូប បន្លែ និងសាច់ឱ្យគាត់ ព្រោះសុខភាពគាត់មិនល្អ»។
អ្នកស្រីថា រវាងការចំណាយក្នុងពន្ធនាគារ ការជួលផ្ទះ អ្នកស្រីចាំបាច់ត្រូវខ្ចីប្រាក់បន្ថែមទៀតដើម្បីរស់។
«ខ្ញុំបានខ្ចីលុយគេបន្ថែមទៀត ព្រោះការចំណាយច្រើន»។
អ្នកស្រី សាត បានស្នើសុំថា ឈ្មោះប្តីរបស់អ្នកស្រី ដែលជាអ្នកនយោបាយមួយរូប មិនត្រូវបានប្រើជាការសងសឹក។
ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ក្នុងប្រទេសកាន់តែកើនឡើង ព្រៃសត្រូវបានផ្អាកមិនឱ្យសាច់ញាតិបងប្អូនចូលសួរសុខទុក្ខអ្នកជាប់ឃុំឡើយ ហើយអ្នកស្រី សាត ក៏មិនអាចទៅជួបស្វាមីរបស់អ្នកស្រីផ្ទាល់បានដែរ។ ទោះយ៉ាងណាអ្នកស្រីនៅតែផ្តល់អាហារជារៀងរាល់សប្តាហ៍ តាមរយៈមន្ត្រីពន្ធនាគារ។
ស្ត្រីម្នាក់ទៀតដែលជាអ្នកលក់ស្បែកជើងនៅផ្សារអូរឫស្សី ប្រាប់ Newsroom Cambodia ដោយសុំមិនបញ្ចេញឈ្មោះថា នាងមានពូម្នាក់កំពុងជាប់ក្នុងពន្ធនាគារអស់រយៈពេលជាង៥ឆ្នាំមកហើយ ពីបទជួញដូរគ្រឿងញៀន។ នាងថា គាត់មានអាយុជាង៦០ឆ្នាំ ហើយជារឿយៗគាត់តែងតែឈឺ។
«ខ្ញុំត្រូវផ្ញើរប្រាក់ទៅគាត់រាល់ខែ ពេលខ្លះ៥០ដុល្លារ ពេលខ្លះ១០០ដុល្លារ ២០០ដុល្លារ ឬ ច្រើនជាងនេះ ពេលគាត់ឈឺ»។
នាងបន្ថែមថា៖ «ប្រសិនបើខ្ញុំមិនជួយទេ គាត់នឹងស្លាប់ដោយគ្មានអ្វីបរិភោគ»។
នាងបារម្ភថា ពូរបស់នាងថាប្រឈមបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ ដោយសារតែអាហារក្នុងពន្ធនាគារនោះហាក់បីដូចជាអាហារដាក់ឱ្យជ្រូកស៊ី។
«គ្មាននរណាម្នាក់ត្រូវបានគេព្យាបាលដោយគ្មានប្រាក់នោះទេ»។
ស្រ្តីចំណាស់ម្នាក់ដែលមានចៅប្រុសអាយុ១៨ ឆ្នាំ កំពុងស្ថិតក្នុងពន្ធនាគារ បានប្រាប់ពីរឿងរ៉ាវស្រដៀងគ្នានេះដែរ។
អ្នកស្រីប្រាប់ Newsroom Cambodia ដោយសុំមិនបញ្ចេញឈ្មោះថា៖ «ចៅរបស់ខ្ញុំទទួលបានអាហារពីរពេលក្នុងមួយថ្ងៃ ហើយម្តាយរបស់គាត់តែងតែផ្ញើប្រាក់ជារៀងរាល់ខែដើម្បីទិញម្ហូបភេសជ្ជៈ និងបង់លុយថ្លៃទឹក ថ្លៃកង្ហារ ក្នុងបន្ទប់របស់គាត់ឱ្យទៅអ្នកយាមគុក»។
អ្នកស្រីបន្តថា ចៅប្រុសរបស់អ្នកស្រីជាប់ពន្ធនាគារពីបទប្រើប្រាស់គ្រឿងញៀន ហើយទំនិញក្នុងពន្ធនាគារមានតម្លៃថ្លៃជាងខាងក្រៅទ្វេរដង។
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ការចាប់ខ្លួនអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ បើប្រៀប ធៀបទៅនឹងឆ្នាំមុន។ លោកបន្ថែមថា មូលហេតុនៃការកើនឡើងបទល្មើសគ្រឿងញៀននេះគឺការឆ្លងជំងឺកូវីដ១៩ ដែលតម្រូវឱ្យក្លឹបកំសាន្ត និងរង្គសាលផ្សេងៗបិទទ្វារ ហើយការប្រើប្រាស់គ្រឿងញៀនកាន់តែមានលក្ខណៈបើកចំហរនៅខាងក្រៅ ទើបកម្លាំងសមត្ថកិច្ចអាចបង្ក្រាបបានច្រើន។
លោក វីរិទ្ធ មានប្រសាសន៍ថា៖ «ការកើនឡើងនៃការបង្ក្រាបគ្រឿងញៀននៅក្នុងឆមាសទី១ នៃឆ្នាំនេះ គឺដោយសារតែនៅក្នុងអំឡុងពេលកូវីដ១៩ គ្រប់ក្លឹបកំសាន្ត និងរង្គសាលត្រូវបានបិទទ្វារ ដូច្នេះអ្នកប្រើគ្រឿងញៀនបានចេញមកខាងក្រៅ ហើយអាជ្ញាធរងាយស្រួលក្នុងការចាប់មុខសញ្ញា»។
លោក វីរិទ្ធ បានទទួលស្គាល់ថា ការបង្ក្រាបគ្រឿងញៀននេះកំពុងនាំឱ្យមានអ្នកទោសលើសចំណុះនៅក្នុងពន្ធនាគារ។
លោកបញ្ជាក់ថា៖ «អ្នកទោសជាង៥០ភាគរយ នៃអ្នកទោសនៅក្នុងពន្ធនាគារ គឺជាឧក្រិដ្ឋជនដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលជាហេតុផលធ្វើឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ»។
ទោះយ៉ាងណាលោកថា ការចាប់ខ្លួនគឺចាំបាច់ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។
លោកថា៖ «ការបង្ក្រាបបទល្មើសគ្រឿងញៀនត្រូវតែយកចិត្តទុកដាក់ខ្លាំង ពី ព្រោះនៅពេលពួកគេចេញពីពន្ធនាគារ ពួកគេនឹងធ្វើសកម្មភាពខ្លាំងជាងមុន»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា យុទ្ធនាការរបស់ក្រសួងដែលចាប់ផ្តើមក្នុងឆ្នាំនេះ គឺដើម្បីពន្លឿនដំណើរការតុលាការ មិនមែនដោះលែងអ្នកទោសឱ្យដើរចេញដោយសេរីនោះទេ។
លោកថា៖ «យុទ្ធនាការដោះស្រាយភាពកកស្ទះសំណុំរឿង មិនមែនជាយុទ្ធនាការដោះលែងអ្នកទោស១ម៉ឺននាក់ទេ វាគឺជាយុទ្ធនាការមួយដើម្បីពន្លឿននីតិវិធីតុលាការ និងដើម្បីធ្វើឱ្យរឿងក្តីនេះបានឆាប់រហ័ស និងចេញសាលក្រមស្ថាពរបានឆាប់បំផុត»។
ទោះបីជាយ៉ាងណា ការបង្កើនល្បឿនដោះស្រាយការកកស្ទះសំណុំរឿងនេះ ក៏អាចកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារបានខ្លះដែរ។
លោក ម៉ាលីន បញ្ជាក់ថា៖ «ប្រសិនបើមានសាលក្រមចុងក្រោយ ខាងពន្ធនាគារអាចផ្លាស់ប្តូរគាត់ពីកន្លែងមួយទៅកន្លែងមួយ ដែលមិនសូវមានភាពចង្អៀតណែន»។
លោកបានបន្ថែមថា៖ «មិនមែនសាលក្រមទាំងអស់តម្រូវឱ្យមានការជាប់ពន្ធនាគារនោះទេ គឺអាស្រ័យទៅតាមប្រភេទសំណុំរឿង និងស្ថានភាពជាក់ស្តែងនៃកំហុសនីមួយៗ»។
លោកបានទទួលស្គាល់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស កំពុងដាក់សម្ពាធលើប្រព័ន្ធយុត្តិធម៌។
លោកបញ្ជាក់ថា៖ «វាមិនទាន់បានឆ្លើយតបទៅនឹងការកើនឡើងនៃយុទ្ធនាការបង្ការ និងបង្ក្រាបគ្រឿងញៀននៅឡើយទេ ប៉ុន្តែការកសាងពន្ធនាគារថ្មីបន្ថែមទៀត និងកំណែទម្រង់ច្បាប់ជាច្រើន កំពុងតែផ្តួចផ្តើមដែលមានរយៈពេលខ្លី និងរយៈពេលវែង ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លើកឡើងថា ចំនួនអ្នកទោសច្រើនហួសហេតុនៅក្នុងពន្ធនាគារបានបង្កទៅជាបញ្ហាសុខភាព។
លោកថា៖ «ក្នុងបន្ទប់មួយដាក់បានតែ១០នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារតែភាពចង្អៀតណែន គេអាចដាក់ដល់ទៅ៣០នាក់ ដែលធ្វើឱ្យអ្នកទោសដេកផ្អៀងខ្លួន ហើយខ្លះទៀតផ្លាស់ប្តូរវេនគ្នាសម្រាក ហើយការប្រមូលផ្តុំគ្នាច្រើនហួស អាចបង្កឱ្យមានបញ្ហាថប់បារម្ភ លើសសម្ពាធឈាម និងគាំងបេះដូង បើសិនមានជំងឺឆ្លង គឺវាអាចងាយនឹងឆ្លងបន្តគ្នា»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា៖ «យើងចង់ឱ្យមានការត្រួតពិនិត្យពីខាងក្រសួងសុខាភិបាលដែរ អំពីស្តង់ដារនៃការរស់នៅរបស់អ្នកទោស ដើម្បីឱ្យគាត់មានសុខភាពល្អ និងរបបអាហាររបស់គាត់បានគ្រប់គ្រាន់»។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បញ្ជាក់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាល កំពុងបណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្ស ដោយមិនមែនកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន និងជួញដូរគ្រឿងញៀននោះឡើយ៕