(ភ្នំពេញ និងព្រះសីហនុ): សំរាមប្លាស្ទិកត្រូវបានគេឃើញមានពាសវាលពាសកាល ទាំងលើដី និងក្នុងទឹក ហើយប្លាស្ទិកជាប្រភេទកាកសំណល់មិនងាយរលាយ និងមានផលប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វ។ ចំណែកនៅកម្ពុជា ប្រជាពលរដ្ឋមួយចំនួនមានទម្លាប់បោះចោលសំណល់ផ្លាស្ទិក និងមិនទាន់មានការបែងចែកប្រភេទសំរាមបានត្រឹមត្រូវនៅឡើយ។
តែទោះបីជាយ៉ាងណា ពលរដ្ឋមួយចំនួនក៏កំពុងព្យាយាមអនុវត្តការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយខ្លះក៏កំពុងយកសំណល់ប្លាស្ទិកទៅកែច្នៃជារបស់ប្រើប្រាស់ផ្សេងៗឡើងវិញជាដើម។
លោក សុខ ធី ប្រធានសហគ្រាសឥដ្ឋអេកូដែលបានប្រមូលយកសំរាមប្លាស្ទិកមកកែច្នៃលាយជាមួយវត្ថុផ្សេងទៀតមកធ្វើជាឥដ្ឋអេកូសម្រាប់សាងសង់ផ្ទះ បានប្រាប់ Newsroom Cambodia នៅថ្ងៃទី១០ ខែសីហា ថា ការប្រើប្រាស់កាកសំណល់ប្លាស្ទិកមកធ្វើជាឥដ្ឋអេកូ អាចជួយកាត់បន្ថយសំរាមលើផែនដី ផ្លាស់ប្តូរផ្នត់គំនិតប្រជាជនឲ្យចេះញែកសំរាមដោយឡែកទុកសម្រាប់កែច្នៃ និងជួយសម្អាតបរិស្ថាន។ លោកបន្ថែមថា ឥដ្ឋអេកូនេះក៏ជួយកាត់បន្ថយសង្វាក់ផលិតកម្ម ថ្លៃដើមថោកជាងមុន និងមានគុណភាពខ្ពស់។
លោកថា៖ «ចំពោះការផលិតគឺវត្ថុធាតុដើមប្រមូលកាកសំណល់ប្លាស្ទិកយកមកកិនជាមួយវត្ថុធាតុដើមផ្សេងៗទៀត ដើម្បីផលិតជាឥដ្ឋអេកូ។ ប្លាស្ទិកយើងប្រើប្រភេទកព្ចាប់នំ កញ្ចប់មី ទុយោ កែវជ័រ របស់របរដែលគេប្រើប្រាស់ហើយ»។
លោកបន្ថែមថា ឥដ្ឋអេកូត្រូវផ្សំប្លាស្ទិកដែលប្រមូលបាន លាយជាមួយដីខ្សាច់ ស៊ីម៉ង់ត៍ និងវត្ថុធាតុដើមផ្សេងៗទៀត។
«កាផលិតយើងប្រើប្លាស្ទិកប្រហែល៣៥% ដំណើរការដោយយើងកិនប្លាស្ទិក កិនដីចូលម៉ាស៊ីនលាយបានយើងកៀបចេញជាឥដ្ឋ។ គុណភាពមានតាមអ្នកបច្ចេកទេសគេប្រាប់មកយើងធន់ជាងឥដ្ឋធម្មតាតាមឥដ្ឋបែបបុរាណយើង ហើយយើងចូលក្នុងមន្ទីរពិសោធន៍តិចណូក៏យើងទទួលបានលទ្ធផលល្អប្រសើរដែរ កម្លាំងសង្កត់បានខ្ពស់»។
លោកបន្តថា ចំពោះការប្រមូលប្លាស្ទិចតាមសាលារៀន សហគមន៍ និងមានការផ្តល់ជូនពីភោជនីយដ្ឋាន ក្រុមហ៊ុនផ្សេងៗដែលទាក់ទងមក ប៉ុន្តែលោកថា វាមានផលវិបាកក្នុងការយកសំណល់ប្លាស្ទិកមកប្រើ ដោយសារប្រជាពលរដ្ឋចោលសំណល់ប្លាស្ទិកដែលប្រឡាក់លាយឡំនឹងកាកសំណល់ដទៃទៀត ដូច្នេះត្រូវចំណាយពេលសម្រាប់ញែកប្លាស្ទិកនោះចេញពីកាកសំណល់ដទៃទៀត និងត្រូវលាងសម្អាតឲ្យស្អាតជាមុន ទើបអាចយកវាមកផលិតបាន។
«ប្រជាពលរដ្ឋខ្លះគាត់តែងតែបោះចោលសំណល់ផ្លាស្ទិចទៅចូលគ្នាជាមួយសំរាម ដែលធ្វើឲ្យយើងពិបាកក្នុងការប្រមូលប្លាស្ទិចហ្នឹង អញ្ចឹងពួកយើងប្រមូលតាមសាលារៀន តាមសហគមន៍ ប៉ុន្តែភាគច្រើនគឺពួកគាត់ដាក់លាយគ្នាជាមួយវត្ថុធាតុដើមផ្សេងៗទៀត អាហ្នឹងជាផលពិបាក»។
លោកបន្ថែមទៀតថា បើប្រមូលបានប្លាស្ទិកសុទ្ធ ហើយស្អាត វាជាការងាយស្រួលសម្រាប់យកមកផលិតបានភ្លាមៗ មិនចាំបាច់ត្រូវញែកសំរាម និងលាងសំអាតឡើយ។ លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋជួយគាំទ្រ និងញែកសំរាមតាមផ្នែកដើម្បីងាយស្រួលយកមកកែច្នៃ។
ចំណែកលោក សេង វេហា បុគ្គលិកនៅភោជនីយដ្ឋានសណ្តាន់ ក្នុងក្រុងព្រះសីហនុលើកឡើងថា ហាងដែលលោកធ្វើការ តែងព្យាយាមកាត់បន្ថយថង់ប្លាស្ទិកដោយសារដឹងថាវាមានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន តាមរយៈការប្រើប្រាស់គោលការណ៍ពណ៌បៃតង (Green Policy)។ លោកបន្តថា រាល់ការវេចខ្ចប់អាហារគឺប្រើប្រាស់ប្រអប់ធ្វើពីក្រដាស ថង់ច្រកធ្វើដោយថង់បរិស្ថានដែលធ្វើដោយរុក្ខជាតិ និងក្រដាស បំពង់ទុយោបឺតធ្វើដោយកាកអំពៅជាដើម។ លោកបន្ថែមថា សម្រាប់ការញែកសំរាម នៅហាងរបស់លោកមានការញែកសំរាមចំនួន៤ធុងខុសគ្នា គឺធុងសំរាមដាក់តាមផ្នែកសំរាមនីមួយៗ។
«យើងខំប្រឹងធ្វើខ្លួនឯង យើងអត់ខ្វល់ អញ្ចឹងថ្ងៃណាមួយ ពួកគាត់ឃើញថានៅកន្លែងនេះគេបានបែងចែកសំរាមត្រឹមត្រូវរបស់គេ មានពពួកហៅថាធ្វើជីកំប៉ុស្តផ្សេង ពពួកធ្វើរលួយផ្សេង សំបកកំប៉ុងផ្សេងជាមួយដបអីផ្សេង និងប្លាស្ទិកទូទៅផ្សេង»។
លោកបន្ថែមថា រាល់ក្រុមហ៊ុនគួរបណ្តុះបណ្តាលបុគ្គលិក ហើយត្រូវសហការជាមួយរាជរដ្ឋាភិបាល ដើម្បីដឹងថាយកសំរាមទៅធ្វើអ្វី ទើបការញែកសំរាមអាចទៅរួចសម្រាប់ប្រជាជនទូទៅ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសំណល់ គឺនៅមានកម្រិតនៅឡើយ ហើយការបែងចែកសំណល់ទៅតាមប្រភេទក៏នៅមានកម្រិតដែរ។ លោកថា ផលវិបាកក្នុងការប្រើប្លាស្ទិកតែម្តង ហើយបោះចោល បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន បំពុលខ្យល់ និងបង្កើនថាមពលផលិត ហើយបង្កើតជាសំរាមប្លាស្ទិកយ៉ាងច្រើនលើផែនដី ដែលបន្សល់ទុករាប់រយឆ្នាំ។
លោក នេត្រ ភក្រ្តា បន្ថែមថា ប្លាស្ទិកទាំងនោះ ហូរចូលសមុទ្រ និងបម្លែងខ្លួនអាចប៉ះពាល់ដល់ចំណីអាហារត្រី ប៉ះពាល់ដល់ជីវចំរុះក្នុងទឹក ជាពិសេសប៉ះពាល់ដល់សុខភាពមនុស្ស និងបង្កឲ្យមានផ្ទុកមីក្រូប្លាស្ទិកក្នុងខ្លួន និងបរិស្ថាន។
«ការរលាយរបស់ប្លាស្ទិកក៏ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ហើយការដុតក៏ប៉ះពាល់ដល់បរិស្ថានដែរ ហេតុដូច្នេះហើយបានយើងជំរុញឲ្យមានការកាត់បន្ថយនៃការប្រើប្រាស់ ជាពិសេសក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិកនៃក្រសួងបរិស្ថាន បាននិងកំពុងតែពិនិត្យទៅលើការរៀបចំអនុក្រឹត្យដែលឈានទៅដល់ការហាមឃាត់ការចរាចរ ឬមួយក៏ការលក់ដូរ ឬការផលិតនូវសម្ភារៈ ឬក៏ការផលិតដែលជាប្លាស្ទិកប្រើប្រាស់ម្តងហើយបោះចោល»។
បើតាមលោក នេត្រ ភក្រ្តា សំរាមនៅក្នុងប្រទេសកម្ពុជា មានប្រមាណជា៤លានតោនក្នុងមួយឆ្នាំ ក្នុងនោះ១៥ ទៅ២០ភាគរយជាសំណល់ប្លាស្ទិក។ សម្រាប់រាជធានីភ្នំពេញ សំរាមក្នុងមួយថ្ងៃមានប្រហែលជា៣ពាន់តោន ក្នុងនោះមាន១០លានថង់ប្លាស្ទិចត្រូវបានប្រើប្រាស់ក្នុង១ថ្ងៃ៕