ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះថា បានរកឃើញលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩ លើបុរសជនជាតិអង់គ្លេសម្នាក់ អាយុ៥៤ឆ្នាំ ដែលបានធ្វើដំណើរតាមជើងហោះហើរ មកកម្ពុជា។

ការរកឃើញលទ្ធផលវិជ្ជមាននេះ គឺបានកើតឡើងបន្ទាប់ពីកម្ពុជាបានប្រកាសកាលពីថ្ងៃសុក្រ ទី១១ ខែកញ្ញាឆ្នាំ២០២០ថា បាន​ព្យាបាលជាសះស្បើយ​អ្នកជំងឺកូវីដ ១៩ ​ទាំងអស់ហើយ។​

ក្រសួងសុខាភិបាលកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មាន និយាយដូច្នេះថា៖ «លទ្ធផលវិភាគវត្ថុសំណាករបស់បុរសនេះទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ»។

បុរសជនជាតិអង់គ្លេសនេះ មានអាស័យដ្ឋាននៅសង្កាត់បឹងកក់២ រាជធានីភ្នំពេញ ហើយបានធ្វើដំណើរ ពីប្រទេសរបស់ខ្លួន ដោយឆ្លងកាត់ប្រទេសហូឡង់ និងកូរ៉េខាងត្បូង មុនមកដល់កម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

អ្នកដំណើរផ្សេងទៀត ដែលមានលទ្ធផលអវិជ្ជមាន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន១៤រួចហើយ។ នេះបើយោងតាមក្រសួងសុខាភិបាល។

យោងតាមក្រសួងដដែល គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជា បានព្យាបាលឲ្យជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៤នាក់៕