(ភ្នំពេញ)៖ អង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន២០ស្ថាប័ន នៅថ្ងៃចន្ទ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្នើឲ្យរដ្ឋាភិបាលពិនិត្យ និងកែប្រែមាត្រាខ្លះនៃសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន ដែលសង្គមស៊ីវិលទាំងនោះអះអាងថា មិនទាន់មានភាពសមស្របតាមស្តង់ដាអន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលទាំងនោះ ធ្វើឡើងចំទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២០។ ពួកគេបានសាទរចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ប៉ុន្តែពួកគេក៏បានបញ្ជាក់ពីមាត្រាមួយចំនួនដែលគួរតែត្រូវបានធ្វើបន្ថែមទៀត ដើម្បីឲ្យអត្ថបទច្បាប់នេះបំពេញតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។
អង្គការសង្គមស៊ីវិលទាំងនោះបានលើកឡើងនូវការណែនាំ និងមតិយោបល់ដល់រដ្ឋាភិបាលក្នុងការកែប្រែមាត្រាខ្លះនៃសេចក្តីព្រាងច្បាប់នេះ ក្នុងនោះរួមមានមាត្រា១ មាត្រា៣ មាត្រា៤ មាត្រា១១ មាត្រា១៣ មាត្រា១៥ មាត្រា២០ មាត្រា២៥ និងមាត្រា២៩។
ក្នុងមាត្រាទាំងនោះ ក្រុមសង្គមស៊ីវិលបានបញ្ជាក់ថាមិនមានភាពច្បាស់លាស់ពាក់ព័ន្ធនឹងពាក្យថា «ព័ត៌មានសាធារណៈ» និង «ព័ត៌មានសម្ងាត់» ព្រមទាំងបានសង្កត់ធ្ងន់ថា អត្ថបទសេចក្តីព្រាងច្បាប់បច្ចុប្បន្នមិនទាន់ផ្តល់ការការពារគ្រប់គ្រាន់ដល់មន្ត្រី និងពលរដ្ឋដទៃដែលបានបញ្ចេញព័ត៌មានឡើយ។
«ដៃគូសង្គមស៊ីវិលរបស់យើងជាច្រើនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា អត្ថបទបច្ចុប្បន្នមិនទាន់ផ្តល់ការការពារគ្រប់គ្រាន់សម្រាប់មន្ត្រី និងពលរដ្ឋដទៃទៀតដែលបញ្ចេញ ឬផ្សព្វផ្សាយព័ត៌មានដែលបង្ហាញពីអាកប្បកិរិយាខុសច្បាប់ឡើយ ហៅខ្លីថា អ្នកបញ្ចេញព័ត៌មាន។ ហើយសេចក្តីព្រាងច្បាប់នាពេលបច្ចុប្បន្នក៏មិនបានបញ្ជាក់ថា ព័ត៌មានទាំងនោះអាចមិនត្រូវបានចាត់ទុកជាព័ត៌មានសម្ងាត់ ឬមន្ត្រីដែលប៉ុនប៉ងធ្វើឲ្យវាក្លាយជាព័ត៌មានសម្ងាត់វិញ ដើម្បីបិទបាំងការធ្វើខុស ថាត្រូវ តែមានការដាក់ទណ្ឌកម្មយ៉ាងណានោះដែរ»។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានសួរថាតើអង្គការសង្គមស៊ីវិលរំពឹងដែរ ឬទេថានឹងមានការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលលើការស្នើសុំ និងផ្តល់មតិយោបល់តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ?
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបួចា (CamboJa) បានឲ្យដឹងថា អង្គការនានារំពឹងថា នឹងមានការជជែកពិភាក្សាគ្នាជាមួយរដ្ឋា ភិបាលបន្ថែមទៀត ក្នុងគោលដៅរួមមួយ គឺទទួលបានច្បាប់មួយដែលល្អពេញលេញ ព្រមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មានដោយស្របច្បាប់។
«ទាក់ទងនឹងរឿងថាតើយើងសង្ឃឹមអត់ ចំណុចដែលសង្ឃឹមមិនសង្ឃឹម ខ្ញុំគិតថាវាជាផ្នែកមួយដែលយើងទាំងអស់គ្នាប្រឹងប្រែងដើម្បីផលប្រយោជន៍រួម គឺយ៉ាងណាឲ្យពលរដ្ឋទទួលបានព័ត៌មាន […] ហើយខ្ញុំគិតថារដ្ឋាភិបាលក៏មានគោលដៅរួមដូចគ្នាដែរ»។
លោកបន្ថែមថា សេចក្តីព្រាងច្បាប់នេះមានដំណើរការល្អតាំងពីដើមរហូតដល់ទីបញ្ចប់បាន លុះត្រាមានយន្តការនៃការចូលរួមពីគ្រប់ភាគីឲ្យមានប្រសិទ្ធភាព ដោយមានការចូលរួមយោលបល់ពីខាងសង្គមស៊ីវិល និងត្រូវបានរដ្ឋាភិបាលយកទៅជជែកពិចារណាថាគួរកែប្រែបានកម្រិតណា និងមិនបានកម្រិតណានោះ គឺត្រូវជជែកពិភាក្សាបន្ថែមទៀត។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន និងជាប្រធានក្រុមការរងារបច្ចេកទេសក្នុងការតាក់តែងសេចក្តីព្រាងច្បាប់នេះបានប្រាប់ Newsroom Cambodia នាព្រឹកថ្ងៃអង្គារនេះថា ការណ៍ដែលសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍នេះឡើង គឺគ្រាន់តែដើម្បីទាក់ទាញប្រជាប្រិយភាព និងផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ លោកបន្តថា ក្រុមអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធក្នុងដំណើរការធ្វើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទូលបានព័ត៌មានបានឯកភាពគ្នារូចរាល់អស់ហើយជាមួយរដ្ឋាភិបាល ដូច្នេះលោកថា ពុំមានហេតុផលណាមួយដែលត្រូវកែប្រែសេចក្តីព្រាងច្បាប់នេះទៀតទេ។
លោកថា៖ «អ្វីដែលយើងធ្វើកន្លងមកគឺពួកគាត់បានធ្វើជាមួយយើងតាំងពីដើម មកដល់កម្រិតបច្ចេកទេស ហើយគាត់ក៏បានចូលរួមផ្តល់យោបល់ ពិភាក្សា ស្តាប់ហេតុ និងផលនៅលើចំណុចនីមួយៗហ្នឹង ហើយបានឯកភាពគ្នារួចរាល់អស់ហើយ អញ្ចឹងហើយការណ៍ដែលពួកគាត់យកបញ្ហានេះមកជជែកលើកឡើងដដែលៗនេះ គ្រាន់តែជាការទាក់ទាញប្រជាប្រិយភាព ចង់បាននូវការចាប់អារម្មណ៍ ក៏ដូចជាទាក់ទាញប្រភពហិរញ្ញវត្ថុអីសម្រាប់បម្រើនូវការចង់បានរបស់ពួកគាត់តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលបានព័ត៌មាន» ត្រូវបានដឹកនាំរៀបចំតាក់តែងដោយក្រសួងព័ត៌មាន ដោយមានការចូលរួមពីតំណាងសង្គមស៊ីវិល អង្គការយូណេស្កូ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា។ ការតាក់តែងបានចំណាយពេលច្រើនឆ្នាំមកហើយ ក្រោមការគាំទ្រថវិការពីអង្គការយូណេស្កូ។
រាជរដ្ឋាភិបាលប្រគល់ភារកិច្ចឲ្យក្រសួងព័ត៌មានកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីដឹកនាំវេទិកាពិគ្រោះយោបល់ជាមួយអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ៕