ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០នេះថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៣៣ឆ្នាំ ដែលបានធ្វើដំណើរតាមជើងហោះហើរមកកម្ពុជា ខណៈដែលអាជ្ញាធរកំពុងតែស្វែងរកអ្នកប៉ះពាល់បន្តទៀត។
ស្ត្រីជនជាតិខ្មែររូបនេះជាអ្នកដំណើរមកពីសហរដ្ឋអាមេរិច ដោយបានបន្តជើងហោះហើរពីតៃវ៉ាន់ និងបានមកដល់កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។
តាមរយៈការធ្វើតេស្តលើវត្ថុសំណាកលើកទី១ ក្រសួងរកឃើញថាគាត់អវិជ្ជមានកូវីដ១៩ តែមកដល់ថ្ងៃទី១៣ នៃការធ្វើចត្តឡីស័កដោយខ្លួនឯង ទើបលទ្ធតេស្តលើកទី២បង្ហាញថាស្ត្រីរួបនេះវិជ្ជមានកូវីដ១៩។ នេះយោងតាមក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែរថា ស្រ្តីជនជាតិខ្មែររូបនេះមានអាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រសួងសុខាភិបាលបាននិយាយថាមនុស្ស៧នាក់ ដែល៥នាក់ជាក្រុមគ្រួសារ និង២នាក់ជាមិត្តភក្តិ បានប៉ះពាល់ផ្ទាល់ជាមួយស្រ្តីនេះ ព្រមទាំងមនុស្ស៤០នាក់ផ្សេងទៀត ដែលបានរូមដំណើរតាមជើងយន្តហោះជាមួយ។
ក្រសួងសុខាភិបាលបាននិយាយថា «ក្រុមការងារនឹងបន្តការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាបន្តទៀតនៅថ្ងៃ០២ ខែតុលា ឆ្នាំ២០២០ និងថ្ងៃបន្តទៀត ដោយសារស្ថានភាពអាកាសធាតុនៅខេត្តបាត់ដំបង នាយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងមកខ្លាំងពេក និងយប់ផងនោះ»។
គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ កម្ពុជាមានអ្នកវិជ្ជមានកូវីដ១៩សរុប ២៧៨នាក់ព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ ហើយដែលបច្ចុប្បន្ននៅសល់អ្នកជំងឺ៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរាជធានី-ខេត្ត៕