កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាស្ថាពរ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព បន្ទាប់ពីភាគីទាំងពីរបានចរចារគ្នាត្រឹមរយៈពេលជិតមួយឆ្នាំប៉ុណ្ណោះ។
ការចុះហត្ថលេខានេះធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន ប៉ុន្តែរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនមិនបានមកចុះហត្ថលេខានៅកម្ពុជាដោយផ្ទាល់នោះទេ ដោយលោកចុះហត្ថលេខារួមគ្នាតាមរយៈវីដេអូខនហ្វើរិន (សន្ទនាតាមរយៈវីដេអូខល)។
យោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសកម្ពុជា លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់ចំនួន២ទៀត។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្លែងក្នុងពិធីចុះហត្ថលេខានោះថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជាកិច្ចព្រមព្រៀងទ្វេភាគីដំបូងក្នុងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរហើយវានឹងឈានទៅរឹតបណ្តឹងនូវចំណងមិត្តភាព ក៏ដូចជាកិច្ចសហការផ្នែកសេដ្ឋកិច្ចដែលនឹងផ្តល់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ»។
កម្ពុជា និងចិនបានបញ្ចប់ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនឹងគ្នានេះកាលពីក្នុងអំឡុងខែកក្កដាកន្លងទៅ បន្ទាប់ពីចំណាយពេលដើម្បីចរចារគ្នាត្រឹម៧ខែប៉ុណ្ណោះ ដែលការចរចារលើកទី១ ធ្វើឡើងនៅខែមករា លើកទី២នៅខែមេសា និងលើកទី៣នៅខែមិថុនា ហើយកម្ពុជាបានប្រកាសបញ្ចប់កិច្ចចរចារនេះជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២០ ស្របពេលដែលសភាពអឺរ៉ុបបានដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬហៅកាត់ថា EBA ពីកម្ពុជា៕