តុលាការកំពូល នឹងជម្រះសំណុំរឿងអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ ជុំវិញបទចោទថាប្រគល់ឲរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲអន្តរាយដល់ការការពារជាតិ។​

យោងតាមហ្វេកប៊ុកតុលាការកំពូល ការជំនុំជម្រះករណីលោក​ អ៊ួន ឈិន ​និងលោក យាង សុធារិន្ទ នឹងចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

អ្នក​ទាំង​ពីរ​ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ​«ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

តុលាការ​ក៏​បាន​ដក​ហូត​លិខិត​ឆ្លងដែន​និង​អត្តសញ្ញាណប័ណ្ណ​របស់​ពួក​គេ​ផង​ដែរ ហើយ ក្រោយ​មក​ អ្នក​ទាំងពីរ​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ កាលពីឆ្នាំ២០១៨ បន្ទាប់​ពី​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត​១០​ខែ។

សម្ព័ន្ធអ្នកសារព័ត៌មានក​ម្ពុជា ដែលហៅកាត់ថា ខេមបូចា នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើការអំពាវនាវឲទម្លាក់បទចោទប្រកាន់ទាំងឡាយ និងផ្តល់សេរីភាពដល់អ្នកទាំងពីរវិញ។​

«ខេមបូចា សូមអំពាវនាវអោយតុលាការទម្លាក់ចោលរាល់បទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់លោកទាំងពីរវិញ»៕