លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស នៅថ្ងៃព្រហស្បតិ៍នេះលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានផ្តល់ជូនព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនមេសហជីពមួយរូប គឺលោក រ៉ុង ឈុន តាមការស្នើរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៅឡើយទេ ក្នុងរយៈពេលជាង៦០ថ្ងៃមកនេះ។
ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចំនួន៥រូប បានផ្ញើលិខិតរួមគ្នាមួយទៅកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ និងទើបត្រូវបានបង្ហោះជាសាធារណៈនៅថ្ងៃទី១៧ ខែតុលានេះ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំង៥រូបនោះរួមមាន អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញគំនិត និងមតិក្រុមការងារស្តីពីការឃុំខ្លួនដោយបំពាន អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធី និងបង្កើតសមាគម និងអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។
ក្នុងលិខិតនោះ ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបាន ស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់លើការចាប់ និងឃុំខ្លួន លោក រ៉ុង ឈុន និងរបៀបនៃការចាប់ខ្លួន និងឃុំខ្លួននេះស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ទាក់ទងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈ។
ក្រៅពីករណីលោក រ៉ុង ឈុន ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក៏បានស្នើសុំព័ត៌មានបន្ថែមពីភាពត្រូវគ្នានៃការចាប់ខ្លួន ជាមួយនឹងសិទ្ធិសេរីភាព និងសន្តិសុខបុគ្គល រាប់ទាំងការទទួលបានការជូនដំណឹងនៅពេលចាប់ខ្លួន និងអំពីមូលហេតុនៃការចាប់ខ្លួនផង ដែរ។
ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនោះក៏បានស្នើសុំព័ត៌មានបន្ថែមពីរបៀបនៃការបំបែកការជួបជុំដោយសន្តិវិធីកាលពីថ្ងៃទី៣ និងទី៥ ខែសីហា ឆ្នាំ២០២០ នៅក្រៅសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ដែលក្រុមអ្នកជំនាញអះអាងថា ការតវ៉ានោះគឺស្របតាមកាតព្វកិច្ចផ្លួវច្បាប់ដែលមានចែងក្នុងមាត្រា២១នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងច្បាប់របស់កម្ពុជាផងដែរ ដែលបានធានានូវការជួបជុំដោយសន្តិវិធី។
ថ្លែងប្រាប់ Newsroom Cambodia តាមរយៈបណ្តាញសង្គម Signal លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សបានឲ្យដឹងថា ចាប់តាំងពីពេលដែលក្រុមអ្នកជំនាញស្នើសុំព័ត៌មានបន្ថែមករណីលោក រ៉ុង ឈុន មកគឺអស់រយៈពេលជាង៦០ថ្ងៃមកហើយដែលរដ្ឋាភិបាលមិនបានធ្វើការឆ្លើយតប តែលោកស្រីក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលក៏នៅតែអាចឆ្លើយតបបានក្នុងពេលឆាប់ៗនេះ។
លោកស្រីបន្ថែមថា ទោះបីជាបានទទួល ឬមិនបានទទួលការឆ្លើយតបក្តី ក្រុមអ្នកជំនាញនឹងនៅតែបន្តការតាមដាន និងឃ្លាំមើលលើករណីទាំងនេះ។
លោកស្រីថា៖ «អ្នករាយការណ៍ពិសេសនឹងនៅតែបន្តឃ្លាំមើលទោះបីជាមាន ឬមិនមានការឆ្លើយក៏ដោយ ហើយដោយផ្អែកទៅលើការវិវត្ត និងព័ត៌មានថ្មីៗដែលខ្ញុំទទួលបាន និងអាចបញ្ជាក់បាន»។
តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ កាលពីខែកញ្ញាបានលើកឡើងថា កម្ពុជាពុំមានការអនុញ្ញាតឲ្យមានការចាប់ខ្លួនតាមអំពើចិត្តនោះឡើយ ហើយថា ការចាប់ខ្លួនសកម្មជននានាដែលតវ៉ាកន្លងមក គឺជាការអនុវត្តច្បាប់របស់កម្ពុជា។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ រហូតមកដល់ល្ងាចថ្ងៃព្រសហ្បតិ៍នេះ។
យ៉ាងណាមិញសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន បានប្រាប់ Newsroom Cambodia កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះថា ក្រសួងការបរទេស និងក្រសួងដែលពាក់ព័ន្ធ នឹងធ្វើបច្ចុប្បន្នភាពជុំវិញករណីនេះ ហើយក្រសួងនឹងពិនិត្យពិចារណាថា នឹងត្រូវឆ្លើយតប ឬមិនឆ្លើយតបក្នុងពេលខាងមុខ។
លោកថា៖ «តាមរយៈក្រសួងការបរទេស គឺយើងបានប្រមូលព័ត៌មានពីស្ថាប័នពាក់ព័ន្ធ ហើយនឹងធ្វើបច្ចុប្បន្នភាពលើករណីនេះ ដោយសារករណីនេះបានផុតពីដៃរដ្ឋាភិបាលទៅដល់តុលាការហើយ ហើយក្រសួងការបរទេសនឹងពិនិត្យពិចារណាថា នឹងគួរឆ្លើយតបតាមវិធីណា ឬក៏មិនឆ្លើយតប ពីព្រោះករណីនេះយើងបានឆ្លើយតបជាច្រើនដងមកហើយ»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីលោកបានចេញសេចក្តីថ្លែងការណ៍មួយក្នុងនាមជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ដោយលើកឡើងថា ការបោះបង្គោលព្រំដែនលេខ១១៤ ដល់១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីទៅភាគីវៀតណាមជាច្រើនរយហិកតា ក្នុងខេត្តត្បូងឃ្មុំ៕