ការជ្រើសរើសជំនាញមួយដើម្បីសិក្សាគឺជារឿងសំខាន់សម្រាប់យុវជន មិនថាជាការពេញចិត្តដោយខ្លួនឯង ឬគ្រួសារជាអ្នករៀបចំឲ្យឡើយ។ រយៈពេលបួនឆ្នាំនៃការសិក្សាលើជំនាញមួយមុខ គឺមិនគ្រប់គ្រាន់ទេ តែត្រូវចំណាយពេលខ្លះៗទៅលើជំនាញបន្ទាប់បន្សំ ដូចជាភាសាអង់គ្លេស កុំព្យូទ័រជាដើម ដើម្បីពង្រឹងសមត្ថភាពបន្ថែមសម្រាប់ឱកាសការងារជាច្រើនពីទីផ្សារ។
ក្នុងចំណោមបណ្ដាអ្នកកំពុងសិក្សា និងបញ្ចប់ការសិក្សាមួយចំនួនមានការបារម្ភខ្លះៗទៅលើជំនាញដែលកំពុងសិក្សា ដោយពួកគេខ្លាចខ្វះសមត្ថភាពដើម្បីបំពេញការងារ។
លោក អាត់ ដេត និស្សិតកំពុងសិក្សាជំនាញវិស្វករសំណង់ស៊ីវិល បានប្រាប់ Newsroom Cambodia តាមរយៈទូរស័ព្ទកាលពីថ្ងៃទី៨ ខែធ្នូថា លោកបានជ្រើសរើសជំនាញវិស្វករសំណង់នេះដោយខ្លួនឯង បន្ទាប់ពីលោកបោះបង់ជម្រើសទី១ធ្វើជាគ្រូបង្រៀន។ លោកបន្តថា ជំនាញដែលលោកបាននិងកំពុងរៀន បានលើកស្ទួយវិស័យស្ថាបត្យកម្ម (សាងសង់) កម្ពុជាឲ្យឈានទៅមុខ។
លោកបញ្ជាក់ថា៖ «ចំពោះទីផ្សារការងារបច្ចុប្បន្ន ប្រទេសកម្ពុជាមានការអភិវឌ្ឍ មានសុខសន្តិភាព ហើយក៏មានការសាងសង់ផ្ទះ អគារនានាជាច្រើន អីចឹងហើយការងារក៏មានច្រើនដែរសម្រាប់ជំនាញនេះ»។
ចំណែកលោក សុខ ទៀង និស្សិតបញ្ចប់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យធនធានមនុស្ស ហើយសព្វថ្ងៃនេះលោកបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ បានប្រាប់ Newsroom Cambodia តាមទូរស័ព្ទថា សម្រាប់លោក ក្រៅពីជំនាញដែលលោករៀន លោកតែងចំណាយពេលខ្លះដើម្បីរៀនជំនាញបន្ទាប់បន្សំ ដូចជាភាសាអង់គ្លេស និងកុំព្យូទ័រជាដើម។ លោកបន្ថែមថា ទីផ្សារការងារសម្រាប់ជំនាញរបស់លោកមានលក្ខណៈទូលាយ បើទោះបីជាដើមទុនរកស៊ីត្រូវពឹងផ្អែកពីក្រៅប្រទេសក៏ដោយ។
លោកបញ្ជាក់ថា៖ «ត្រូវពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនឯងឲ្យច្បាស់លាស់ និងចាប់យកអ្វីដែលជាចំណូលចិត្តរបស់ខ្លួនឯង ជាពិសេសគឺការកំណត់គោលដៅ និងរៀបចំផែនការជីវិតឲ្យបានត្រឹមត្រូវ»។
មិនមែនតែសិស្សនិស្សិតនោះទេដែលត្រូវយកចិត្តទុកដាកើលើការជ្រើសរើសមុខជំនាញសិក្សា សម្រាប់សាលារៀនក៏មានការកែប្រែយុទ្ធសាស្ត្រមួយចំនួនតាមក្រសួងអប់រំ យុវជន និងកីឡា ដូចជាការពង្រឹងសមត្ថភាពគ្រូបង្រៀន ការផ្អាកលើជំនាញដែលមានទីផ្សារចង្អៀតជាដើម។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ Newsroom Cambodia តាមរយៈបណ្តាញសង្គមតេលេក្រាមថា ក្រសួងអប់រំ បានដាក់បញ្ចូលជំនាញបច្ចេកទេសថ្មីៗមួយចំនួនទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យ ចំណេះទូទៅ និងអប់រំបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ លោកបន្ថែមថា ជំនាញបច្ចេកទេសថ្មីៗនោះមានដូចជា អេឡិចត្រូនិក អគ្គិសនី ក្សេត្រសាស្ត្រ មេកានិក និងគណនេយ្យ។
លោកសរសេរតាមន័យដើមថា៖ «ជំនាញបច្ចេកទេសទាំងនេះនឹងជួយបង្កើនបរិមាណ និងគុណភាពធនធានមនុស្សផ្នែកជំនាញបច្ចេកទេសនៅតាមរោងចក្រ ទីផ្សារការងារផ្សេងៗ និងសម្រាប់ជាមូលដ្ឋានគ្រឹះដល់សិស្សមួយចំនួនដែលចង់រៀនជំនាញនេះបន្ត។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកការផ្ដល់អាជ្ញាប័ណ្ណឲ្យការបើកមុខជំនាញគ្រប់គ្រង គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីជំរុញការអនុវត្តកំណែទម្រង់នៅឧត្តមសិក្សា ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការវិវត្តសេដ្ឋកិច្ចជាតិក្នុងយុគ្គសម័យឧស្សាហកម្ម៤.០៕