ធនាគារពិភពលោក បានធ្វើការព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបចេញពីការរួញចុះ នៃសេដ្ឋកិច្ចដែលប៉ះពាល់ដោយវីរុសកូវីដ ១៩ ហើយនឹងមានកំណើនប្រមាណ ៤ភាគរយ នៅឆ្នាំក្រោយវិញ។
ធនាគារពិភពលោក បានឱ្យដឹងដូច្នេះនៅក្នុងរបាយការណ៍របស់ខ្លួនឈ្មោះថា Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នួ ឆ្នាំ២០២០នេះ។
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងរួញចុះទំហំប្រមាណដក ២ភាគរយក្នុងឆ្នាំ២០២០ នេះយោងតាមធនាគារពិភពលោក ហើយក៏បានអះអាងថាមានសញ្ញាសកម្មនៃសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញ នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំកម្ពុជារបស់ធនាគារពិភពលោក បានមានប្រសាសន៍ថា៖ «ចក្ខុវិស័យកំណើនរបស់កម្ពុជានៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ»។
លោកស្រី បានពោលបន្តទៀតថាឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។
លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្ម ផងដែរ។ នេះយោងតាមលោកស្រី អ៊ីងហ្គូណា ដូប្រាចា។
យោងតាមរបាយការណ៍ខាងលើដដែលនេះ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង ទំនងជាដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិនហៅកាត់ថា(RCEP) ជាដើម៕