ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះបញ្ជាក់ថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានករណីជាសះស្បើយជំងឺ កូវីដ១៩ចំនួន១៧នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះបញ្ជាក់ថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន១៧នាក់នោះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ចំនួន ០២ដង។
ក្រសួងសុខាភិបាលបន្ថែមថា ក្នុងចំណោមករណីជាសះស្បើយចំនួន១៧នាក់ មានអ្នកជាសះស្បើយថ្មីក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន១៥នាក់ ហើយអ្នកជាសះស្បើយ២នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងឆ្លងបន្តនៅក្នុងប្រទេស។
អ្នកជំងឺកូវីដ-១៩ដែលបានរកឃើញពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន២៨នាក់៕