រដ្ឋាភិបាល​​ជប៉ុន​​​​កាល​ពី​សប្តាហ៍​មុន​ បាន​សម្រេចផ្តល់ជំនួយ​ឥត​សំណង​ចំនួន​ពីរ​គម្រោង ដែល​មាន​ថវិកា​សរុប​​​ជាង​មួយ​លាន​​​ដុល្លារ​​អាមេរិក​​សម្រាប់​ជួយ​ដល់​កម្ពុជា​ ក្នុងការសាង​​​សង់​​ផ្លូវ​​ក្នុង​ខេត្ត​កោះកុង​ ស្តារ​ប្រព័ន្ធ​ធារាសាស្រ្ត​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ពង្រឹង​សហគមន៍​កសិកម្ម​​ក្នុង​ខេត្តមណ្ឌលគិរី និង​​ជំនួយ​សម្រាប់​​សុខភាព​កុមារ​។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចុះផ្សាយដោយទំព័រហ្វេសបុកស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០​បញ្ជាក់​​ថា ឯកអគ្គរាជទូ​ត​ជប៉ុនលោក មិកាមិ ម៉ាសាហ៊ីរ៉ូ និង​តំណាង​កម្ពុជា បានព្រមព្រៀង​គ្នា​​ចុះ​ហត្ថ​លេខា​លើកិច្ចសន្យាផ្តល់ជំនួយ​ឥត​សំណង​សរុប ចំនួន​៣៩២, ៣៧១​​ដុល្លារ​អាមេរិក ដល់​អង្គភាព​ចំនួន​បី​ក្រោម​​​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្ស​ជាតិ​គូ​សាណូណិរ​បស់​ជប៉ុន។

សេចក្តីប្រកាសបន្តទៀតថា គម្រោងទាំងបីនោះ​មាន​ដូចជា​ការកែ​លម្អរ​ផ្លូវ​ថ្នល់​ក្នុង​ឃុំ​អណ្តូង​ទឹក​ ស្រុក​បុទុម​សាគរ​ ខេត្តកោះកុង គម្រោងស្តារប្រព័ន្ធធារាសាស្រ្តរោងដំរីខេត្តកំពង់ឆ្នាំង ​និង​គម្រោងពង្រឹងសហគមន៍កសិកម្មនៅស្រុកកោះញែក និង​ក្រុង​សែន​មនោរម្យ​ខេត្ត​មណ្ឌល​គិរី។

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​ទូត​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «យើង​ជឿជាក់​ថា​ ជំនួយ​ទាំងនេះ​នឹង​ជួយ​ក្នុង​ការកែលម្អរ​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​នៅ​ក្នុង​តំបន់​នីមួយៗនៃគម្រោង»។

កាលពី​​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋាភិបាលជប៉ុន​បានឯកភាពផ្តល់ថវិកាសរុបចំនួន ៩៦៨,៣៩០​​ដុល្លារអាមេរិក ដល់អង្គការចំនួនពីរ ក្រោម​គ្រោងការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅ​រដ្ឋា​ភិបាល​ជប៉ុន។​

ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦២លានដុល្លារអាមេរិក​លើ​​គម្រោងចំ​នួន៦៣៥ដល់អាជ្ញាធរមូលដ្ឋាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​គូសាណូណិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០​ រដ្ឋាភិបាល​ជប៉ុន​​​ក៏បាន​ផ្តល់ហិរញ្ញប្បទាន​ឥត​សំណង​ជា​​ថវិកា​សរុប​ចំនួន​៩៦៨,៣៩០ដុល្លារអាមេរិក​ដល់ក​ម្ពុជា​សម្រាប់​គម្រោង​របស់​អង្គការ​ក្រៅរ​ដ្ឋាភិបាល​ជប៉ុន​ ក្នុង​ការពង្រឹង​ប្រព័ន្ធ​ថែរទាំ​ផ្នែក​វះកាត់​កុមារ​ក្នុង​ខេត្ត​ក្រចេះ និង​ការលើក​កម្ពស់​ការអប់រំ​បញ្ចូល​គ្នា​ក្នុង​ខេត្ត​កណ្តាល​ផង​ដែរ៕​