ក្រសួងបរិស្ថាននៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកធ្វើអាជីវកម្មធំ និងអ្នកដែលបំផ្លិចបំផ្លាញកេសរកូលព្រៃ ដោយបញ្ជាក់ថា ប្រមូលទិញ និងប្រកបអាជីវកម្មនាំចេញទៅឲ្យឈ្មួញបរទេស ថាអាចបង្កឲ្យដាច់ពូជ និងវិនាសបាត់អត្តសញ្ញាណជាតិ។
យោងតាមទំព័រហ្វេសបុកក្រសួងបរិស្ថានកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ផ្សាយដោយស្រង់សម្តីរបស់ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានក្នុងដំណើរទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា កេសរកូលព្រៃ គឺជាធនធានធម្មជាតិដ៏កម្រ ហើយជាកម្មសិទ្ធិរបស់កម្ពុជាដែលចាំបាច់ត្រូវថែរក្សា និងអភិរក្ស។ លោកបន្ថែមថា ក្រសួងបរិស្ថានបានបង្ហាញការព្រួយបារម្ភចំពោះទំហំធំនៃការបាត់បង់ពូជកេសរកូលព្រៃ ឬអ័រគីដេក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ដោយសារឈ្មួញក្នុងស្រុកកំពុងប្រមូលទិញ និងប្រកបអាជីវកម្មនាំចេញទៅឲ្យឈ្មួញបរទេស ថាអាចបង្កឲ្យដាច់ពូជ និងវិនាសបាត់អត្តសញ្ញាណជាតិ។
លោកលើកឡើងថា៖ «ក្រសួងបរិស្ថានសូមប្រកាសពីវិធានការផ្លូវច្បាប់ទៅលើអ្នកធ្វើអាជីវកម្មធំ អ្នកដែលបំផ្លិចបំផ្លាញកេសរកូលព្រៃហើយក្រសួងបរិស្ថានបានព្រមានរួចហើយចំពោះអ្នកដែលធ្វើអាជីវកម្មកេសរកូលព្រៃដែលហួសប្រមាណ ដែលឈានទៅដល់កម្រិតបំផ្លិចបំផ្លាញនេះ»។
Newsroom Cambodia មិនអាចសុំការឆ្លើយតបពីលោក នេត្រ ភក្រ្តា ពាក់ព័ន្ធនឹងព័ត៌មានលម្អិតជុំវិញការនាំចេញកេសរកូលបានទេ។
លើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានដដែលបញ្ជាក់ថា ក្រុមការងារជំនាញបានកំណត់អត្តសញ្ញាណពូជកេសរកូលព្រៃចំនួន ១៧០ប្រភេទ ក្នុងចំណោមពូជកេសរកូលព្រៃដែលត្រូវបានគេប៉ាន់ប្រមាណ មានចន្លោះពី៥០០ ទៅ៧០០ប្រភេទ នៅទូទាំងប្រទេស។
ច្បាប់ស្តីពី តំបន់ការពារធម្មជាតិ មាត្រា៥៩ ត្រង់ចំណុច៣ និង៤ បានចែងថាអ្នកដឹកជញ្ជូន និងប្រមូលអនុផល ធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងប្រមូលសន្និធិផល អនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងត្រូវទទួលការពិន័យអន្តរការ ជាប្រាក់ពី ១លានរៀល ដល់១០លានរៀល ឬត្រូវធ្វើការជួសជុលស្តារការខូចខាត និងរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ។
ចំណែកមាត្រា៦១ ចំណុច៤ បានចែងថា ការកាប់ចងរឹត គាស់រម្លឹង កាប់រំលំ ប្រមូល បំផ្លាញ រុករាន និងធ្វើសន្និធិរុក្ខជាតិដែលកំពុងរងគ្រោះថ្នាក់ ឬមានដោយកម្រ និងជិតផុតពូជដែលបានកំណត់ដោយប្រកាសក្រសួងបរិស្ថាននឹងត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលអាចជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និង/ឬទោសពិន័យជាប្រាក់ពី ១៥លានរៀល ដល់១៥០លានរៀល៕