ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះហើយទើបមានការទាក់ទាញអ្នកវិនិយោគបរទេសជាច្រើន ជាពិសេសប្រទេសចិន។ ចិនមិនមែនវិនិយោគតែវិស័យឧស្សាហកម្មតែមួយមុខទេ គឺអាចនិយាយបានថា សេដ្ឋកិច្ចកម្ពុជាក៏ពឹងផ្អែកយ៉ាងច្រើនលើចិនផងដែរ។ យើងដឹងហើយថា ចិនជាប្រទេសមួយដែលមានលុយច្រើន ប៉ុន្ដែរាល់ការអភិវឌ្ឍ និងភាពរីកចម្រើនបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសបរិស្ថាន។
ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យាតាមបណ្ដាប្រទេសជិតខាង ធ្វើឲ្យប្រទេសកម្ពុជាបានទទួលការវិនិយោគច្រើនពីក្នុង និងក្រៅប្រទេស។ ការវិនិយោគបានធ្វើឲ្យតំបន់ក្នុងក្រុង សម្បូរទៅដោយសំណង់អគារតូចធំប្រណិតៗ ចំណែកតំបន់ជាយក្រុង គេឃើញអ្នកវិនិយោគកំពុងស្វែងរកដីសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ពួកគេ។ មិនថាដីព្រៃ ដីបឹង ដីផ្ទះពលរដ្ឋឡើយ សំខាន់ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ នៅពេលតម្រូវឲ្យមានការកាប់ គឺកាប់ ត្រូវឈូស គឺឈូស ត្រូវលុប គឺលុប ដោយថា ជាការអភិវឌ្ឍរួមក្នុងប្រទេស។
គម្រោងរបស់អ្នកវិនិយោគ បានធ្វើឲ្យដីបឹងនៅតំបន់ជាយក្រុងត្រូវបានលុបជាបន្តបន្ទាប់ ហើយបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ការលុបបឹងនេះផងដែរ បានធ្វើឲ្យកើតមានទឹកជំនន់ក្នុងក្រុង ស្ទះលូ (បិទផ្លូវទឹកហូរចេញ) លិចផ្លូវពិបាកធ្វើដំណើរ ហើយក៏បណ្ដាលឲ្យងាយឆ្លងមេរោគផ្សេងៗដល់ពលរដ្ឋទៀតផង។ លើសពីនេះទៀត ឡានដែលដឹកដី អាចបណ្ដាលឲ្យខូចផ្លូវ និងហុយដីជាដើម។
ចំណែកជីវភាពប្រជាពលរដ្ឋដែលអាស្រ័យទៅលើបឹង មានដូចជាការប្រកបរបរនេសាទត្រី បេះផ្លែឈូក បេះកញ្ឆែត ដកព្រលិត ដើម្បីយកទៅលក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងបំពេញតម្រូវការផ្សេងៗទៀតក៏ត្រូវបាត់បង់ និងមិនអាចរកចំណូលបានដូចមុនឡើយ។
សរុបមក ការលុបបឹងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ទាំងជីវភាព សុខភាព លំនៅដ្ឋាន និងបរិស្ថាន៕