ស្ថានទូតបារាំង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួន ៧៤លានអឺរ៉ូ (ប្រមាណជាង ៩១លានដុល្លារ) ដើម្បីពង្រីកវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។
ការចុះហត្ថលេខាលើអនុសញ្ញា ហិរញ្ញប្បទាន ចំនួនពីរ ធ្វើឡើងដោយ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា។
គម្រោងចំនួនពីរ គឺម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ នេះយោងតាមប្រកាសព័ត៌មានស្ថានទូតបារាំង។
គម្រោងទាំងពីរនោះរួមមាន គម្រោង Rural Infrastructure Development for Camdodia (RID4CAM) នឹងជួយកែលម្អសេវាមូលដ្ឋានសម្រាប់ប្រជាជននៅតាមជនបទ និងចូលរួមចំណែកតភ្ជាប់តំបន់ដាច់ស្រយាល។
ចំណែកកម្មវិធី Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹងបង្កលក្ខណៈងាយស្រួលដល់ពិពិធកម្មវិស័យកសិកម្ម តាម រយៈការគាំទ្រផ្នែកដ៏មានសក្តានុពលទាំងប្រាំ (រួមមានគ្រាប់ស្វាយ ចន្ទី ផ្លែស្វាយ ដំឡូងជ្វា បសុបក្សី និងការដាំដំណាំ)។
រដ្ឋមន្ត្រី ក្រសួងកសិកម្ម លោកវេង សុខុន បានមានប្រសាសន៍ថាការស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់កសិករគឺជារឿងសំខាន់។
«ការផលិតជារឿងម្យ៉ាង ប៉ុន្តែការស្វែងរកទីផ្សារសម្រាប់ពួកគាត់គឺជារឿងកាន់តែសំខាន់ហើយត្រូវធ្វើកិច្ចការច្រើនណាស់ដើម្បី អោយទីផ្សារនេះដំណើរការបានល្អប្រសើរ»។
លោកវេង សុខុន បានបន្តថាហិរញ្ញប្បទានដែលផ្តល់អោយនេះ មានរួមទាំងជំនួយបច្ចេកទេស កសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍយូរអង្វែង៕