ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតថៃ និងកម្ពុជា លោកនាយករដ្ឋមន្រ្តីថៃ បានផ្ញើលិខិតមួយជូនលោកនាយករដ្ឋមន្រ្តីកម្ពុជាដោយលើកឡើងថា ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងកម្ពុជាបានកើនឡើងយ៉ាងលឿនពីប្រមាណ ៣០០លានដុល្លារអាមេរិកកាលពី២០ឆ្នាំមុន ឈានមកជាង៩ ប៊ីលានដុល្លារអាមេរិក (៩ពាន់លាន) នៅឆ្នាំ២០១៩។
ក្នុងលិខិតចុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ចេញផ្សាយដោយខុទ្ទកាល័យនាយករដ្ឋមន្រ្តីវិមានរដ្ឋាភិបាលទីក្រុងបាងកក ដែលជាលិខិតនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ជូនទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ពីប្រមាណ ៣០០ លានដុល្លារអាមេរិកបើគិតចាប់ពី២០ឆ្នាំមុន ហើយកំណើនថវិកាឈានមកជាង៩ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៩។
លោកបន្តថា៖ «ការវិនិយោគរបស់ថៃនៅកម្ពុជា បានកើនឡើងដោយសារបានចូលចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចថៃទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
លោក ឆេង គឹមហុង នាយកវិទ្យាស្ថានកែច្នៃអភិបាលកិច្ច និងប្រជាធិបតេយ្យនៅវិទ្យាស្ថានទស្សនៈអាស៊ីលើកឡើងថា លក្ខណៈភូមិសាស្រ្តរបស់ប្រទេសទាំងពីរ គឺជាប្រទេសដែលជាបងប្អូនផងរបងជាមួយគ្នា ដែលចាំបាច់ត្រូវមានការភ្ជាប់ និងពង្រឹងទំនាក់ទំនងយ៉ាងចាំបាច់បំផុត។ លោកបន្ថែមថា កម្ពុជាមាន ទំនាក់ទំនងផ្នែកនយោបាយ សន្តិសុខព្រំដែន ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្ម ហើយថា ទំនាក់ទំនងពាណិជ្ជកម្មមានសារសំខាន់ជាងគេបង្អស់។
លោកថា៖ «រវាងកម្ពុជានឹងថៃដោយសារតែលំហូពាណិជ្ជកម្ម មែនទែនទៅបានភ្ជាប់ និងការកើនឡើងនឹងវាតាំងពីដើមទសវត្សរ៍ទី៩០ម្ល៉េះ។ ក៏ប៉ុន្តែនៅពេលទន្ទឹមដែលផ្នែកពាណិជ្ជកម្មរវាងថៃនឹងកម្ពុជាកើនឡើង លំហូរវិនិយោគថៃ កម្ពុជាបានធ្លាក់ចុះនៅក្នុងកម្រិតគួរឱ្យកត់សម្គាល់ ដូច្នេះហើយបានជាខ្ញុំគិតថា ពាណិជ្ជកម្មរវាងកម្ពុជានិងថៃមានក្របខណ្ឌ មានភាពចាំបាច់អាចផ្ដល់ចំណេញរៀងៗខ្លួន»។
លោក ឆេង គីមហុង ក៏បានបន្ថែមថា លោកមើលឃើញទំនាក់ទំនងពាណិជ្ជកម្មមួយនេះថា កម្ពុជាអាចទទួលបានផលប្រយោជន៍ច្រើនតាមរយៈការកាត់បន្ថយពន្ធគយសម្រាប់ប្រទេសជាសមាជិកអាស៊ាន។
លោកបញ្ជាក់ថា៖ «កម្ពុជាមិនទាន់មានសមត្ថភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានពេញលេញនៅឡើយទេ ដែលធ្វើឱ្យកម្ពុជា មានផលចំណេញពីប្រទេសថៃ គឺអាចបំពេញនូវតម្រូវការសម្រាប់បម្រើក្នុងវិស័យផ្សេងៗនៅក្នុងស្រុកខ្មែរ ហើយរួមទាំងផ្ដល់ការងារផ្នែកពាក់ព័ន្ធមួយចំនួន ផ្នែកដឹកជញ្ជូន ផ្នែកសេវាកម្មធានារ៉ាប់រងផ្សេងៗ។ ប៉ុន្តែចំពោះផលចំណេញមិនត្រឹមតែកម្ពុជានោះទេ ថៃក៏ទទួលបាន ព្រោះកម្ពុជានាំទំនិញមកពីថៃ ថៃក៏ទទួលបានចំណូលពីការនាំចូលទំនេញពីថៃមកកម្ពុជាដែរ»។
ភាគច្រើននៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ គឺត្បូងមានតម្លៃ គ្រឿងអលង្ការ ផលិតផលវត្ថុធាតុដើមកសិកម្ម និងអាលុយមីញ៉ូម៕