លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះប្រកាសថា កម្ពុជាត្រូវរងចាំរហូតមានការទទួលស្គាល់ជាក់លាក់ពីអង្គការសុខភាពពិភពលោក (WHO) ទើបអាចបញ្ជាទិញវ៉ាក់សាំងពីប្រទេសណាមួយបាន។
លោកនាយករដ្ឋមន្ត្រីប្រកាសដូចនេះក្នុងកិច្ចថ្លែងការណ៍ពិសេសពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ លោកបន្ថែមថា ការទិញវ៉ាក់សាំងកូវីដ១៩យកមកកម្ពុជាមាន៣ច្រក គឺច្រកទី១ តាមរយៈខូវ៉ាក់ (COVAX) ច្រកទី២ តាមរយៈទំនាក់ទំនងជាមួយប្រទេសដៃគូ និងច្រកទី៣គឺតាមរយៈការចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុន។ លោកថា ការទិញវ៉ាក់សាំងពីប្រទេសណាមួយ ត្រូវមានការទទួលស្កាល់ពីអង្គការសុខភាពពិភពលោក ដោយថា កម្ពុជាមិនអាចយកប្រជាជនទៅពិសោធន៍វ៉ាក់សាំងជាដាច់ខាត។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា លោកមិនបានច្រានចោលការបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិនដូចការលើកឡើងមួយចំនួននោះទេ។
លោកថា៖ «អ្នកខ្លះធ្វើអត្ថាធិប្បាយថាលោក ហ៊ុន សែន អត់និយាយដល់វ៉ាក់សាំងចិន ទាត់ចោលវ៉ាក់សាំងចិន ខ្ញុំមិនទាន់ទាត់ចោលទេ។ វ៉ាក់សាំងណាក៏ខ្ញុំអត់ទាន់និយាយដែរ»។
លោកថា៖ «ប្រសិនបើអង្គការសុខភាពពិភពលោកទទួលស្គាល់វ៉ាក់សាំងចិន យើងទិញពីចិន វាក៏ដឹកជញ្ជូនជិត វាមិនក៏ស្រួល?»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា គិតត្រឹមម៉ោង២រសៀលថ្ងៃចន្ទ រាជរដ្ឋាភិបាលកម្ពុជាបានទទួលថវិកាប្រមាណជាង៥៣លានដុល្លារ និងប្រាក់រៀលជាង៩ពាន់លានរៀល ពីសប្បុរសជនដើម្បីទិញវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ១៩ ហើយថា ការចាក់វ៉ាក់សាំងនេះគឺចាក់ដោយមិនយកប្រាក់ និងចាក់ដោយការស្ម័គ្រចិត្ត៕