គ្រឹះស្ថានសិក្សាឯកជន បានបើកដំណើរការឡើងវិញ នៅថ្ងៃច័ន្ទ ទី៤ ខែមករា ឆ្នាំ២០២១នេះ ក្រោយពីបិទរាប់សប្តាហ៍មកហើយដោយសារតែការផ្ទុះឡើងនៃជណងឺកូវីដ១៩ នាចុងឆ្នាំមុន។
ការឆ្លងរាលដាលចូលដល់សហគមន៍នៃជំងឺកូវីដ១៩ ឬដែលរដ្ឋាភិបាលហៅថាជា «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» បានបណ្តាលឲ្យក្រសួងអប់រំ យុវជន និងកីឡា ផ្អាកដំណើរការសាលារៀនមួយរយៈ ដើម្បីការពារសុវត្ថិភាពរបស់សិស្សានុសិស្ស ។ សិស្ស-និស្សិតទាំងអស់ត្រូវបន្តការសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិច ឬប្រព័ន្ធអនឡាញ។
សិស្ សកួច ករុណា រៀនថ្នាក់ទី ១១ បានលើកឡើងថា រៀននៅសាលាល្អជាងរៀនតាមអនឡាញ ព្រោះរៀនតាមអនឡាញ មិនសូវមានពេលសួរនាំគ្រូដូចរៀននៅសាលា ហើយអ៊ីនធើណែតក៏ដាច់ៗមិនសូវច្បាស់។
ចំណែកសិស្សដាវុធ សុវណ្ណារី រៀនថ្នាក់ទី១២ បាននិយាយដូច្នេះថា៖ «មករៀននៅសាលាល្អជាង ព្រោះបានជួបមិត្តភ័ក្រ្ត និងរៀនពីលោកគ្រូអ្នកគ្រូបានច្បាស់លាស់ជាងតាមអនឡាញ»។
សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ នឹងបើកបវេសនកាលឡើងវិញនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១។ នេះបើតាមក្រសួងអប់រំយុវជន និងកីឡា ដែលបានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា បានលើកឡើងថាថ្វីត្បិតតែឲ្យបើកដំណើរការក៏ពិតម៉ែន ប៉ុន្តែសាលាត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។
ចំពោះការប្រើវិធីសាស្ត្រណា ដើម្បីតាមដានការអនុវត្តតាមគោលការណ៍យ៉ាងណានោះ លោកមិនបានឆ្លើយតបនឹងសំណួររបស់ Newsroom Cambodia នោះទេ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកឆ្លងកូវីដ ១៩ បានកើនឡើងដល់ទៅ ១៤នាក់ ហើយរដ្ឋាភិបាល បានអោយបិទស្ថាប័ន និងហាងលក់ទំនិញដែលជាប់ពាក់ព័ន្ធ៕