សាលារាជធានីភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​បើក​ឲ្យ​ប្រើប្រាស់​មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ​​ដែល​​មាន​៥០៤​បន្ទប់ សម្រាប់​​អ្នកដំណើរ​ដែល​ចូល​មក​កម្ពុជា​តាម​រយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

​បើ​តាមការ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​សាលារាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នា​២០២១​នេះ​បញ្ជាក់​ថា​ មណ្ឌល​ចត្តាឡីស័ក​​នេះមានទីតាំងស្ថិតនៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ មានចំនួន៤អគារ និង​មាន​៥០៤បន្ទប់។​ មណ្ឌលចត្តាឡីស័កនេះ​សាងសង់​ឡើង​សម្រាប់តែ​អនុវត្ត​វិធានការ​ចត្តាឡីស័កចំពោះ​អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា​តាម​អាកាសយានដ្ឋាន​អន្តរជាតិភ្នំ​ពេញប៉ុណ្ណោះ។

គ្រែក្នុង​មណ្ឌល​ចត្តាឡីស័ក

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ ដោយ​បាន​ប្រាប់ឲ្យទៅ​មើល​ព័ត៌មាន​បន្ថែមពីប្រភពផ្សេងទៀត។

គួរបញ្ជាក់ដែរថា ស្ថានភាពជំងឺ​កូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា​នៅ​ថ្ងៃពុធ​នេះ មានអ្នកឆ្លងថ្មី ចំនួន​១នាក់​​ជាពលករមកពីប្រទេស​ថៃ។ សរុបអ្នកមានជំងឺ​កូវីដ១៩ មានចំនួន៣៨៣នាក់ (ស្រី១០៥នាក់) ជា​សះ​ស្បើយបាន៣៦២នាក់ (ស្រី ៨៦នាក់) នៅ​សល់​២១នាក់ (ស្រី ១៩នាក់) ទៀត កំពុង​សម្រាក​ព្យាបាល៕​