ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបាននិយាយថា ស្ត្រីមានចំនួនតិចនៅឡើយដែលត្រូវបានតែងតាំងក្នុងមុខតំណែងដឹកនាំ បើទោះបីជាមានការតែងតាំងមួយចំនួននាពេលថ្មីៗនេះក៏ដោយ និងបានជំរុញឱ្យរដ្ឋាភិបាលតែងតាំងស្ត្រីបន្ថែមទៀត ដើម្បីធានាឲ្យបាននូវការផ្តល់សិទ្ធិពេញលេញក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។
គិតត្រឹមឆ្នាំ២០១៨ នៅកម្ពុជាមានមន្ត្រីរាជការជាស្រ្តីចំនួន៤១ភាគរយ ក្នុងចំណោមមន្រ្តីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងស្រ្តីថ្នាក់ដឹកនាំដែលមានតួនាទីចាប់ពីអនុប្រធានការិយាល័យ ដល់អគ្គនាយកមាន២៤ភាគរយ។ នេះបើយោងតាមផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ឆ្នាំ២០១៤ ដល់២០១៨ ដែលបានចេញផ្សាយដោយក្រសួងកិច្ចការនារី។
លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ ប្រាប់ Newsroom Cambodia ថា ការចូលរួមរបស់ស្រ្តីក្នុងវិស័យគោលនយោបាយនៅមានកម្រិត ហើយបានអះអាងថា ស្រ្តីខ្លះបានទទួលអំណាចក៏ពិតមែន ក៏ប៉ុន្តែការសម្រេចចិត្តហាក់ដូចមិនពេញលេញនោះទេ។
«ក្នុងនាមជាអង្គការសីលការ យើងចង់ឃើញ ៥០ភាគរយស្មើគ្នា រវាងបុរស និងស្រ្តីក្នុងតួនាទីថ្នាក់ដឹកនាំ។ហើយជាចំនួនមួយដែលផ្អែកលើមូលដ្ឋានសិទ្ធិ មិនមែនគ្រាន់តែជាចំនួននៃការចង់បានរបស់នរណាម្នាក់ហើយក៏មិនមែនជាចំនួនដែលដាក់គ្រាន់ឲ្យតែសមរម្យទេ»។
លោកស្រីបានបន្ថែមថា វាល្មមដល់ពេលដែលត្រូវបំបែកវប្បធម៌ដែលនិយាយថាស្រ្តីមិនអាចធ្វើអ្វីបាន ឬថាស្រ្តីទោះរៀនដល់ណា ក៏ត្រឹមតែជាប្រពន្ធគេ។
លោកស្រី សេង រាសី បាននិយាយថា រដ្ឋាភិបាលគួរតែរៀបចំថវិកាសម្រាប់់់់់ឧបត្ថម្ភការចូលរួមរបស់សហគមន៍ស្ត្រីផ្សេងៗ ក្នុងការលើកកម្ពស់សិទ្ធិនៃការចូលរួមរបស់គេ ហើយប្រជាពលរដ្ឋ ក៏ត្រូវតែផ្លាស់ប្តូរផ្នត់គំនិតដែលថា ស្រ្តីមិនអាចធ្វើអ្វីបាន។ លោកស្រីបានបន្តថាស្រ្តីខ្លួនឯងផ្ទាល់ ក៏ត្រូវតែប្រាប់ខ្លួនឯងថា យើងមានសុបិន្តច្រើនទៀត ហើយត្រូវតែជឿជាក់លើអ្វីដែលពួកគេចង់ធ្វើ។
លោកស្រី សេង រាសី បានសំណូមពរដល់រដ្ឋាភិបាល និងស្ថានប័នផ្សេងៗទៀត ដូចជារដ្ឋសភា និងព្រឹទ្ធសភា ឲ្យពន្លឿនការតែងតាំងស្រ្តីបន្ថែមក្នងតំណែងថ្នាក់ដឹកនាំ ពីព្រោះថាមានចែងរួចហើយនៅក្នុងច្បាប់ ហើយកម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការសុីដរ ក្នុងការលុបបំបាត់ការរើសអើងចំពោះស្រ្តី។
លោកស្រីនាយិកាក៏បានបញ្ជាក់ថា ច្បាប់ខ្លះគួរតែធ្វើវិសោធនកម្មដើម្បីឲ្យធានាបាននូវការផ្តល់សិទ្ធិពេញលេញដល់ស្រ្តីក្នុងការចូលរួមក្នុងវិស័យតស៊ូមតិ ឬការសម្រេចចិត្តផ្សេងៗក្នុងការរៀបចំគោលនយោបាយ។
«ខ្ញុំគិតថាអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើនេះ វាល្អហើយតែសុំឲ្យលោកនៅតែបន្តសកម្មភាពទាំងនោះក្នុងការជម្រុញ និងធ្វើយ៉ាងណាឲ្យមានការចូលរួមសកម្មពីវត្តមានស្រ្តី។ ហើយអាសំណួរថាស្រ្តីឡើងមកហ្នឹង មានសមត្ថភាព ឬអត់ហ្នឹង វាជាសំណួររើសអើង»។
កញ្ញា អយ ម៉ារីនី មន្ត្រីគម្រោងនៃអង្គការនារីដើម្បីសន្តិភាពបានបង្ហាញការព្រួយបារម្ភចំពោះភាគរយតិចនៃតំណែងរបស់ស្ត្រីក្នុងជួរថ្នាក់ដឹកនាំនយោបាយដែលរដ្ឋាភិបាលបានតែងតាំងរួចមកហើយនេះ។
មន្រ្តីគម្រោងរូបនេះបន្តថាជា៖ «បទពិសោធន៍ការងារ ខ្ញុំឃើញថាមានអភិបាលស្រុកមួយចំនួនអត់ទទួលបានការសម្រេចចិត្តអីទេ តែបែរជាផ្តល់ឲ្យគាត់កាន់តែផ្នែកពិធីការ រៀបចំកម្មវិធីចាត់ចែងរឿងអាហារសម្រន់ ឬទឹកឲ្យភ្លៀវអី ជាដើមវិញ»។
កញ្ញាបានបន្តថាចង់ឃើញឲ្យមាន៥០ភាគរយនៃស្រ្តីក្នុងវិស័យផ្សេងៗ ហើយវាគួរតែមានតម្លាភាពសមភាពយេឌ័រនៅក្នុងការសម្រេចិត្ត មិនមែនគ្រាន់ជាមុខងារដំណែងអមនោះទេ។
កញ្ញា អយ ម៉ារីនី ក៏ចង់ឃើញរដ្ឋាភិបាលបង្កើនឲ្យមានភាគរយស្មើគ្នារវាងបុរស និងស្រ្តីនៅក្នុងជួររដ្ឋាភិបាលផងដែរ ពីព្រោះចំនួនដែលបានបានតែងតាំង នៅតិចណាស់ ហើយចង់ឃើញភាពស្មើគ្នាក្នុងការសម្រេចចិត្តនិងក្នុងភាពជាដៃគូជាមួយបុរស ដោយបានប្រៀបធៀបថាបុរស និងស្រ្តីដូចជាជើងមួយគូអញ្ចឹង។
កញ្ញាបានបញ្ជាក់ថា៖ «យើងចង់ឲ្យមានចឹង ព្រោះថាមានតែស្រ្តីទេ ដែលគាត់ដឹងពីសុខទុក្ខស្រ្តី។ ឧទាហរណ៍ការអនុវត្តគោលនយោបាយអ្វីមួយដែលពាក់ព័ន្ធនឹងស្រ្តី ហើយបើអត់មានចំនួនស្រ្តីចូលរួមចឹង មានបុរសដដែលជាអ្នកសម្រេច ចឹងវាដូចជាការបង្ហាញថាជាការរើសអើងចំពោះស្រ្តី។ មួយទៀត អាការអនុវត្តន៍គោលនយោបាយ ឬការសម្រេចចិត្តអីមួយដែលពាក់ព័ន្ធនឹងស្រ្តីចឹង វាអាចប៉ះពាល់ដល់ស្រ្តី ព្រោះវាអត់មានវត្តមានស្រ្តី»។
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីគម្រោងរូបនេះក៏បាននិយាយដែរថា៖ «ពួកយើងសប្បាយចិត្តចំពោះការវិវត្តនូវរបត់ថ្មី ក៏ប៉ុន្តែពួកយើងចង់ឃើញតំណែងហ្នឹងមិនមែនគ្រាន់តែមានៗទេ»។
កញ្ញាបានសង្កត់ថាជាដំបូងទោះបីជាវាមិនបាន៥០ភាគរយ ស្មើនឹងបុរសក៏ដោយ ក៏ប៉ុន្តែយ៉ាងហោចណាស់ក៏បានត្រឹម៣០ភាគរយដែរ ហើយ៣០ភាគរយហ្នឹង ពុំមែនគ្រាន់តែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលគាត់ត្រូវធានាឲ្យបានថាចំនួនស្ត្រីដែលចូលរួមហ្នឹងគាត់មានសិទ្ធិពេញលេញក្នុងការអនុវត្តន៍សិទ្ធិរបស់គាត់ ហើយតំណែងហ្នឹងត្រូវតែស្មើមុខនឹងបុរស។
កញ្ញាអយ ម៉ារីនី បានបន្តថា ស្រ្តីធើ្វការក្នុងភាពជាដៃគូ ពុំមែនជាតំណែងអមទេ ឧទាហរណ៍ថាឲ្យតំណែងគាត់ជាអនុប្រធានអីចឹង តែការងារគាត់បែរជាទៅធ្វើជាអ្នកចាត់ចែងរឿងអាហារសម្រន់អីចឹង ឯការសម្រេចចិត្តរឿងគោលនយោបាយ បែរនៅតែជាបុរសដដែល។
សម្រាប់លោកស្រី បុណ្យ រចនា នាយិកាប្រតិបត្តិអង្គការក្លាហានបានប្រាប់ Newsrooom Cambodia ថា «យើងតែងតែសាទរចំពោះការតែងតាំងតួនាទីស្រ្តីក្នុងជួរអ្នកដឹកនាំហើយយើងចាត់ទុកថាវាជាជំហានវិជ្ជមានមួយដែលរដ្ឋាភិបាលកំពុងតែធ្វើក៏ប៉ុន្តែយើងនៅមើលឃើញថាវានៅមានភាពខ្វះចន្លោះនៅឡើយ។»
លោកស្រី បុណ្យ រចនាបាននិយាយថាការវិវត្តទៅមុខនៃការអនុវត្តន៍គោលនយោបាយនេះហាក់នៅមានជំហានយឺតនៅឡើយ ហើយការតែងតាំងតួនាទីស្រ្តីបង្ហាញពីជំហានវិជ្ជមានក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើមិនមានការកែកំណែរទម្រង់ដើម្បីសម្រួលរចនាសម្ព័ន្ធនៃប្រព័ន្ធរដ្ឋបាលគ្រប់គ្រងទេ វត្តមានរបស់ស្រ្តីនៅក្នុងការដឹកនាំហ្នឹង ក៏មិនទទួលបានសិទ្ធិពេញលេញនោះដែរ។
លោកស្រីបាននិយាយថាវត្តមានរបស់ស្រ្តីនិយាយរួមទៅ នៅមិនទាន់បានគ្រប់គ្រាន់នៅឡើយទេនៅតាមគ្រប់ស្ថាប័ន ហើយបានចោទសួរថាតើមានតំណាងស្រ្តីជនជាតិភាគតិចប៉ុន្មាននាក់នៅក្នុងជួររដ្ឋាភិបាល ដែលកាន់តួរនាទីជាអ្នកដឹកនាំ មានសិទ្ធិធ្វើសេចក្តីសម្រេចចិត្ត។
លោកស្រីបានបញ្ជាក់ថា «អាហ្នឹងរឹតតែតិចទៀត ហើយចុះតំណាងស្រ្តីឥស្លាម និងស្រ្តីដែលគាត់ស្រលាញ់ភេទដូចគ្នា ចឹងបើយើងមើលទៅដល់ចំណុចតូចៗទាំងអស់ហ្នឹងទៀត នោះភាពជាអ្នកដំណាងហ្នឹង វាកាន់តែតិចតួចស្តួចស្តើងមែនទែន»។
នាយិការូបនេះបន្តថា ទោះបីជាយើងឃើញមានជំហានវិជ្ជមានដែលធ្វើឡើងដោយរដ្ឋាភិបាលក្នុងការតែងតាំងស្រ្តីមួយចំនួនតូចឲ្យបានកាន់តួនាទីជាអភិបាលខេត្តចំនួន០២ក៏ដោយ ជាចំនួនអត់ទាន់គ្រប់គ្រាន់នៅឡើយទេ ពីព្រោះខេត្ត ក្រុងនៅកម្ពុជា មានដល់ទៅ២៥។
«យើងចង់ឃើញថារដ្ឋាភិបាលបង្កើនឲ្យមានសមភាពយេឌ័រពិតប្រាកដនៅសង្គមដើម្បីបង្ហាញអំពីតួរនាទីដោយស្មើមុខ ទាំងនៅលើក្រដាស និងខាងក្រៅ»។
លោកប៉ិច ពិសី នាយកកម្មវិធីជាន់ខ្ពស់អង្គការតម្លាភាពកម្ពុជាបានប្រាប់ Newsrooom Cambodia ថាលោកយល់ឃើញថាចំនួនតំណាងស្រ្តីនៅតាមវិស័យដឹកនាំតាមស្ថានប័នរដ្ឋ ឬស្ថានប័នអង្គការសង្គមសុីវិលនៅមានកម្រិត និងតិចនៅឡើយ ជាពិសេសក្នុងវិស័យនយោបាយ ដូចជាព្រឹទ្ធិសភា និងរដ្ឋសភា កាន់តែតិច។
លោកប៉ិច ពិសី បានអះអាងថាតំណែងរបស់ស្រ្តីខ្លះដែលមានហ្នឹងទៀត ក៏មិនមែនជាតំណែងដែលអាចសម្រេចចិត្តក្នុងបញ្ហានយោបាយនោះទេ ហើយវាជាឧសគ្គសម្រាប់កម្ពុជាដែលមានភាគរយស្រ្តីលើសពីចំនួនបុរស។
«ខ្ញុំគិតថាល្អបំផុត យើងបង្កើតកូតា ចឹងឧទាហរណ៍ថានៅក្នុងសភាត្រូវតែកំណត់តែម្តងថាគួរតែមានស្រ្តីចំនួនប៉ុន្មាន ហើយបើយើងមិនកំណត់កូតាទេ ហើយយើងបណ្តោយឲ្យតាមមានការប្រកួតប្រជែង។ រូបខ្ញុំគិតថាដោយសារកម្រិតនៃការរើសអើង កម្រិតនៃការឲ្យតម្លៃស្រ្តីហ្នឹងនៅទាប ចឹងយើងឃើញការដឹកនាំនិងការជ្រើសរើសស្រ្តីចូលកាន់ដំណែងហ្នឹងនៅតែតិចចឹង»។
លោកបានបន្ថែមថាជាយុទ្ធសាស្រ្តល្អជាងគេគឺរដ្ឋាភិបាលត្រូវតែបង្កើតកូតាតែម្តងនៅក្នុងជួរដឹកនាំក្រសួងពោលរដ្ឋាភិបាលត្រូវកំណត់ថាតំណែងរដ្ឋមន្រ្តីទាំងអស់មានស្រ្តីប៉ុន្មាន ហើយតំណែងនៅក្នុងក្រសួងទៀតសោតរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ហើយអគ្គនាយកដ្ឋានត្រូវមានប្រុសប៉ុន្មាន ស្រីប៉ុន្មានដើម្បីអាចផ្តល់ឱកាសឲ្យស្រី្តចូលរួមឲ្យេកាន់តែច្រើន។
លោកបានបញ្ជាក់ថាវាជាបញ្ហានៅពេលដែលស្រ្តីដែលមានតំណែងជាថ្នាក់ដឹកនាំ តែបែរជាពួកគាត់មិនមានសិទ្ធិក្នុងការសម្រេចចិត្តលើរឿងនយោបាយ តែបែរជាឲ្យពួកគាត់ធ្វើតែការងាររដ្ឋបាល ឬគ្រប់គ្រងការផ្នែកភស្តុភារ ឬរបៀបវារៈទៅវិញ។
លោកសុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ Newsrooom Cambodia ថា ប្រសិនបើរាប់តាមភាគរយនៃការតែងតាំងអភិបាលខេត្ត វាឃើញថាតិចមែន ក៏ប៉ុន្តែបើមើលទៅមន្រ្តីថ្នាក់ក្រោមតាមក្រសួងផ្សេងៗ ឬនៅស្ថាប័នព្រឹទ្ធិសភា រដ្ឋសភា និងថ្នាក់ក្រោមៗទៀត មានអាត្រាខ្ពស់គួរសមដែរ។
ឆ្លើយតបនឹងចំនួនភាគរយតិចនៅក្នុងស្ថាប័ននិតីប្រតិបត្តិ និងរដ្ឋសភា លោកបាននិយាយថា «ធ្វើអីក៏មិនត្រូវចិត្តអស់លោកហ្នឹងដែរ ស្រុកយើងហ្នឹង។ រាជរដ្ឋាភិបាលក៏ដូចជាគណបក្សកម្ពុជាមិនធ្វើការតម្រូវចិត្តអស់លោកហ្នឹងទេ និយាយឲ្យឆាប់ចប់ យើងធ្វើឆ្វេង ពួកគេនិយាយស្តាំ យើងធ្វើស្តាំគាត់ថាឆ្វេង»។
«ចឹងយើងមិនធ្វើតម្រូវចិត្តអស់លោកហ្នឹងទេ យើងធ្វើទៅតាមកម្មវិធីនយោបាយរបស់គណបក្សដែលជាគណបក្សឈ្នះឆ្នោត»។
ទោះបីយ៉ាងណាក៏ដោយ លោកសុខ ឥសាន្ តបានបញ្ជាក់ថាបានកសាងធនធានមនុស្ស ត្រូវមើលទៅលើសមត្ថភាព និងគុណភាព មិនយកតែចំនួនតាមអង្គការ សង្គមស៊ីវិលចង់បាននោះទេ។
«បើមិនជឿ យើងសាកដាក់ ឬរត់តាមពួកដែលចង់បាន ប្រហែលពួកហ្នឹងរិះគន់ថាឯងដាក់ពាសវាលពាសកាលទៀតហើយ។ បើស្រ្តីគាត់មានសមត្ថភាព អាហ្នឹងយើងគណបក្សកម្ពុជា និងរដ្ឋាភិបាលនឹងតែងតាំងគាត់»៕