ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថ្ងៃចន្ទនេះថា គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញមានករណីជាសះស្បើយពីជំងឺកូវីដ១៩ចំនួន១នាក់ និងមិនមានអ្នកឆ្លងថ្មី ព្រមទាំងបានរកឃើញបុរសខ្មែរ-អាមេរិកាំងម្នាក់ដែលបានរត់គេចពីកន្លែងធ្វើចត្តាឡីស័កមកវិញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះបញ្ជាក់ថា ស្រ្តីជាជនជាតិខ្មែរ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ដអវិជ្ជមានជំងឺកូវីដ១៩ ចំនួន០២លើក។ សេចក្តីប្រកាសដដែលបន្ថែមថា ក្រោយការព្យាបាលជាសះស្បើយ ស្រ្តីរូបនោះត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យបង្អែកខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
ចំំណែកកាលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នៅសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមការផ្សាយរបស់ទូរទស្សន៍ជាតិទទក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះបញ្ជាក់ថា អាជ្ញាធរបានរកឃើញបុរសដែលរួចរត់ពីចត្តាឡីស័កនោះមកវិញនៅរសៀលថ្ងៃទី១៧ ខែមករា នៅសណ្ឋាគារមួយ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយរកឃើញ មន្ត្រីជំនាញសុខាភិបាល បានបញ្ជូនបុរសនោះទៅមណ្ឌលចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ និងយកសំណាកបុរសនេះទៅពិនិត្យភ្លាមៗ ហើយបន្តដាក់ឲ្យធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។
គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៣៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៣៨៦ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៥៣នាក់៕