ក្រុមសង្គមស៊ីវិល កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បាទទូចឱ្យរដ្ឋាភិបាលពន្លឿន ក្នុងការស៊ើបអង្កេត ទៅលើករណីឃាតកម្មចំពោះលោក ជា វិជ្ជា ឱ្យបានឆាប់រហ័ស ក្នុងឱកាសរំលឹកខួប១៧ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្រុមសង្គមស៊ីវិលមួយចំនួនដែលរួមមានសហជីព អង្គការសង់ត្រាល់ និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បានទៅគោរពវិញ្ញាណក្ខ័ន្ធ នៅរូបសំណាករបស់លោក ជា វិជ្ជា នាសួនច្បារមុខវត្តលង្ការ រាជធានីភ្នំពេញ។
ក្រុមសង្គមស៊ីវិលទាំងនោះលើកឡើងថា កន្លងមករដ្ឋាភិបាលបានបង្កើតគណៈកម្មការសើបអង្កេតទៅលើលករណីទាំងនេះ ក៏ប៉ុន្តែពុំមានលទ្ធផលអ្វីនោះឡើយ។ នេះយោងតាមសេចក្ដីថ្លែងការរួមមួយនៅលើទំព័រហ្វេសប៊ុក សង់ត្រាល់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។
ពួកគេក៏បានទទូចឱ្យរដ្ឋាភិបាលពន្លឿនការស៊ើបអង្គេតទៅលើករណីទាំងនេះ ដោយបានលើកឡើងថា ការស៊ើបអង្កេតលើឃាតកម្មនេះ ហាក់ដូចជាមិនទទួលបានលទ្ធផលអ្វីទាល់តែសោះ។
លោកស្រីចក់ សុភាព នាយិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី២២ ខែមករា តាមទូរស័ព្ទថា ករណីឃាតកម្មលើលោក ជា វិជ្ជា នេះអស់រយៈពេល១៧ឆ្នាំមកហើយ ប៉ុន្តែមិនទាន់ឃើញមានភាពយុត្តិធម៌ណាមួយនោះទេ។ លោកស្រីថា បើទោះបីជាកន្លងមកធ្លាប់ត្រូវចាប់ខ្លួនជនសង្ស័យពីរនាក់មកហើយក៏ដោយ តែត្រូវបានទម្លាក់បទចោទឡើងវិញ។
លោកស្រីបន្ថែមដោយទាមទារឱ្យរដ្ឋាភិបាលបង្ហាញការប្ដេជ្ញាចិត្ត ហើយធានាថា ករណីឃាតកម្មលើលោក ជា វិជ្ជា ត្រូវតែទទួលបានយុត្តិធម៌ ប៉ុន្តែលោកស្រីបានបង្ហាញការអស់សង្ឃឹមថា ការទាមទារ ឬការទទូចរបស់សង្គមស៊ីវិលនមកលើ ករណីលោក ជា វិជ្ជា ឬសកម្មជនដទៃទៀតកន្លងមក ហាក់ដូចជាមិនមានក្ដីសង្ឃឹមនោះទេ។
លោកស្រីថា៖ «ចឹងហើយ គឺទាមទារឱ្យរដ្ឋាភិបាលត្រូវបង្ហាញនូវការប្ដេជ្ជាចិត្តក្នុងការធានាថា ករណីលោកជា វិជ្ជា នេះត្រូវបានទទួលដោយយុត្តិធម៌ ប៉ុន្តែខ្ញុំគិតថា ការអំពាវនាវនេះ ឬក៏ការរំពឹងថានឹងមានយុត្តិធម៌ករណីលោកជា វិជ្ជា និងសកម្មជនដទៃទៀតនោះ ប្រហែលជាពិបាកមែនទែន ក្ដីសង្ឃឹមមួយដែលពិបាកមែនទែន យើងដឹងមកហើយថាករណីលើលោកជា វិជ្ជា លោកឈុត វុទ្ធី និងលោកកែម ឡី យើងឃើញថានៅហ្នឹង មិនមានការវិវត្តណាមួយដោយយុត្តិធម៌នោះទេ»។
លោកស្រីលើកឡើងដោយបង្ហាញសោកស្ដាយជាខ្លាំងថា បើគិតលើករណីមួយផ្សេងទៀតចំពោះសកម្មជនគណបក្សជំទាស់វិញ បើសិនជាមានការប្រព្រឹត្តអ្វីណាមួយខុស ខាងរដ្ឋាភិបាលហាក់ដូចជាបង្ហាញសកម្មភាពតាមចាប់ខ្លួនបានយ៉ាងលឿន ហើយមានប្រសិទ្ធភាពទៅទៀត រហូតដល់អ្នកខ្លះត្រូវបានចាប់ខ្លួនទាំងយប់ក៏មាន។ លោកស្រីថា បើគិតទៅលើការកាត់ក្ដី ឬការស៊ើបសួរវិញ បើទោះបីជាចំថ្ងៃសៅរ៍ អាទិត្យក៏ដោយ ក៏តុលាការនៅតែបន្តធ្វើការ ទាំងនេះហើយដែលធ្វើឱ្យសំណួរជាច្រើនពីសាធារណៈជនចេះតែបន្តកើតមាន។
លោកស្រីបានបន្តថា រឿងស៊ើបអង្កេតរកយុត្តិធម៌ ជូន លោកជា វិជ្ជានេះ វាជារឿងរបស់តុលាការ ហើយជាទំនួលខុសត្រូវដែលរដ្ឋត្រូវតែយកចិត្តទុកដាក់ខ្ពស់។ អ្នកស្រីថា យើងមិនអាចច្រានចោលនោះទេចំពោះការទទូច ឬការស្នើសុំពីក្រុមស៊ីវិលសម្រាប់ការពន្លឿនរឿងក្ដីមួយនេះ។
លោកស្រីថា៖ «ខ្ញុំគិតថាកន្លងមកខ្ញុំឃើញថា មានការទទូច ការស្នើ ហើយមានការបើកឱ្យមានការសហការជាច្រើន នៅពេលដែលមានករណីឃាតកម្ម ប៉ុន្តែយើងឃើញថា ការសហការរបស់អាជ្ជាធរច្រើនតែមិនសូវមានជំហនោះទេ អ៊ីចឹងកន្លែងនេះ ខ្ញុំនៅតែផ្ដោតសំខាន់មែនទែន ការទទួលខុសត្រូវរបស់រដ្ឋា ស្ថាប័នរដ្ឋ ហើយនឹងអាជ្ជាធរមានសមត្ថកិច្ចលើករណីនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនពួកគាត់»។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបនឹងការទទូចរបស់ក្រុមសង្គមស៊ីវិលថា សំណុំរឿងនេះមិនទាន់ត្រូវបានបញ្ចប់នោះទេ ហើយតុលាការក៏បន្តការស៊ើបអង្កេតផងដែរ។ លោកថា គ្រាន់តែរឿងទាំងនេះមិនទាន់បានរកឃើញជនដៃដល់តែប៉ុណ្ណោះ ហើយលោកថា រឿងនេះនៅតែបន្តរហូតដល់ចាប់ជនដៃដល់បាន។
លោកថា៖ «មែនទែនសំណុំរឿងនេះគេមិនទាន់បានបិទបញ្ចប់ឯណា ភាគីនៅតែបន្តស៊ើបអង្កេត ហើយតុលាការនៅតែបន្ត គ្រាន់តែមកដល់ពេលនេះយើងមិនទាន់រកជនដៃដល់មិនទាន់បាន ចាប់វាមិនទាន់បាន។ អ៊ីចឹងសំណុំរឿងនេះនៅតែបន្តនីតីវិធីរហូតដល់ចាប់ជនដៃដល់បាន»។
លោកបន្តថា រឿងក្ដីនេះយើងមិនអាចកំណត់បាននោះទេ ចំពោះការស៊ើបអង្កេត លោកបានប្រៀបធៀបជាមួយនឹងករណីប្រទេសមួយចំនួនក៏គេពិបាករកដែរ រឿងខ្លះត្រូវចំណាយពេលច្រើនឆ្នាំទម្រាំអាចចាប់ជនដៃដល់បាន ដូច្នេះរឿងនេះក៏ដូចគ្នាត្រូវការចំណាយពេលក្នុងការតាមដាន ហើយលោកថា តុលាការនៅតែបន្តស៊ើបអង្កេតមិនទាន់ចប់ទេ។
លោកជា វិជ្ជា គឺជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី ២២ មករា ឆ្នាំ២០០៤ នៅតូបលក់កាសែតមួយកន្លែង ដែលនៅជាប់នឹងរបងវត្តលង្កា។ ក្រោយការបាញ់សម្លាប់លោកជា វិជ្ជា សម្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ២នាក់ គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ក្រោយការស៊ើបអង្កេត អ្នកទាំងពីរមិនបានជាប់ពាក់ព័ន្ធ នឹងករណីឃាតកម្មលើលោក ជា វិជ្ជា ហើយអ្នកទាំងពីរត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ ក្រោយការឃុំខ្លួននៅពន្ធនាគារព្រៃសរ មួយរយៈ៕