អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងត្រូវចប់អាណត្តិរបស់ខ្លួននៅកម្ពុជា នាខែឧសភា ឆ្នាំ២០២១ខាងមុខ។ នេះបើតាមសារដែលលោកស្រីបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកស្រី។
បើតាមទំព័រហ្វេសប៊ុកផ្ទាល់របស់លោកស្រី រ៉ូណា ស្មីត ផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១បង្ហាញថា នៅពេលដែលលោកស្រី រ៉ូណា ស្មីត បញ្ចប់អាណត្តិជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីអំពីសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ ២០២១នេះ នោះនឹងមានបេក្ខជន៣រូបដែលនឹងត្រូវជ្រើសរើសជំនួស។
ទំព័រហ្វេសបុកដដែលបន្ថែមថា សមាសភាពបេជ្ខជន៣រូបដែលនឹងត្រូវជ្រើសរើសមួយដើម្បីមកជំនួសដំណែងអ្នកស្រីរួមមាន លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) (ថៃ) លោកស្រី អ៊ួរមីឡា ប៊ុលឡា (Urmila BHOOLA) (អាហ្វ្រិកខាងត្បូង) លោកស្រី ខាធឺរីន មួររីស (Catherine MORRIS) (កាណាដា)។
ទំព័រហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «បច្ចុប្បន្នអនុសាសន៍នេះបានដល់ដៃប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សហើយៗកំពុងពិគ្រោះយោបល់ជាមួយក្រុមរដ្ឋក្នុងតំបន់ ដើម្បីស្វែងរកមតិគាំទ្រជាឯកច្ឆន្ទៈ។ នៅចុងខែមីនាខាងមុខនេះ ក្រុមប្រឹក្សានឹងសម្រេចប្រកាសឈ្មោះអ្នកដែលត្រូវបានតែងតាំង។ បុគ្គលនោះនឹងត្រូវចូលកាន់មុខតំណែងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១»។
គួរបញ្ជាក់ថា លោក វិទិត ម៉ុនតារបន ជាសាស្រ្តាចារ្យច្បាប់អន្តរជាតិនៅសាកលវិទ្យាល័យចូឡាឡុងកន និងជាអតីតនិស្សិតច្បាប់ពីសាកលវិទ្យាល័យ Oxford University ហើយលោកក៏ជាអតីតអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិដំបូងដែលធ្វើការលើបញ្ហាហិង្សា និង ការរើសអើងនិន្នាការភេទ និងការកំណត់យេនឌ័រនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
លោកស្រី អ៊ួរមីឡា ប៊ុលឡា ជាមេធាវីអាហ្រ្វិកខាងត្បូងដែលធ្វើការបង្កើនឲ្យមានសិទ្ធិមនុស្ស និងបញ្ឈប់ការរៀបការទាំងវ័យក្មេង និងការលុបបំបាត់ទម្រង់ទាសភាព ហើយក៏ជាអតីតអយ្យការប្រចាំតុលាការអាហ្វ្រិកខាងត្បូង និងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំអាហ្វ្រិកខាងត្បូង។
លោកស្រី ខាធឺរីន មួររីស ជានិស្សិតអនុបណ្ឌិតផ្នែកច្បាប់ពីសាកលវិទ្យាល័យ British Columbia Canada ក្រោមប្រធានបទសារណា ជម្លោះសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ លោកស្រីក៏ជាសាស្រ្តចារ្យបង្រៀនសិទ្ធិមនុស្សអន្តរជាតិនៅសាកលវិទ្យាល័យ Victoria Faculty of Law ពីឆ្នាំ ២០០៤ដល់២០០៥៕