អ្នកស្រី ឈួន តូច រស់នៅភូមិវត្តលៀប ឃុំចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានមុខរបរជាអ្នកដើរទិញនិងរើសអេតចាយសម្រាប់ផ្គត់ផ្គង់កូន៧នាក់។ អ្នកស្រីមិនបានខ្លាចការនឿយហត់ដែលកើតចេញពីមុខរបរដែលត្រូវដើរហាលថ្ងៃហាលភ្លៀងពីភូមិមួយទៅភូមិមួយទេ ប៉ុន្តែអ្វីដែលអ្នកស្រីខ្លាចនិងបារម្ភបំផុតនៅពេលនេះ គឺកូនប្រុសវ័យ២៨ឆ្នាំរបស់គាត់ដែលបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល៣ឆ្នាំមកហើយ។
ករណីប្រើប្រាស់គ្រឿងញៀនមិនមែនកើតទៅលើតែកូនប្រុសរបស់អ្នកស្រី ឈួន តូច តែម្នាក់នោះទេ គ្រួសារខ្លះដែលរស់នៅក្នុងភូមិវត្តលៀប ឃុំចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក៏កំពុងជួបប្រទះនិងប្រឈមនឹងបញ្ហានេះដូចគ្នា។ អ្នកខ្លះត្រូវគេចចេញពីផ្ទះ ដោយសារតែសមាជិកគ្រួសាររបស់ខ្លួនដែលប្រើប្រាស់គ្រឿងញៀន ធ្វើទុក្ខបុកម្នេញ គំរាម និងប្រើហិង្សាមកលើខ្លួន ខណៈគ្រួសារខ្លះទៀតត្រូវបាត់បង់សម្ភារ ដោយសារកូនយកទៅលក់ឬបញ្ចាំដើម្បីបានលុយទិញគ្រឿងញៀន។