ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រកាសឲ្យអនុវត្តការប្រើប្រព័ន្ធបច្ចេកវិទ្យា QR Code ទប់ស្កាត់កូវីដ១៩ (Stop Covid-19) ដល់សាធារណៈជន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២០ ខែកុម្ភៈនេះបានឲ្យដឹងថា ក្រសួងបានរៀបចំប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ១៩ (Stop Covid-19)» ដែលសាធារណៈជនចំបាច់ត្រូវស្គេន QR Code នៅពេលធ្វើដំណើរចេញ-ចូលទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត ខុនដូ ក្រុមហ៊ុន រោងចក្រ សហគ្រាសជាដើម ដែលមានមនុស្សចេញ-ចូលច្រើន។
ប្រព័ន្ធនេះនឹងជួយកត់ត្រាទុកទីតាំងរបស់បុគ្គលដែលបានចេញ-ចូល និងអាចសម្រួលក្នុងការតាមស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ ឬប៉ះពាល់ ប្រសិនបើទីតាំងនោះមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩។ ក្នុងលិខិតនោះក៏បានបញ្ជាក់ថា ប្រព័ន្ធ QR Code នេះមិនមានការតាមដានឯកជនភាពរបស់បុគ្គលឡើយ។
ក្នុងសេចក្តីប្រកាសនោះបញ្ជាក់តាមន័យដើមថា៖ «គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមណែនាំដល់ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានការជួបជុំមនុស្សច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ១៩ (Stop Covid-19)» សូមចូលទៅក្នុងគេហទំព័រ stopcovid.gov.kh រួចចុចលើពាក្យ ស្នើសុំ QR Code រួចចុច download យកមួយសន្លឹកទៅព្រីន និងបិទនៅមុខទីកន្លែងចេញ-ចូលរបស់ខ្លួន»។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧:០០នាទីព្រឹក នាថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២១ នេះបានឲ្យដឹងមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន៦៥នាក់ និងមានអ្នកជាសះស្បើយចំនួន០១នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី០៧នាក់ទៀតហើយរួមទាំងករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន៥៨នាក់ទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ អ្នកជំងឺចំនួន៥៨នាក់ខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណៈជនអំពីការវិវត្តនៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុកនិងគេហទំព័ររបស់ក្រសួង www.moh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ឬអាចទាក់ទងតាមលេខទូរស័ព្ទរបស់ក្រសួងផ្ទាល់ ១១៥ ដោយឥតគិតថ្លៃ៕